គំនិតវិជ្ជមាន ៖ ប្រភេទ និយមន័យ ឧបសគ្គ និងភាពជោគជ័យ

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: April 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

១. គំនិតមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
២. ដូចម្តេចដែលហៅថា គំនិតបែបវិជ្ជមាន?
៣. ហេតុអ្វីចាំបាច់គិតបែបវិជ្ជមាន?
៤. ធ្វើដូចម្តេចដើម្បីក្លាយជាអ្នកគិតវិជ្ជមាន?
៥. អ្វីខ្លះដែលជាឧបសគ្គនៃគំនិតវិជ្ជមាន?
៦. ធ្វើដូចម្តេចដើម្បីជំនះឧបសគ្គនេះឲ្យបានជោគជ័យ?

សុខភាពផ្លូវចិត្ត ពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ។ បុគ្គលដែលមានរូបរាងមាំមួន មិនទាន់ ប្រាកដថា ជាមនុស្សដែលប្រកប ទៅដោយសុខភាពល្អនោះឡើយ។ យ៉ាងណាមិញ បុគ្គលដែលមាន រូបរាងស្គមស្គាំង មិនប្រាកដគ្មានឱកាស វិលទៅរកសភាពរឹងមាំ ផ្នែករាងកាយនោះដែរ បើសិនជាគេមានកម្លាំងចិត្តរឹងមាំ ហើយនោះ។

  • តើអ្វីទៅជាកត្តាជម្រុញឲ្យលោកអ្នកមានកម្លាំងចិត្តរឹងមាំបាន?
  • តើគំនិតវិជ្ជមាន មានទំនាក់ទំនងគ្នាបែបណាខ្លះ ជាមួយនឹងសុខភាពកាយ ចិត្តរបស់លោកអ្នក?
  • តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យលោកអ្នក នៅតែមានគំនិតវិជ្ជមានជានិច្ច?

តទៅនេះយើងខ្ញុំសូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការស្រាវជ្រាវ ជាបន្តបន្ទាប់ដូចខាងក្រោមនេះ៖

ក.ប្រភេទគំនិត៖

គំនិតមនុស្សត្រូវបានបែងចែកជាបីប្រភេទ គឺ៖

១. គំនិតវិជ្ជមាន៖

ជាការយល់ឃើញ អ្វីមួយក្នុងផ្លូវល្អ ក្នុងផ្លូវក្តីសង្ឃឹមទៅរកភាពប្រសើរ។ ឧទាហរណ៍ យើងមិនបានគិតថា ខ្លួនឯងឬអ្នកដទៃអន់ ឬគ្មានឱកាស ។ យើងបានគិតថា រាល់បញ្ហា សុទ្ធតែកើតចេញពីមូលហេតុ រាល់បញ្ហាសុទ្ធតែមាន ដំណោះស្រាយរបស់វា អ្នកប្រព្រឹត្តល្អ នឹងទទួលផលល្អអ្នកដែលប្រឹងប្រែង នឹងទទួលបានផ្លែផ្កា។ មនុស្សដែល ខ្ជិលច្រអូស អាចនឹងត្រូវបានផ្លាស់ប្តូរ ទៅរកភាពឧស្សាហ៍ព្យាយាម នៅថ្ងៃណាមួយមិនខាន តាមរយៈការអប់រំដិតដល់ របស់យើងទាំងអស់គ្នា។ យើង គិតថាជោគជ័យ គឺការប្រកាន់យកនូវយុទ្ធសាស្ត្រ «ឈ្នះ ឈ្នះ»។ បើយើងចង់រីកចម្រើន គឺត្រូវតែឲ្យអ្នកដទៃមានការរីកចម្រើនផង ទើបជាភាពជោគជ័យពិតប្រាកដ។ មនុស្សយើង ម្នាក់ៗ គឺសុទ្ធតែមានឱកាស កែប្រែ ទៅរកភាពល្អប្រសើរបានដូចគ្នា។ ឃ្លាប្រយោគ ដែលមនុស្សមានគំនិត វិជ្ជមានច្រើនប្រើ គឺវានឹងកើតមានឡើង។

២. គំនិតប្រាកដនិយម៖

ជាការយល់ឃើញពិភពលោក តាមផ្លូវបែបវិទ្យាសាស្ត្រ។ ឧទារណ៍ មានរូប គឺមានទុក្ខ។ សុខនិងទុក្ខ គឺជាគូនឹងគ្នា។ ចង់បំបាត់ភាពល្ងង់ខ្លៅ គឺត្រូវខិតខំរៀនសូត្រជាប្រចាំ។ អវិជ្ជា គឺជាមេបាបធម៌ទាំងពួង។ បើចង់បានសេចក្តីសុខ ត្រូវតែចេះដណ្តើមសេចក្តីសុខ ពីសេចក្តីទុក្ខ។ ឃ្លាប្រយោគ ដែលមនុស្សមានគំនិតប្រាកដច្រើនប្រើ គឺ វាអាចនឹង កើតមានឡើង។

៣. គំនិតអវិជ្ជមាន៖

ជាការយល់ឃើញអ្វីមួយ ក្នុងផ្លូវមិនល្អ ។ ឧទាហរណ៍ យើងបានគិតថា ខ្លួនឯងឬអ្នកដទៃអន់ ឬគ្មានឱកាស ពិភពលោកប្រកបដោយភាពខ្មៅងងឹតជានិច្ច។ អ្នកប្រព្រឹត្តអាក្រក់ ជិះជាន់កេងប្រវ័ញ្ចអ្នកដទៃ តែងតែឈ្នះគេជានិច្ច។ ពូជអ្នកក្រ គឺមិនអាចក្លាយជាអ្នកមានឡើយ។ យើងគិតថា ឲ្យតែខ្លួនបានសុខ ទោះជាត្រូវស្លាប់ ឬត្រូវប៉ះពាល់ការខូចខាត អ្នកណាក៏ដោយ ក៏មិនខ្វល់អ្វីទាំងអស់។ យើងគិតថា ជោគជ័យ គឺជាទ្រព្យសម្បត្តិ និងជាការ ដែលអ្នកម្ខាងទៀតមានការខាតបង់។ ឃ្លាប្រយោគ ដែលមនុស្សមានគំនិតអវិជ្ជមានច្រើនប្រើ គឺវានឹងមិនអាច កើតមានឡើងបានទេ ។

គំនិតដែលលោកអ្នកគួរប្រកាន់យក គឺ គំនិតវិជ្ជមាន និងគំនិតប្រាកដនិយម ព្រោះថា វាជាពន្លឺនៃជីវិត។ ដោយសារ គំនិតប្រាកដនិយម នៅមានទម្ងន់ស្រាលជាង គំនិតវិជ្ជមាន ខាងផ្នែក ការប្តេជ្ញាចិត្ត ដូច្នេះនៅទីនេះ យើងខ្ញុំសូមបកស្រាយ លម្អិតតែទៅលើ គំនិតវិជ្ជមានប៉ុណ្ណោះ។

ខ. និយមន័យគំនិតវិជ្ជមាន៖

១. តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត លោកបានពន្យល់ថា គំនិត សំដៅដល់ ការត្រិះរិះ ការពិចារណា ការនឹក ការនឹកដល់ ការរឮក។ វិជ្ជមាន មានន័យថា ដែលកំពុងមាននៅឡើយ ធរមាន ដែលស្រប ដែលចុះសម្រុង។

២. តាមវចនានុក្រម The ideal’ s Harrab លោកបានពន្យល់ថា គំនិត គឺសំដៅដល់ ការពិចារណាអ្វីមួយ នៅក្នុងគំនិត ការជឿជាក់ ហេតុផល ការយល់ឃើញ។ វិជ្ជមាន មានន័យថា ដែលស្រប ដែលមិនបដិសេធ ដែលមិនជំទាស់។

សរុបមក គំនិតវិជ្ជមាន គឺ សំដៅដល់ការត្រិះរិះពិចារណា ការរឮកដល់រឿងរ៉ាវល្អៗ ការសង្ឃឹមជឿជាក់ទៅដល់លទ្ធផល ល្អណាមួយដែលនឹងមកដល់ក្នុងពេលខាងមុខ សំដៅដល់ហេតុផលក្នុងចិត្តទាំងឡាយ ដែលនាំឲ្យមានការចម្រើន លូតលាស់ដល់ខ្លួនឯងនិងអ្នកដទៃ។ បុគ្គលដែលមានគំនិតវិជ្ជមាន គឺជាមនុស្សដែលមើលឃើញឧបសគ្គនានាថា ជាឱកាសក្នុងការសាងស្នាដៃល្អៗទាំងឡាយ។ បុគ្គលដែលមានគំនិតវិជ្ជមាន ជាបុគ្គលដែលតែងតែប្រព្រឹត្តការគិត និងទង្វើល្អៗ ជានិច្ចទាំងសម្រាប់ខ្លួនឯង និងទាំងសម្រាប់អ្នកដទៃ។ គេជាមនុស្សដែលតែងមានជំនឿ ជាក់លើអង្គប្រាំបី (អដ្ឋមគ្គ) នៃមាគ៌ាព្រះពុទ្ធសាសនា ។ បុគ្គលដែលមានគំនិតវិជ្ជមាន តែងមានសុភវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ ទៅលើរឿងរ៉ាវនានារបស់ មនុស្ស សត្វ ក៏ដូចជាធម្មជាតិ ជាបុគ្គលដែលហ៊ានទទួលស្គាល់ការពិត ហ៊ានកែប្រែ គំនិតរបស់ខ្លួនទៅរកភាពត្រឹមត្រូវ ល្អប្រសើរ ជាប្រភេទមនុស្សដែលប្រកបដោយ សីលធម៌ គុណធម៌ ព្រហ្មវិហាធម៌ មានចិត្តនឹងធឹងស្ងប់ស្ងៀម ប្រាជ្ញាមុតថ្លា។

គ. ប្រយោជន៍នៃគំនិតវិជ្ជមាន

នៅក្នុងជីវិត លោកអ្នកជ្រើសរើស ក្តីសង្ឃឹមទៅកាន់ក្តីអស់សង្ឃឹម ភាពមានបានទៅកាន់ភាពក្រខ្សត់ ភាពជោគជ័យ ទៅកាន់ភាពបរាជ័យ។ ខណៈលោកអ្នកគ្រប់គ្រង អារម្មណ៍របស់លោកអ្នក ជំនួសឲ្យការចិញ្ចឹមជីវិត របស់លោកអ្នក ជាមួយនឹងគំនិតអវិជ្ជមាន ហេតុអ្វីលោកអ្នកមិនដាក់ជំនួសគំនិតទាំងនោះ ដោយគំនិតវិជ្ជមានទៅ? ការមានគំនិតវិជ្ជមាន គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ខ្លួនឯងក៏ដូចជាពិភពលោក។ សូមលោកអ្នកគិតត្រឹមតែអ្វី ដែលជាគំនិតបែប វិជ្ជមាន ព្រោះថាគំនិតបែបនេះ វានឹងផ្តល់ផលប្រយោជន៍ដល់ប្រាជ្ញា និងសុខភាពលោកអ្នកមួយចំនួន ដូចខាងក្រោម៖

១. សុខភាព៖

សុខភាពលោកអ្នក ក៏ត្រូវបានជះឥទ្ធិពលមកពីគំនិតលោកអ្នកផងដែរ។ ជួនកាលលោកវេជ្ជបណ្ឌិត មិនអាចរកឃើញ នូវអ្វី ដែលជាបញ្ហាដែលកំពុងកើតមាន ចំពោះខ្លួនលោកអ្នកឡើយ។ ប៉ុន្តែលោកអ្នកមានអាការៈឈឺក្រពះ ឈឺក្បាល ឈឺចាក់ច្រាស និងមានរោគសរសៃប្រសាទ។ នៅពេលដែលលោកអ្នក ជំនួសគំនិតរបស់លោកអ្នក ដោយភាពស្ងប់ចិត្ត ជំនឿចិត្ត និងពោរពេញដោយសន្តិភាព ជំនួសឲ្យការមិនសប្បាយចិត្ត ភាពថប់បារម្ភនិងកង្វល់ លោកអ្នកនឹងទទួលបាន នូវអារម្មណ៍ស្រស់ត្រកាលជាមិនខាន។

២. អារម្មណ៍នៃភាពជោគជ័យ៖

មនុស្សគិតបែបវិជ្ជមាន ជម្រុញយ៉ាងពុះពោរនៅក្នុងខ្លួនរបស់គេ នូវអារម្មណ៍មួយនៃភាពជោគជ័យ។ ពួកគេមានភាព ប្រាកដប្រជាពីអ្វីៗ ដែលត្រូវធ្វើឲ្យបានសម្រេច ឬទទួលបានជោគជ័យ។ ពួកគេធ្វើសកម្មភាព ដោយគ្មានស្ទាក់ស្ទើរ។

៣. គំនិតសុទិដ្ឋិនិយម៖

នៅពេលដែលការគិតរបស់លោកអ្នកប្រកបដោយភាពវិជ្ជមាន មានន័យថា លោកអ្នកគឺជាមនុស្សសុទិដ្ឋិនិយម ហើយ ការគិតបែបនេះ នឹងផ្តល់ឲ្យលោកអ្នកនូវអារម្មណ៍មួយ ដែលថា អ្វីៗដែលល្អវានឹងកើតមានឡើង ហើយលោកអ្នក នឹងមើលឃើញ ពីភាពជោគជ័យតាមរយៈអ្វី ដែលលោកអ្នកបានធ្វើ ឬនឹងត្រូវធ្វើ។

៤. ភាពរំជួលចិត្តបែបវិជ្ជមាន៖

ការគិតបែបវិជ្ជមាន ធ្វើឲ្យកើតមាននូវការរំជួលចិត្តបែបវិជ្ជមាន។ ចិត្តរបស់លោកអ្នក មានភាពត្រេកអរណាស់ នៅពេល បានទទួលដំណឹង គួរអោយសប្បាយចិត្ត ឬសំរេចនូវកិច្ចការអ្វីមួយ ជាកក្តាធម្មជាតិ តែគប្បីមើលរំលង ពីលើបញ្ហា ទាំងអស់នេះ (គិតមុខ គិតក្រោយ) ដោយត្រិះរិះគិតអោយបានល្អិតល្អន់ ជាមួយនឹងភាពរំជួលចិត្តនោះ ។

៥. ការឆ្លើយតបប្រកបដោយវិជ្ជមានទៅនឹងភាពបរាជ័យ៖

ដំណើរថយក្រោយនៃជីវិត បង្ហាញឲ្យឃើញនូវមេរៀនដ៏មានតម្លៃ បំផុត។ មនុស្សដែលគិតបែបវិជ្ជមាន មិនបានចាត់ទុកភាពបរាជ័យថា ជាទីអវសាននៃជីវិតឡើយ។ គេមិនព្រមប្រព្រឹត្ត ឬអនុវត្តឡើយនូវគោលបំណង ទាំងឡាយណា ដែលនាំទៅរកភាពអន្តរាយនៃពិភពលោក។ ពួកគេតែងព្យាយាមធ្វើអ្វីៗបន្តទៅទៀត ព្រោះថា ពួកគេនឹង ទទួលបានមកវិញ នូវភាពឆ្លាតវៃកាន់តែច្រើនឡើង។

៦. ទំនុកចិត្តលើខ្លួនឯង៖

មនុស្សគិតបែបវិជ្ជមាន តែងលើកទឹកចិត្តខ្លួនឯង ឲ្យមានទំនុកចិត្តកាន់តែច្រើនឡើងៗ ជាលំដាប់។ ការធានាអះអាង ដោយខ្លួនឯងរបស់លោកអ្នក នឹងជួយជម្រុញនូវចំណង់ដ៏ពុះកញ្រ្ជោល ដល់អ្នកទាំងឡាយដែលនៅជុំវិញ ខ្លួនលោកអ្នក ឲ្យកើតមានឡើង។

៧. មានតម្លៃផ្ទាល់ខ្លួនប្រកបដោយភាពវិជ្ជមាន៖

ការពេញចិត្តចំពោះខ្លួនឯង របស់លោកអ្នកនឹងត្រូវបានលើកស្ទួយ នៅខណៈដែលចិត្តគំនិតរបស់លោកអ្នក ត្រូវបានដាក់ បំពេញដោយគំនិតវិជ្ជមាន។ លោកអ្នកនឹងមានអារម្មណ៍ល្អ ចំពោះខ្លួនឯងបានច្រើនជាប់ជានិច្ច។

៨. គ្រប់ពពកសុទ្ធតែមានបន្ទាត់ប្រាក់របស់វា៖

លោកអ្នកនឹងមានប្រតិកម្ម ទៅនឹងគ្រឿងដាស់សតិពីខាងក្រៅ ដែលអវិជ្ជមានដោយអាកប្បកិរិយាក្នុងចិត្ត ប្រកបដោយ ភាពវិជ្ជមាន។ លោកអ្នកនឹងបានឃើញឱកាស (កាលានុវត្តភាព - ភាពគួរដល់កាល) ទាំងឡាយនៅក្នុង គ្រប់ស្ថានភាព គ្រោះថ្នាក់ (ភាពមិនល្អ ភាពក្រីក្រ ការខ្វះខាត) ទាំងឡាយជាក់ជាមិនខាន។

៩. ប្រឌិតញាណ (គំនិតច្នៃប្រឌិត)៖

ជាមួយនឹងភាពនឹងនរនិងការតាំងចិត្ត ដ៏ជ្រាលជ្រៅប្រកបដោយ ភាពស្ងៀមស្ងាត់ លោកអ្នកនឹងបង្កើតនូវលក្ខខណ្ឌមួយ ដែលនាំឲ្យមានគំនិតច្នៃប្រឌិត ដើម្បីធ្វើឲ្យកើតមាន មនោគិតត្រចះត្រចង់ ជាច្រើន។

១០. ភាពថិតឋេរយូរអង្វែង៖

ភាពជោគជ័យវែងឆ្ងាយ គឺត្រូវបានពង្រឹងឲ្យមាំទាំទៅដោយ មនោសញ្ចេតនាពីក្នុងចិត្តដ៏ជ្រាលជ្រៅ នៃគំនិតវិជ្ជមាន ទាំងឡាយ ។  លោកអ្នកនឹងបានទៅដល់គ្រប់ផ្លូវ ដោយឆ្លងកាត់ភាពជោគជ័យ លើគ្រប់ឧបសគ្គ។ គ្មានអ្វីដែលអាចរារាំង លោកអ្នក មិនឲ្យទទួលបាននូវភាពជោគជ័យ ណាមួយឡើយ។

១១. ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន៖

ជាមួយនឹងអាកប្បកិរិយា ប្របកបដោយភាពវិជ្ជមាន លោកអ្នករាប់អានជាមួយអ្នកដទៃ ប្រកបដោយលក្ខណៈសុភាព រាបសារ ចេះយល់ចិត្តគ្នា និងប្រកបដោយការគោរព។ លោកអ្នកជាមនុស្សឆ្លាតវៃ ក្នុងការបង្កើតទំនាក់ទំនង ជាមួយអ្នកដទៃដោយរក្សាបាន នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ភាពស្មោះត្រង់របស់លោកអ្នក នឹងទទួលបាន នូវការគោរពរាប់អាន សេចក្តីស្រលាញ់ស្មោះស្ម័គ្រពីអ្នកដទៃ។

ឃ. វិធីសាស្ត្រធ្វើឲ្យមានគំនិតវិជ្ជមាន៖

ដើម្បីឲ្យលោកអ្នក ប្រកបដោយគំនិតវិជ្ជមាន លោកអ្នកគួរប្រតិបត្តិតាមដំបូន្មានមួយចំនួន ដូចខាងក្រោយ៖

១. ចិត្តព្រលឹងរបស់លោកអ្នក ត្រូវតែប្រកបដោយភាពវិជ្ជមាន៖

លោកអ្នកត្រូវតែមានអារម្មណ៍វិជ្ជមាន ជាប់ជានិច្ច។ អារម្មណ៍ណាដែលល្អលោក ដែលមានប្រយោជន៍ដល់អ្នកគ្រប់គ្នា លោកអ្នកគួរតែប្រមូលមកដាក់ឲ្យបានច្រើន ទើបជាការប្រសើរ ដល់គំនិតវិជ្ជមានរបស់លោកអ្នក។

២. កាយរបស់លោកអ្នកត្រូវតែប្រកបដោយវិជ្ជមាន៖

មិនថា ការទទូលទានដំណេក ការដើរ ការឈរ ការអង្គុយ ការនិយាយស្តី ការទទួលទានអាហារ ការហាត់ប្រាណ ការមុជទឹក ការដកដង្ហើមចេញចូល ត្រូវប្រកបដោយសកម្មភាពវិជ្ជមានជានិច្ច។

៣. សតិ ប្រាជ្ញា ស្មារតីរបស់លោកអ្នកត្រូវតែប្រកបដោយវិជ្ជមាន៖

លោកអ្នកត្រូវចេះរឮកទៅដល់រឿងរ៉ាវ គំនិត មតិយោបល់ អ្វីៗប្រកបដោយភាពវិជ្ជមាន។ លោកអ្នកមិនគួរ យកចិត្តទុកដាក់ទៅរកគំនិត ឬបទពិសោធន៍ទាំងឡាយណា ដែលនាំលោកអ្នកឈានទៅដល់ គំនិតគំគួន ការខឹងសម្បារ ការសោកស្តាយ សោកសង្រេង ឬស្ថិតក្នុងភាពអស់សង្ឃឹមឡើយ។ លោកអ្នកមិនគួរធ្វើការ ពិចារណាអ្វីមួយ ដោយភាពងងឹតងងុល អបិយជំនឿ មិនសមហេតុផល ដោយភាពអវិជ្ជាណាមួយឡើយ។ គ្រប់ការរលឹក ត្រូវប្រកបទៅដោយប្រាជ្ញា មូលដ្ឋានចំណេះដឹង គុណធម៌ សីលធម៌ សុជីវធម៌ សន្តិភាពនិងបែបវិទ្យាសាស្ត្រ។

៤. ការគិត ការធ្វើសកម្មភាព និងទម្លាប់របស់លោកអ្នកត្រូវតែប្រកបដោយភាពវិជ្ជមាន៖

ការគិតវិជ្ជមាន នឹងនាំឲ្យឈានទៅដល់ការធ្វើសកម្មភាពវិជ្ជមាន មិនយូរប៉ុន្មានវានឹងបង្កើតឲ្យលោកអ្នកមានទម្លាប់ ជាវិជ្ជមានមិនខាន។ ជាចុងក្រោយលទ្ធផល ដែលលោកអ្នកនឹងទទួលបាន គឺវិជ្ជមាន។

ង. ឧបសគ្គសំខាន់ៗនៃគំនិតវិជ្ជមាន៖

កត្តារារាំងលោកអ្នក មិនឲ្យឈានទៅដល់គំនិតវិជ្ជមានគឺ៖

១. គ្រោះអវិជ្ជា(មោហៈ)៖

ការមិនចូលចិត្តការរៀនសូត្រ មិនខិតខំស្រាវជ្រាវ និងមិនសូវយល់ដឹងពីសង្គម និងធម្មជាតិ។

២. ការសេពគប់មនុស្សមិនល្អ(មោហៈ)៖

ការនិយមរាប់អាន ចូលដៃជើងជាមួយ មនុស្សដែលមិនប្រកបទៅដោយសីលធម៌ គុណធម៌ សុជីវធម៌ សុចរិត ចំណេះដឹង និងបទពិសោធន៍ទូលំទូលាយក្នុងជីវិត។ ការចូលចិត្តសេពគប់មនុស្សប្រើប្រាស់អំពើហឹង្សា មនុស្សមិនចូលចិត្តគោរព ច្បាប់ទម្លាប់ មិនគោរពកោតខ្លាចអ្នកដទៃ ដែលជាចាស់ទុំជាដើម។

៣. ការប្រកាន់យកនូវ គំនិតលោភៈ ៖

ការចង់បានហួសប្រមាណ មិនចេះស្កប់ស្កល់ ចង់បានរបស់អ្នកដទៃដោយឥតអៀនខ្មាស់ ការចង់បានតែមុខមាត់ ជាដើម។ល។

ច. វិធីសាស្ត្រជំនះឧបសគ្គនៃគំនិតវិជ្ជមាន៖

ដើម្បីជំនះបាននូវឧបសគ្គ នៃគំនិតវិជ្ជមាន លោកអ្នកអាចប្រតិបត្តិតាមវិធីមួយចំនួនដូចខាងក្រោម៖

១. ត្រូវខិតខំរៀនសូត្រជាប្រចាំ ទាំងចំណេះដឹងទូទៅ និងទាំងជំនាញផ្ទាល់ខ្លួន។ ការសិក្សាត្រូវបន្តធ្វើ ពេញមួយជីវិតរបស់ខ្លួន មិនថាពុទ្ធចក្រ និង អាណាចក្រ។
២. ត្រូវព្យាយាមចូលឲ្យជិតទៅរកអ្នកប្រាជ្ញបណ្ឌិតទាំងឡាយណាដែលប្រកបទៅដោយសីលធម៌ សុជីវធម៌ គុណធម៌ សប្បុរសធម៌។
៣. ត្រូវព្យាយាមជំនះនូវរាល់គំនិតលោភៈ ទោសៈទាំងឡាយទាំងនៅក្នុងខ្លួនឯងនិងនៅក្នុងខ្លួនមនុស្សដទៃទៀត។
៤. ត្រូវប្រកាន់ខ្ជាប់តាមគោលធម៌របស់ព្រះពុទ្ធគឺអដ្ឋមគ្គដ៏ប្រសើរ។
៥. ត្រូវគិតថា ទាំងមនុស្ស ទាំងសត្វ កើតមកតែងតែប្រាថ្នានូវសេចក្តីសុខ មិនចង់បានសេចក្តីទុក្ខឡើង។ ដូច្នេះយើង មិនត្រូវមានការបៀតបៀន សេចក្តីសុខរបស់អ្នកដទៃឡើយ។
៦. យើងត្រូវប្រកាន់ខ្ជាប់ នូវឥរិយាផ្តល់សេចក្តីសុខទាំងសម្រាប់ខ្លួនឯង និងទាំងសម្រាប់អ្នកដទៃ។
៧. ត្រូវយល់ថា ជីវិតកើតមក គឺដើម្បីក្តីសង្ឃឹម មិនមែនដើម្បីទុក្ខសោក ឬការអស់សង្ឃឹមឡើយ។ បញ្ហាទាំងអស់ សុទ្ធតែអាចដោះស្រាយបាន។

សរុបមកវិញ អានុភាពគំនិតវិជ្ជមាន នឹងជួយជម្រុញឲ្យលោកអ្នក ទទួលបាននូវភាពជោគជ័យយ៉ាងធំធេងក្នុងជីវិត។ មនុស្សដែលមានគំនិតវិជ្ជមាន នឹងទទួលបាននូវ សម្បត្តិមហាសាលប្រាំយ៉ាងដូចជា៖ ទំនាក់ទំនងដ៏ប្រសើរ ចិត្តព្រលឹងភ្លឺថ្លា រាងកាយមាំមួន ហិរញ្ញវត្ថុមាំទាំ ប្រាជ្ញាឈ្លាសវៃ ។ ចូរប្រកាន់យកគំនិតបែបវិជ្ជមាន ជានិច្ចនិរន្តន៍។

និពន្ធន៍ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១២
ឯកសារពិគ្រោះ៖ ប្រែសម្រួលពីភាសាបរទេស (អង់គ្លេស)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ
Crédit photo : 4.bp.blogspot.com
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...