ចំណាប់​ខ្មាំងនៅ​អាល់ហ្សេរី៖ ​​បញ្ចប់ការវាយ​ចូល​​រំដោះ​ តែ​​តុល្យភាព​ធ្ងន់​

កងទ័ពនៃប្រទេសអាល់ហ្សេរី បានធ្វើប្រតិបត្តិការជាចុងបញ្ចប់មួយ នៅថ្ងៃសៅរ៍ទី១៩ មករា ប្រឆាំងនឹងក្រុមអ្នកចាប់ចំណាប់ខ្មាំង ដែលគេជឿថា ជាក្រុមភេវរជនជីហាដក្នុងតំបន់។ ក្រុមភេវរជនទាំងនេះ បានចាប់បុគ្គលិក អ្នកធ្វើការក្នុងរោងចក្រចម្រាញ់ឧស្ម័នហ្គាស មួយ ស្ថិតនៅផ្នែកខាងកើតឆៀង ខាងត្បូងនៃប្រទេស ជាប់នឹងព្រំប្រទល់នៃប្រទេសលីប៊ី។ ក្នុងពេលធ្វើប្រតិបត្តិការវាយរំដោះនោះ គេបានដឹងថា ក្រុមអ្នកចាប់ចំណាប់ខ្មាំង និយមអ៊ីស្លាម បានដកថយទៅដាក់ទីតាំងក្នុងរោងចក្រ ជាមួយនឹងចំណាប់ខ្មាំងរបស់ខ្លួន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តែទោះជាតុល្យភាពចុងក្រោយ មានទម្ងន់ធ្ងន់ខ្លាំងបែបណាក៏ដោយ ក៏អាជ្ញាធរអាល់ហ្សេរី នៅតែអះអាងថា យ៉ាងហោច​ណាស់ជនបរទេសចំនួន ១០៧នាក់ និងជនជាតិអាល់ហ្សេរី ៦៨៥ បានរួចរស់មានជីវិតមកវិញ។


រោងចក្រចម្រាញ់ឧស្ម័នហ្គាស របស់ប្រទេសអាល់ហ្សេរី នៅជិតប្រទេសលីប៊ី។ រូបថត EPA/MAXPPP

កងទ័ពនៃប្រទេសអាល់ហ្សេរី បានធ្វើប្រតិបត្តិការជាចុងបញ្ចប់មួយ នៅថ្ងៃសៅរ៍ទី១៩ មករា ប្រឆាំងនឹងក្រុមអ្នក​ចាប់​ចំណាប់ខ្មាំង ដែលគេជឿថា ជាក្រុមភេវរជនជីហាដក្នុងតំបន់។ ក្រុមភេវរជនទាំងនេះ បានចាប់បុគ្គលិក អ្នកធ្វើការ​ក្នុង​រោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយ ស្ថិតនៅផ្នែកខាងកើតឆៀងខាងត្បូងនៃប្រទេស ជាប់នឹងព្រំប្រទល់​នៃ​ប្រទេស​លីប៊ី។ ក្នុងពេលធ្វើប្រតិបត្តិការវាយរំដោះនោះ គេបានដឹងថា ក្រុមអ្នកចាប់ចំណាប់ខ្មាំង និយមអ៊ីស្លាម បានដកថយទៅដាក់​ទីតាំងក្នុងរោងចក្រ ជាមួយនឹងចំណាប់ខ្មាំងរបស់ខ្លួន។

ប្រភពស្និតនឹងយុទ្ធនាការកងទ័ពនេះ បានប្រាប់ទីភ្នាក់ងារ រ៉យទ័រ (Reuters) ថា «វារួចរាល់ហើយ។ ការវាយលុក បាន​បញ្ចប់រហូតដល់ផ្នែកខាងក្នុងនៃរោងចក្រ។ ក្នុងពេលនេះ កងទ័ពកំពុងតែធ្វើការដោះមីន ដែលដាក់ដោយ​ពួកអ៊ីស្លាម​និយមជ្រុលទាំងនេះ។» ក្រុមភេវរជនជីហាដ ដែលមានទំនាក់ទំនងជិតស្និត នឹងបណ្ដាញភេវរនិយម អាល់កៃដា (Al Qaïda) បានដាំពង្រាយ គ្រាប់មីនជាច្រើន នៅជុំវិញ និងក្នុងរោងចក្រ។

សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដែលសរសេរពីប្រតិបត្តិការ ចូលជួយសង្គ្រោះលើកដំបូង របស់កងទ័ព​ប្រទេសអាល់ហ្សេរី។

សម្រាប់ប្រធានាធិបតីបារាំង «ប្រទេសអាល់ហ្សេរី បានឆ្លើយតបយ៉ាងសមស្រប»

តុល្យភាពចុងក្រោយ ដែលទទួលបាន នៅបន្ទាប់ពីការចូលវាយរំដោះ ជាលើកចុងក្រោយនេះ បានបង្ហាញតួលេខថា ក្រុមភេវរជនចំនួន ៣២នាក់បានស្លាប់ និងចំណាប់ខ្មាំងចំនួន២៣នាក់ ត្រូវបានពួកនេះសម្លាប់។ នេះជាការអោយដឹង​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអាលហ្សេរី ដោយលោកបានបញ្ជាក់បន្ថែមថា បុគ្គលិកបម្រើការជាជនបរទេស​ចំនួន១០៧នាក់ និងជនជាតិអាល់ហ្សេរីដចំនួន ៦៨៥នាក់ ត្រូវបានរំដោះ។ ក្នុងចំណោមជនបរទេស ដែលត្រូវបាន​សម្លាប់នេះ ប្រភពស្និតនឹងភ្នាក់ងារសន្តិសុខអាល់ហ្សេរី ប្រាប់អោយដឹងថា មានជនជាតិអាមេរិកាំង២នាក់ អាឡឺម៉ង់​២នាក់ ព័រទុយហ្គេម្នាក់ ជប៉ុនពីរនាក់ អង់គ្លេសពីរនាក់ និងម្នាក់ទៀតជាជនជាតិបារាំង។

ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានថ្លែងប្រាប់អ្នកកាសែតថា ប្រទេសអាល់ហ្សេរី បានឆ្លើយតបយ៉ាងសមប្រកប ក្នុងរឿងនេះ ដោយហេតុថា ការចរចារជាមួយពួកភេវរជន នឹងមិនអាចទៅរួច។ ការថ្លែង​របស់លោក បានធ្វើឡើងក្នុងបរិបទមួយផ្សេង ដែលប្រទេសដទៃទៀត ដូចយ៉ាង អង់គ្លេស និងជប៉ុន បានលើកពីភាព «សោកស្ដាយ» ដែលកងទ័ពអាល់ហ្សេរី មិនបានជជែកជាមួយខ្លួន មុននឹងធ្វើប្រតិបត្តិការនេះ។ លោកប្រធានាធិបតី​បារាំងបានបន្ថែមថា «ខណៈពេលដែលមានការចាប់ធ្វើចំណាប់ខ្មាំង យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្រុមភេវរជន ដែលបានកំណត់មុខសញ្ញារបស់ខ្លួន យ៉ាងច្បាស់បែបនេះ (...) ប្រទេសមួយដូចអាល់ហ្សេរី បានសម្រេចដោះស្រាយ ដែលសម្រាប់រូបខ្ញុំ ជាដំណោះស្រាយដ៏សមស្របជាងគេ ព្រោះថាវាមិនអាចមានផ្លូវ ក្នុងការចរចារបានទេ។»

រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់បារាំង លោក ហ្សង់-អ៊ីវ ឡឺឌ្រីអាន (Jean-Yves Le Drian) ក៏មិនបានរិះគន់ចម្លើយ ជាប្រតិបត្តិការវាយលុក របស់ទីក្រុងអាល់ហ្សេរដែរ។​ លោកបានផ្ដល់កិច្ចសម្ភាសអោយ ទូរទស្សន៍បារាំងប៉ុស្ដ៍លេខបី ថាគ្មានចំណាប់ខ្មាំងជាជនជាតិបារាំងណាម្នាក់ បានជាប់នៅក្នុងនោះទៀតទេ។ លោកថា «រហូតមកទល់នឹងថ្ងៃនេះ តាមអ្វីដែលយើងដឹង មានចំណាប់ខ្មាំងបារាំងម្នាក់ ត្រូវបានសម្លាប់យ៉ាងសោកស្ដាយ និងជនជាតិបារាំងផ្សេងទៀត ដែលត្រូវបានរំដោះ។»

ចំណែកឯប្រមុខការទូត របស់ប្រទេសអង់គ្លេស លោកវីល្លីយ៉ាម ហាគ (William Hague) បានប្រកាសថា ជនជាតិ​អង់គ្លេសយ៉ាងហោចណាស់១០នាក់ផ្សេងទៀត ដែលធ្វើការក្នុងតំបន់នោះ ស្ថិតនៅក្នុងសភាពគ្មានដំណឹងនៅឡើយ ​រហូតមកទល់ពេលនេះ។ នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោកដាវិដ កាម៉េរូន (David Cameron) បានខ្វាយខ្វល់ ពី​ការបាត់ដំណឹង ចំពោះជនជាតិអង់គ្លេសប្រាំរូប។ នៅក្នុងសេចក្ដីផ្សាយពត៌មានមួយ របស់លោកនាយករដ្ឋមន្ត្រី បាន​ថ្លែងថា «ជនជាតិអង់គ្លេសម្នាក់ ត្រូវបានសម្លាប់ ក្នុងពេលវាយលុកដ៏គំហុកនេះ។ ដូច្នេះយើងសង្ស័យ​យ៉ាងខ្លាំង ពីជីវិត​របស់​ជន​ទាំងប្រាំនាក់ទៀត ដែលរហូតមកទល់នឹងពេលនេះ បាត់ដំណឹងឈឹង។»

អ្នកដឹកនាំការធ្វើចំណាប់ខ្មាំងនេះ អាចជាអ្នកស្និតនឹង ម៉ុកតារ ប៊ែលម៉ុកតារ

ពួកភេវរជន និយមអ៊ីស្លាម បានបញ្ជាក់រួចហើយថា មូលហេតុចម្បងនៃការចាប់ចំណាប់ខ្មាំង គឺចង់ឆ្លើយតបនឹងកិច្ច​អន្តរាគមរបស់បារាំង នៅក្នុងប្រទេសម៉ាលី។ បើតាមបណ្ដាញរបស់ពួកនេះ ប្រចាំនៅប្រទេសម៉ូរីតានី បានបង្ហើបថា មេ​ដឹកនាំក្នុងការធ្វើចំណាប់ខ្មាំង ជាជនជាតិនីហ្សេម្នាក់ឈ្មោះ អាប់ដុល រ៉ាម៉ាន់ អាល់នីហ្សេរី (Abdoul Rahman al Nigeri) ជាអ្នកជិតស្និតម្នាក់ របស់ក្បាលម៉ាស៊ីននៃបណ្ដាញឈ្មោះ ម៉ុកតារ ប៊ែលម៉ុកតារ (Mokhtar Belmokhtar)  ដែលមិន​មានវត្ថមាននៅក្នុងហេតុការណ៍នេះទេ។ ជនជាតិនីហ្សេរូបនេះ បានចូលភ្ជាប់ខ្លួន មកក្នុងបណ្ដាញនេះ នៅឆ្នាំ២០០៥ ហើយជាសកម្មជនមួយរូប ប្រចាំនៅប្រទេសម៉ាលី និងប្រទេសដើមកំណើតរបស់ខ្លួន។


រោងចក្រចម្រាញ់ឧស្ម័នហ្គាសដ៏ធំ មើលពីលើ។ រូបថត Reuters / NTB Scanpix

សម្រាប់អ្នកទទួលខុសត្រូវនៃប្រទេសអាល់ហ្សេរី ភាពងាយស្រួល ដែលបានបង្កអោយពួកភេវរជន ឈានទៅកាប់កាប់​រោងចក្រ យ៉ាងធំបែបនេះ ធ្វើអោយគេសង្ស័យថា មានការចូលដៃជើងពីក្រុមកម្មករឬបុគ្គលិក ជាជនជាតិអាល់ហ្សេរី ធ្វើការនៅទីនោះ។

គេនៅមិនទាន់ដឹងថា រោងចក្រនឹងអាចដំណើរការក្នុងពេលណាវិញ នោះបានទេ។ សូមបញ្ជាក់ថា ប្រទេសអាល់ហ្សេរី អាស្រ័យលើរោងចក្រនេះ ក្នុងចំនួនភាគរយ ១០% នៃភាគរយនាំចេញទាងអស់ របស់ប្រទេស។ ក្រុមហ៊ុនសូណាត្រាច (Sonatrach) របស់អាល់ហ្សេរី បានបញ្ជាក់ថា ការបិតរោងចក្រចម្រាញ់ឧស្ម័នហ្គាស បានបង្កអោយមានការខាតបង់ ប្រមាណជា ១១លានដុល្លា (៨,២៥លានអ៊ឺរ៉ូ) ក្នុងមួយថ្ងៃ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...