បញ្ចាំងមួយថ្ងៃដំបូងនៅចិន «Star Wars» រកបាន៣៣លានដុល្លារ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៦
- កែប្រែចុងក្រោយ: January 11, 2016
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការប៉ាន់ប្រមាណជាជំហានដំបូង របស់ផលិតកម្ម ឌីស្នេ (Disney) វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» កំពុងទទួលបាន នូវភាពជោគជ័យ នៅក្នុងប្រវត្តិសាស្ត្រភាពយន្ដ នៃប្រទសចិន ដោយគ្រាន់តែក្នុងមួយថ្ងៃសៅរ៍ នៃការចេញបញ្ចាំងដំបូង ភាពយន្ដអាមេរិកមួយនេះ រកចំណូលបានដល់ទៅជាង៣៣លានដុល្លារ។
ប៉ុន្តែផលិតកម្ម បានអះអាងកាលពីថ្ងៃអាទិត្យនេះថា តួលេខខាងលើនេះ មិនមានការអះអាងជាក់លាក់ ណាស់ណាទេ។ ផលិតកម្មបានអះអាងថា៖ «យើងគ្រាន់តែអាចផ្ដល់ជូន នូវការប៉ាន់ប្រមាណ នៃចំណូលជាសរុបប៉ុណ្ណោះ ដោយសាររាល់តួលេខដែលទទួលបាន មិនទាន់មានលក្ខណៈ ជាផ្លូវការនៅឡើយ។ ប៉ុន្តែរាល់ទិន្នន័យទាំងនោះ បានប្រាប់យើងថា ចំណូលមានចំនួនច្រើនជាង ៣៣លានដុល្លារ សម្រាប់ថ្ងៃសៅរ៍ដំបូងមួយគត់។»
ផលិតកម្មដ៏ធំ របស់អាមេរិកមួយនេះ បានបញ្ជាក់ទៀតថា៖ «តួលេខនេះ ជាកម្រិតធំជាងពេលណាទាំងអស់ បើប្រៀបធៀបការចេញបញ្ចាំងដំបូងៗ នៃភាពយន្ដទាំងឡាយ របស់ឌីស្នេ នៅក្នុងប្រទេសចិន»។
នៅមុខចេញបញ្ចាំង នៅក្នុងប្រទេសចិន ភាពយន្ដនេះ បានចេញបញ្ចាំង នៅក្នុងទ្វីបអាមេរិកខាងជើងរួចហើយ។ ត្រឹមតែបីសប្ដាហ៍ នៅលើផ្ទាំងសំពត់ស នៃបណ្ដារោងភាពយន្ដ ក្នុងមានប្រទេសម៉ិកស៊ិក អាមេរិក និងកាណាដា ភាពយន្ដរកចំណូលបាន ដល់ទៅ ៧៦៤,៤លានដុល្លារ។ បើគិតជាតួលេខសរុប នៅក្នុងពិភពលោកទាំងមូល ភាពយន្ដវគ្គទី៧ នៃ«សង្គ្រាមផ្កាយ» រកបានចំណូលមកទល់នឹងពេលនេះ ប្រមាណជា ១,៧៣កោដដុល្លា ត្រូវនឹងចំណាត់ថ្នាក់លេខ៣ នៅពីក្រោយភាពយន្ដ ដឹកនាំដោយសមិទ្ធិករ ជេម កាមឺរូន (James Cameroun) រឿង «Avatar» (២,៧៩កោដដុល្លារ) «Titanic» (២,១៩កោដដុល្លារ) ហើយទើបនឹងទម្លាក់ភាពយន្ដ «Jurassic World» (១,៦៧កោដដុល្លារ) ដែលដឹកនាំដោយសមិទ្ធិករ ខូលីន ត្រេវូរូវ (Colin Trevorrow) ឲ្យធ្លាក់ទៅនៅចំណាត់ថ្នាក់ទី៤។
យើងរងចាំមើល នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីចង់ដឹងថា តើភាពយន្ដវគ្គចុងក្រោយ នៃ«សង្គ្រាមផ្កាយ»នេះ នឹងអាចបំបាក់ឯកត្តកម្ម នៃភាពយន្ដទាំងពីរខាងលើ បានដែរឬទេ? គួរជ្រាបដែរថា ផលិតកម្មឌីស្នេ បានទិញភាពយន្ដនេះទាំងមូល ពីលោក ហ្សក លូកាស (George Lucas) ម្ចាស់ផលិកម្ម លូកាសហ្វីម (Lucas Film) ដែលជាអ្នកបង្កើតរឿងនេះ ក្នុងតម្លៃ៤កោដដុល្លារ កាលពីឆ្នាំ២០១២កន្លងទៅ៕