«ខ្ញុំការពារទឹកដីបាន តែខ្ញុំការពារដីធ្លី ប្រពន្ធនិងកូនខ្ញុំមិនបាន»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៩ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 24, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយសាររវល់ តែការពារទឹកដី នៅតាមព្រំដែនកម្ពុជា លុះត្រឡប់មកស្រុកកំណើតវិញ ស្រាប់ដីធ្លី និងផ្ទះសម្បែង ត្រូវបានក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោក ទ្រី ភាព រំលោភយក។ នេះជាការលើកឡើង របស់លោក ទឹម ធឿន ដែលអះអាងថា ខ្លួនលោកជានាយទាហាន កងការពារព្រំដែនគោក លេខ១៤៥ ឈរជើងនៅតបន់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
លោក ទឹម ធឿន ដែលជាអ្នកស្រុកវាលវែង ខេត្តពោធិសាត់ បានរៀបរាប់ថា លោកជាទាហានម្នាក់ ក្នុងចំណោមទាហានជាច្រើនទៀត ចូលបំរើ និងការពារជាតិ ទឹកដីតាំងពីឆ្នាំ១៩៩៧។ តែផ្ទុយពីកម្លាំងកាយចិត្ត ដែលបានបូជាជូនមាតុភូមិ លោករួមទាំងប្រជាពលរដ្ឋជាច្រើនទៀត បែរជាបានរងគ្រោះ នឹងការរំលោភបំពានដីធ្លី ផ្ទះសម្បែង ពីសំណាក់ក្រុមហ៊ុន របស់ឧកញ៉ាដ៏ល្បីឈ្មោះ លោក ទ្រី ភាព។
លោកថា ក្នុងឆ្នាំ២០១០ ក្រុមហ៊ុននេះបានចូលខ្លួន មកអះអាងថា ធ្វើការអភិវឌ្ឍន៍ តំបន់មូលដ្ឋានស្រុកវាលវែង ដែលជាស្រុកកំណើរ ឬទីលំនៅរបស់ខ្លួននេះ។ បើតាមតំណាងក្រុមហ៊ុន ដែលស្រង់សម្ដីដោយលោក ទឹម ធឿន នោះ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ រួមទាំងគ្រួសាររបស់លោក ទឹម ធឿន ផង បានរស់នៅលើដីខ្លួនឯង ដោយ«ខុសច្បាប់»។ ហើយ ក្រុមហ៊ុននេះ មិនអនុញ្ញាតឲ្យពួកលោក ចូលដាំដុះបន្លែបង្ការ ក្នុងដីធ្លីដែលពួកលោក ធ្លាប់កាន់កាប់នោះឡើយ។
ដីធ្លីដែលលោក ទឹម ធឿន អះអាងថាបានកាន់កាប់ តាំងពីយូរមកហើយនោះ មានប្រវែងទទឹង ប្រមាណ១០០ម៉ែត្រ និងបណ្ដោយ៣០០ម៉ែត្រ ស្ថិតនៅភូមិសង្គមថ្មី ស្រុកវាលវែង ខេត្តពោធិសាត់។ លោកធ្លាប់ត្រូវបានសាលាដំបូង ខេត្តពោធិ៍សាត់ កោះហៅទៅសាកសួរ ពាក់ព័ន្ធនឹងរឿងដីនេះដែរ បន្ទាប់ពីប្រពន្ធរបស់លោក មានការឈ្លោះប្រកែក ដោយពាក្យសំដីជាមួយនឹងមន្ត្រីបរិស្ថាន និងតំណាងក្រុមហ៊ុន ព្រោះតែចង់ការពារដីលំនៅដ្ឋានរបស់ខ្លួន។
លោកបញ្ជាក់ថា ដីផ្ទះរបស់លោក និងដីរបស់អ្នកភូមិជាង ២០គ្រួសារផ្សេងទៀត ដែលកំពុងរស់នៅសព្វថ្ងៃនោះ គឺជាតំបន់វាលស្រឡះ ហើយពួកគាត់បានមកកាន់កាប់ និងដាំដំណាំតាំងពីឆ្នាំ២០០៦ មក ទើបតែនៅក្នុងឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនចូលមក ទើបមន្ត្រីបរិស្ថានប្រាប់ថា ពួកគាត់កាន់កាប់ដី នៅលើតំបន់ដីព្រៃអភិរក្ស។
ទាហានអាយុ៣៨ឆ្នាំរូបនេះ បានលើកឡើងថា ព្រោះតែមានបញ្ហាវិវាទ ជាមួយក្រុមហ៊ុននោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ មិនត្រូវបានក្រុមនិស្សិតស្ម័គ្រចិត្ត ធ្វើការវាស់វែងដីធ្លី ឲ្យនោះទេ ដោយពួកគេអះអាងថា ត្រូវរង់ចាំវិធានការ និងការដោះស្រាយ ពីទីស្តីការគណរដ្ឋមន្រ្តី ពីក្រសួងដែនដីនគរោបនីយកម្ម។ល។ តែរហូតមកដល់ពេលនេះ នៅតែគ្មានដំណោះស្រាយ ហើយដីធ្លី ផ្ទះសម្បែងពលរដ្ឋ ក៏នៅបន្តមានជំលោះ ដោយគ្មានការវាស់វែង ឬការដោះស្រាយអ្វីសោះ។
«ខ្ញុំការពារដី ប្រពន្ធ និងកូនខ្ញុំមិនបាន...»
តែនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្រាប់តែខាងក្រុមហ៊ុន បានប្រើប្រាស់នូវគ្រឿងចក្រ មកឈូសឆាយដី និងផ្ទះប្រចាឡរដ្ឋ គ្មានសេសសល់អ្វីឡើយ។
ស្រដីក្នុងសភាពឈឺចាប់ រកអ្វីថ្លែងពុំបាន លោក ទឹម ធឿន បានឲ្យដឹងទៀតថា៖ «ខំការពារទឹកដី ខំការពារព្រំដែន។ ជាក់ស្តែងប្រពន្ធកូនខ្ញុំ ជាប្រជាពលរដ្ឋ ឯខ្ញុំជាទាហាន... អ្វីដែលខ្ញុំឈឺចិត្តនោះ គឺខ្ញុំការពារទឹកដីបាន តែខ្ញុំអន់ចិត្តណាស់ ដែលខ្ញុំការពារដី ប្រពន្ធ និងកូនខ្ញុំមិនបាន។ ខ្ញុំអន់ចិត្តជាខ្លាំង។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក ព្រុំ ង៉ុន មេឃុំថ្មដា ជុំវិញការចោទប្រកាន់ខាងលើ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឡើយ។ តែអភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា ធ្លាប់បានអះអាង ក្នុងរយៈកាលកន្លងមកថា គណៈកម្មការចម្រុះខេត្ត សហការជាមួយនឹងស្រុកវាលវែង បានចុះពិនិត្យដល់មូលដ្ឋានផ្ទាល់ បន្ទាប់ពីក្រុមនិសិ្សតវាស់វែងដីធ្លី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់សកម្មភាពរបស់ខ្លួន ក្នុងការវាស់វែងដីធ្លី នៅតំបន់នោះរួច៕
» សូមស្តាប់ការលើកឡើងរបស់លោក ទឹម ធឿន ដូចខាងក្រោម៖