សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?

តារាកំប្លែងស្ត្រីល្បីឈ្មោះ សំ ប៉ូលីដា បានបដិសេធថា នេះជាជាគ្រោះថ្នាក់ ដោយចៃដន្យ។ ប៉ុន្តែប្រភព​ចេញ​ពី​អ្នក​សិល្បៈ ដែល​ស្និត​នឹង​នាង សំ ប៉ូលីដា បានអះអាងថា តារាស្ត្រីបានរងទារុណកម្ម យ៉ាងព្រៃផ្សៃ ពីសំណាក់​ស្វាមី​របស់​នាង។
សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?
ពីឆ្វេងទៅស្ដាំ៖ អ្នកនាង សំ ប៉ូលីដា នៅពេលនាងចូលរោងការ និងពេលអ្នក​នាងរងគ្រោះ នៅថ្ងៃនេះ។ (រូបថតលើបណ្ដាញសង្គម)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 12, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការភ្ញាក់ផ្អើលលាយឡំ នឹងភាពតក់ស្លុត បានកើតឡើង កាលពីល្ងាចម្សិល ចូលមកព្រឹកម៉ិញនេះ ទាក់ទង​នឹង​របួស​ស្នាមធ្ងន់ធ្ងរ ដែលបានកើតឡើង ទៅលើរាងកាយ​ របស់តារាកំប្លែងសំដីបាន អ្នកនាង សំ ប៉ូលីដា។ រូប​ថត​​ជា​​ច្រើន​សន្លឹក ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា ជើងស្ដាំរបស់​អ្នក​នាង ប៉ូលីដា កំពុង​រំ​កំណាត់​អប និងតារាស្រីមានផ្ទៃមុខឡើងជាំខ្មៅ ស្ទើមើលមិនស្គាល់។

ម្ចាស់គណនីដែលបានបង្ហោះរូបភាពទាំងនេះ បានសរសេរអមនឹងរូបថតទាំងនោះថា៖ «តារាស្រីម្នាក់ ដែល​ធ្លាប់​តែបង្ហាញខ្លួន​គ្រប់កម្មវិធី របស់អ្នកសិល្បៈ មិនថាតូចឬធំ តាំពីខ្លួនល្បីរហូតមក ដោយមិនធ្លាប់ប្រកាន់ឬក ចំកោង​ខ្លួន សព្វថ្ងៃកំពុង​ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ (...) ពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុង​រសាត់​តាម​កម្មម្នាក់នេះ»។

គ្រាន់តែដួល ព្រោះពាក់ស្បែកជើងកែង ធ្វើឲ្យបាក់ជើង«ធ្ងន់ធ្ងរ»?

នៅចំពោះហេតុការណ៍នេះ តារាចម្រៀង និង​កំប្លែង​ អ្នក​នាង​ សំ​ ប៉ូ​លី​ដា​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន និង​មិត្តរួម​អា​ជីពរបស់នាង​ថា ​កាលពីយប់ ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦ កន្លងមកនេះ អ្នកនាង​បាន​ជួប​គ្រោះថ្នាក់​បាក់ជើង​ ដោយហេតុបណ្ដាល មកពីភ្លាត់ស្បែកជើង​កែង​ បណ្តាល​ឲ្យ​ដួល​ និងបាន​បាក់ឆ្អឹងជើង​​យ៉ាងធ្ងន់ធ្ងរ។ អ្នកនាងបានបន្តថា អ្នកនាង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក ​យក​ទៅ​សង្គ្រោះព្យាបាល​បន្ទាន់ ​នៅ​មន្ទី​ពេទ្យ​ព្រះ​កេតុ​មាលា។ ​ប៉ុន្តែអាការរៈធ្ងន់ធ្ងរ បានតម្រូវឲ្យគ្រូ​ពេទ្យប្រាប់​នាង ឲ្យ​សម្រាក​ក្នុងរយៈ​ពេល​​យូរ​ខែ​។ ណាមួយទៀត អ្នក​នាង​​មាន​​អាការៈ​​ទឹក​នោម​ផ្អែម ដែលធ្វើឲ្យពេទ្យ​​មិន​ហ៊ាន​វះ​កាត់ ត​ឆ្អឹង ​នៅក្នុងអំឡុង​ពេល​នេះទេ។

ប៉ុន្តែការអះអាងខាងលើនេះ មានលក្ខណៈផ្ទុយគ្នាទាំងស្រុង ទៅនឹងការទម្លាយឲ្យដឹង ពីសំណាក់អ្នក​សិល្បៈ​ផ្សេង​ទៀត ដែលជាមិត្តជិតដិត នឹងតារា ហើយមិនអាចទ្រាំទ្របាន នឹងទិដ្ឋភាពបែបនេះ។ អ្នកសិល្បៈដែល​ថ្លែង ក្នុង​លក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះមិនចង់បង្កអរិភាព ជាមួយគ្រួសារអ្នកនាង សំ ប៉ូលីដា នោះ បាន​អះអាង​ថា ជើងដែលបាក់នេះ បណ្ដាលមកពីស្វាមីចិត្តកំណាច បានវាយនាង នឹងបំពង់ទីប។ ប្រភព​នោះ​បាន​អះអាង​ទៀតថា ជម្លោះឈ្លោះប្រកែក​គ្នា ក្នុងរង្វង់ប្ដីប្រពន្ធតារាមួយគូនេះ បានកើតមានជារឿយៗ ​ហើយ​នៅ​ដើម​ខែ​សីហា​នេះ ជម្លោះបានរីកធំឡើង រហូតដល់ថ្នាក់ស្វាមីបានប្រើដៃជើង វាយទាត់ធាក់ មកលើរូបអ្នក​នាង​តែ​ម្ដង។

សម្រាកព្យាបាល នៅក្នុងភោជនីយដ្ឋាន

អ្នកនាង សំ ប៉ូលីដា ក្នុងខណៈនេះ​កំពុងសម្រាកព្យាបាលខ្លួន នៅឯគឺនៅខាងក្រោយ​តុ​គិត​លុយ នៃ​ភេោជ​នីយ​ដ្ឋាន​មួយ ដែលនាងធ្លាប់សម្ដែង តែមិនមែន​នាងសម្រាកព្យាបាល នៅក្នុងលំនៅដ្ឋាន​របស់​នាង​នោះ​ទេ ដោយ​សារ​តែ​នាង និងស្វាមីនៅមិនទាន់មានផ្ទះខ្លួនឯងនៅឡើយ។

មកទល់នឹងពេលនេះ គេមិនអាចស្វែងរកប្រតិកម្ម ឬការឆ្លើយតប ពីសំណាក់ស្វាមីរបស់អ្នកនាង សំ ប៉ូលីដា បានទេ។ តារាស្រីសំដីបាន អ្នក​នាង ​សំ ប៉ូ​លី​ដា បាន​ចាប់ដៃសាងជីវិត ជាមួយលោក ​ស្វាយ ស៊ី​សុ​ថា ដែល​មាន​រហស្សនាមហៅ «​ខ្យាដំរី» កាលពី​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១២ កន្លងទៅ។ អ្នកទាំងពីរ​ទទួល​បាន​ចំណងដៃ ពីការរួមរស់ជាមួយគ្នា នូវ​កូនស្រីស្រស់ស្អាតមួយរូប ​ដែល​មាន​អាយុ​ជិត​២​ឆ្នាំ ​ហើយ។

អំពើហិង្សាក្នុងគ្រួសារ ជាទង្វើមួយខុសច្បាប់ ហើយការ​ឈឺឆ្អាល​ពីសំណាក់អ្នកជិតខាង ឬការស៊ើបអង្កេត ពី​សំណាក់​អាជ្ញាធរ អាចធ្វើទៅបាន ដោយមិនចាំបាច់មានការដង្ហោយហៅ ឬបណ្ដឹងពីភាគីរងគ្រោះឡើយ។ ភាគី​រង​គ្រោះជាច្រើន តែងគិតថា មិនចង់ឲ្យមានរឿងវែងឆ្ងាយ និងខ្លះទៀត ចង់គិតពីអានាគតកូន ទើបមិន​ចង់​ទម្លាយ​រឿងរ៉ាវ​ដ៏អាស្រូវ ក្នុងគ្រួសាររបស់ខ្លួន ចេញឲ្យអ្នកក្រៅដឹង ហើយក៏កាន់តែមិនចង់ ដាក់ពាក្យបណ្ដឹង​អ្វី​នោះ​ដែរ។ ប៉ុន្តែការរស់នៅបែបនេះ មិនមែនជាសុភមង្គល សម្រាប់ជីវិតគ្រួសារទាំងមូល ឬសម្រាប់អនាគរ របស់​កូន​ស្ងួន​នោះ​ឡើយ៕

----------------

» រូបថត នៅមុនអ្នកនាង សំ ប៉ូលីដា ចូលរោងការជាមួយលោក ស្វាយ ស៊ីសុថា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...