ជន​កាន់​កាំបិត​ចាក់​មនុស្ស​នៅ​អាមស្ទែដាម មាន​ចេតនា​ភេរវនិយម

យុវជនម្នាក់ ដែលបានរងរបួស ដោយការបង្ក្រាបរបស់នគរបាល បន្ទាប់ពីជននេះ បានកាន់កាំបិតចាក់មនុស្សពីរនាក់ កាលពីយប់ថ្ងៃសុក្រ នៅស្ថានីយ៍អាយស្ម័យានធំ នៃរាជធានី អាមស្ទែដាម ប្រទេសហូឡង់នោះ មានចេតនាក្នុងការធ្វើសកម្មភាពរបស់ខ្លួន តាមបែប«ភេរវនិយម»។ នេះ បើតាមការអះអាង របស់អាជ្ញាធរហូឡង់ ក្នុងថ្ងៃអាទិត្យ។
ជន​កាន់​កាំបិត​ចាក់​មនុស្ស​នៅ​អាមស្ទែដាម មាន​ចេតនា​ភេរវនិយម
ទិដ្ឋភាពក្រុមនគរបាល បាញ់បង្ក្រាបជនសង្ស័យ ដែលត្រូវបានថតដោយភ្នាក់ងារថតរូប របស់ទីភ្នាក់ងារព័ត៌មាន AP។ (រូបថត AP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 03, 2018
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសង្ស័យ ជាតិអាហ្វហ្គានីស្ដង់ អាយុ១៩ឆ្នាំ ដែលមានក្រដាសស្នាម ស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានសាកសួរ ដោយក្រុមអ្នកស៊ើបអង្កេត ហូឡង់ នៅផ្ទាល់នឹងមន្ទីរពេទ្យ ដែលជននេះកំពុងសម្រាកព្យាបាយ មុខរបួសរបស់ខ្លួន បណ្ដាលមកពីការបង្ក្រាបរបស់នគរបាល។ 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមប្រឹក្សារាជធានី អាមស្ទែដាម បានឲ្យដឹងថា៖ «ការអះអាងដំបូងៗ របស់ជនសង្ស័យ បានបង្កចំណុចសង្ស័យ ពីចេតនាបែបភេរវនិយម»។

សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា តាមការស្នើសុំ​ របស់អាជ្ញាធរហូឡង់ នគរបាលអាល្លឺម៉ង់បានធ្វើការឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យ (ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់) ហើយបានរកឃើញ អង្គផ្ទុកទិន្នន័យជាច្រើន។

ខណៈនេះ ជនសង្ស័យត្រូវបានដាក់ក្នុងបន្ទប់មួយ ក្រោមការឃ្លាំមើល​ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យ ហើយនឹងត្រូវនាំទៅបង្ហាញខ្លួន នៅចំពោះមុខចៅក្រម ក្នុងថ្ងៃចន្ទនេះ ដើម្បីសម្រេចថា តើនឹងត្រូវបន្តដាក់ជននេះ ក្រោមការឃុំឃាំង ឬយ៉ាងណា។

ជនរងគ្រោះពីរនាក់ ដែលត្រូវជនសង្ស័យចាក់ដោយកាំបិតនោះ ជាជនជាតិអាមេរិកាំង។ គឺឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសហូឡង់ លោក «Pete Hoekstra» ជាអ្នកអះអាងដោយផ្ទាល់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍។

ជនជាតិអាមេរិកាំងទាំងពីររូបនោះ ជាទេសចរណ៍ដែលបានមកលេងកំសាន្ដ ក្នុងរាជធានី អាំស្ទែដាម។ នគរបាលហូឡង់ បានអះអាងថា ជនរងគ្រោះទាំងពីរ កំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ដោយហេតុថា មុខរបួសរបស់ពួកគេ មានលក្ខណៈធ្ងន់ធ្ងរ។

ហេតុការណ៍នៃការចាក់ដោយកាំបិត បង្កឡើងដោយជនសង្ស័យខាងលើ មិនបានធ្វើឲ្យកម្រិត នៃការគម្រាមដោយអំពើភេរវកម្ម សម្រាប់រាជាណាចក្រ ហូឡង់ ធ្វើការផ្លាស់ប្ដូរទេ។ កម្រិតនៃការគម្រាម នៅតែមានលក្ខណៈ «សំខាន់» តែមិនទាន់ដល់ថ្នាក់ «កំពូល» នោះនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...