យីហោសម្លៀកបំពាក់ធំៗ សន្យាតម្លើងប្រាក់ឈ្នួលអប្បបរិមា ឲ្យកម្មករកម្ពុជា
ក្រុមកម្មករដែលបានធ្វើការតស៊ូទារមទារ ឲ្យតម្លើងប្រាក់ឈ្នួលអប្បបរិមា ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់កម្ពុជានោះ បានទទួលនូវការគាំទ្រពីសំណាក់ភាគីបញ្ជាទិញ ជាពិសេសពីសំណាក់ យីហោសម្លៀកបំពាក់ធំៗល្បីៗ ដូចជា Zara, H&M, Next និង New Look បន្ទាប់ពីពួកគេបានសន្យាថា នឹងដាក់ទម្ងន់ទៅលើការបញ្ជាទិញ ដើម្បីធ្វើឲ្យមានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ កម្មការិនី។
នៅក្នុងលិខិតមួយចុះថ្ងៃទី១៨ ខែកញ្ញានេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងទៅកាន់សមាគមរោងចក្រកាត់ដេរកម្ពុជា (តំណាងឲ្យភាគីថៅកែរោងចក្រ) ក្រុមយីហោធំៗទាំងនោះ បាននិយាយថា បានត្រៀមខ្លួនរួចជាស្រេច ថានឹងហ៊ានចំណាយថ្លៃបន្ថែមទៀត ទៅលើផលិតផលបញ្ជាទិញពីកម្ពុជា។
ចម្លើយឆ្លើយតបរបស់យីហោបញ្ជាទិញសម្លៀកបំពាក់ទាំងនេះ បានធ្លាក់មកដល់តែមួយថ្ងៃ បន្ទាប់ពីយុទ្ធនាការមួយ ត្រូវបានធ្វើឡើងពាសពេញពិភពលោក ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួល ដ៏តិចតួចស្ដួចស្ដើង [...]