ម៉ាដូណា សម្រាតបង្ហាញសុដន់របស់យុវតីម្នាក់ កណ្ដាលការប្រគុំតន្ត្រី
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៦
- កែប្រែចុងក្រោយ: March 21, 2016
- ប្រធានបទ: តារាល្បី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងការប្រគុំតន្ត្រីដ៏ធំ កាលពីថ្ងៃព្រហស្បត្តិ៍ ក្នុងក្រុង ប្រៃស្បេន (Brisbane) ប្រទេសអូស្ត្រាលី ស្ដេចម្រៀងស្រី នាង ម៉ាដូណា បានបង្កើតឈុតឆាក ដ៏ភ្ញាក់ផ្អើលមួយឡើង។ តារាចម្រៀងបានហៅយុវតីម្នាក់ ឲ្យឡើងទៅលើឆាកប្រគុំតន្ត្រី ជាមួយនាង។ ជាមួយនឹងការសប្បាយរីករាយ នៅក្នុងចិត្ត ព្រោះបានឡើង មកឈរជាមួយកំពូលតារាចម្រៀងពិភពលោកនោះ យុវតីមិនបានគិតថា អាវរបស់នាងត្រូវបានតារាចម្រៀង ចាប់ទាញសម្រាតបញ្ចេញដើមទ្រូង ជាសាធារណៈដូច្នេះនោះទេ។
ដំបូងឡើយ ម៉ាដូណា ចង់បង្ហាញទៅកាន់សាធារណៈជន ថាយុវតីដែលបានឡើងមកលើឆាកនេះ ជា«ប្រភេទស្ត្រីម្នាក់ ដែលធ្វើឲ្យអ្នកផង អត់ទ្រាំមិនទះកំប៉េះគូទមិនបាន»។ បន្ទាប់មកភ្លាមនោះ ម៉ាដូណា បានប្រើដៃទាញអាវយុវតីទម្លាក់ បណ្ដាញឲ្យចេញសុដន់មួយភ្លែត នៅចំពោះមនុស្សរាប់ពាន់នាក់។ តារាចម្រៀងបានឧទានឡើងថា៖ «ឲ្យខ្ញុំសុំទោស។ នេះគឺជា ការបៀតបៀន ខាងផ្លូវភេទ!»។
ទង្វើរបស់ ម៉ាដូណា បានបង្កឲ្យមានសង្គ្រាមពាក្យសម្ដីឡើង ជាពិសេសនៅពេលដែលអ្នកផងដឹងថា យុវតីដែលបានឡើងទៅលើឆាក មានអាយុទើបតែ១៧ឆ្នាំ។ ផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានអូស្ត្រាលី ឈ្មោះ «Courier Mail» យុវតីខាងលើមិនបានគិតថា នឹងប្ដឹង ម៉ាដូណា ឡើងទៅតុលាការនោះទេ បើទោះជាច្បាប់របស់ប្រទេសអូស្ត្រាលី បានចែងពីការហាមឃាត់ «មិនឲ្យប៉ះពាល់នរណាម្នាក់ ដោយគ្មានការស្រុះស្រួលគ្នា ជាមុននោះឡើយ»។
យុវតីបានថ្លែងឡើងថា៖ «និយាយឲ្យពិតទៅ ខ្ញុំរកមិនឃើញ ពីមូលហេតុដែលត្រូវប្ដឹង ម៉ាដូណា ឡើងតុលាការ សម្រាប់រឿងមួយ ដែលជាក្ដីសុបិន្ដដ៏ល្អបំផុត សម្រាប់ជីវិតខ្ញុំនោះទេ។ គាត់ (ម៉ាដូណា) និយាយថា ខ្ញុំមានរូបរាងដូចតារាបង្ហាញម៉ូដ "Victoria's Secret" ហើយវាជារឿងមួយ គួរឲ្យសប្បាយចិត្តណាស់។»
«ខ្ញុំមិនដែលបានគិត សូម្បីតែបន្តិចថា ដើមទ្រូងរបស់ខ្ញុំ (ដែលត្រូវបាន ម៉ាដូណា បង្ហាញ) បានបង្កបង្កើត ឲ្យមានរឿងរ៉ាវ ដល់ថ្នាក់ណ្នឹងឡើយ។ សម្រាប់ខ្ញុំ វាអត់មានរឿងអីទេ តែខ្ញុំត្រូវនិយាយពីបញ្ហាអាវរបស់ខ្ញុំ (ដែលងាយរបូត) នោះវិញ។ គឺខ្លួនខ្ញុំជាអ្នកសម្រេចចិត្ត ថាតើខ្ញុំរងការអាម៉ាស ឬអត់។» នេះជាការបញ្ជាក់ចុងក្រោយ របស់យុវតីវ័យក្មេង ទៅកាន់សារព័ត៌មានដដែល៕