កម្ពុជាថ្មី បញ្ឆេះ សាសា បន្ថែម រឿងគ្រោះថ្នាក់ចរាចរណ៍
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿង សាសា អតីតតារាទូរទស្សន៍ ដែលរងការវាយតប់ ពីឧកញ៉ា សុខ ប៊ុន អាចមានតភាគទៅ វែងឆ្ងាយទៀត ជាពិសេសនៅជុំវិញព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ ដែលសារព័ត៌មាននៅក្នុងស្រុក បានផ្សាយថា បង្កឡើងដោយអតីតតារាទូរទស្សន៍ ក្នុងសភាពស្រវឹងជោគប្រាណ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥។ បន្ទាប់ពីថ្ងៃគ្រោះថ្នាក់នោះមួយថ្ងៃ កញ្ញា សាសា តារាដែលនៅមិនទាន់មានកន្លែងរះ តែល្បីដោយសាររឿងវាយតប់ ពីសំណាក់លោកឧកញ៉ា សុខ ប៊ុន នោះ បានបដិសេធព័ត៌មាននេះ ដោយព្រមានអ្នកកាសែត របស់សារព័ត៌មាន«កម្ពុជាថ្មី» ថានឹងមក«សួរសុខទុក្ខ» ដល់ការិយាល័យ។ ប៉ុន្តែអត្ថបទថ្មីមួយ របស់សារព័ត៌មាននេះ បានបញ្ឆេះភ្លើង ដែលជិតរលត់ទៅហើយ ឲ្យកម្រើកឆេះឡើងវិញ។
អត្ថបទចេញផ្សាយ របស់«កម្ពុជាថ្មី» កាលពីថ្ងៃទី៦ ខែសីហា ដែលមានចំណងជើង «រឿងគ្រោះថ្នាក់ចរាចរណ៍ របស់កញ្ញា សាសា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក» បានបន្ថែមរឿងលំអិតជាច្រើនទៀត ទាក់ទងនឹង«ជនស្រវឹង» បើកបរយានយន្ដទំនើប របស់ខ្លួន ទៅបុករ៉ឺមកដឹកទឹកកក បណ្ដាលឲ្យអ្នកបើកបររ៉ឺមក របួសធ្ងន់។ សារព័ត៌មានបានស្រង់ប្រភពអានាមិក មកបញ្ជាក់ថា ក្រុមកញ្ញា សាសា មានគ្នាប្រមាណ១០នាក់ ក្នុងនោះគឺមាននារីតែ២នាក់ប៉ុណ្ណោះ គឺកញ្ញាសាសា និងនារីម្នាក់ទៀត ដែលគេមិនស្គាល់ បានធ្វើដំណើរចូលទៅក្នុង អាហារដ្ឋានយីហោ តោពីរ ដោយពួកគេបាននាំគ្នាផឹកស្រា បាឡង់ទីន។ សារព័ត៌មានបានស្រង់ការអះអាង របស់ប្រភពនោះ មកសរសេរថា «កញ្ញា សាសា ផឹកស្រាដូចផឹកទឹក» មុននឹងទូរស័ព្ទ នៅម៉ោងប្រមាណជា ១១យប់ ទៅកក់សាឡុង នៅក្លិបកម្សាន្ត «ស្តារឡាយ» ដើម្បីបន្តការកំសាន្ដរាំរែក របស់ពួកគេ។
មន្ត្រីយោធាម្នាក់ជម្លៀស សាសា ចេញ?
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅវេលាម៉ោង ១១និង៥០នាទីយប់ ត្រង់ចំណុច ក្បែរមន្ទីរពេទ្យវិសាលសុខ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងនោះភ្លាម មានអ្នកឃើញ មន្ត្រីយោធាម្នាក់ ដែលគេមិនស្គាល់ បានអូសដៃកញ្ញាសាសា ជម្លៀសចេញពីចំណុចកើតហេតុ ដោយទុកនាទីនេះឲ្យទៅឈ្មោះ តូ (ឈ្មោះពិត ឡូ ប៊ុនរិទ្ធ) ម្ចាស់ផ្ទះសំណាក់ស្តារវីឡា ជាអ្នកចេញមុខដោះស្រាយ ហើយឈ្មោះ តូ បានអះអាងនៅក្នុងកំណត់ហេតុ របស់សមត្ថកិច្ចថា ជារថយន្តរបស់ខ្លួន។
សារព័ត៌មានបានរំលឹកការបង្ហើបប្រាប់ ពីមន្ត្រីនគរបាលចរាចរណ៍មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ មកសរសេរថា ក្រោយពេលកើតហេតុ ម្ចាស់ក្រុមហ៊ុនលក់រថយន្តយីហោ ហេង ហ៊ុយ បានហៅរថយន្តស្ទូច របស់ឈ្មោះ អាន មកស្ទូចយកទៅលាក់ទុក នៅក្នុងផ្ទះឈ្មោះ អាន នេះ ជាថ្នូរនឹងប្រាក់ចំនួន១០០ដុល្លារ។ ចំណែកកញ្ញា សាសា វិញ នៅដេកយ៉ាងរំភើយនៅក្នុងសណ្ឋាគារ ភ្លាស់ស៊ី ស្អែកឡើង ទើបបានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីបង្វែងដានរឿងនេះ និងដើម្បីចោទប្រកាន់ ទៅលើអ្នកកាសែតថា បានចុះផ្សាយរឿងខ្លួនមិនពិត។
ល្បិចបង្វែងដាន ព្រោះមានឥទ្ធិពល?
វែងឆ្ងាយជាងនេះ សារព័ត៌មានបានទូរស័ព្ទ សុំសម្ភាសលោក ឈាង រ៉ុង នាយរងផ្នែកសណ្ដាប់ធ្នាប់ក្រុង និងបានរាយការណ៍ថា នគរបាលបានទៅដល់កន្លែងកើតហេតុ នៅក្រោយការសម្របសម្រួល នៃប្រាក់៣លានរៀលនោះ រួចហើយ។ រីឯអ្នករបួសក៏ត្រូវបានដឹកចេញ ទៅកាន់មន្ទីរពេទ្យវិសាលសុខបាត់ដែរ។ លោក ឈាង រ៉ុង បានសួររកអ្នកបើកបរ ក៏ស្រាប់តែមានយុវជនម្នាក់ឈ្មោះ ឡូ ប៊ុនរិទ្ធ ដែលជាម្ចាស់ផ្ទះសំណាក់ស្តារវីឡា បានចេញមុខមកប្រាប់ថា ខ្លួនជាអ្នកចាត់ចែង ដោះស្រាយក្នុងរឿងនេះ ហើយខ្លួនក៏ជាអ្នកធានា លើរថយន្តនេះដែរ ព្រោះរថយន្តនោះជារបស់ខ្លួន។
កាន់តែចម្លែកខ្លាំង គឺរថយន្ដបង្កនោះ មិនមានស្លាកលេខទេ ឬក៏អាចត្រូវបានដកស្លាកលេខទុក ដើម្បីមិនឲ្យអ្នកផង អាចកំណត់អត្តសញ្ញាណបាន។ ករណីនេះ ជាទង្វើខុសច្បាប់ចរាចរណ៍ នៅកម្ពុជា ដែលមិនអនុញ្ញាតឲ្យយានយន្ដ ដែលគ្មានស្លាកលេខ បើកបរលើទ្រូងផ្លូវនោះបានឡើយ។ ហើយបើទោះជា ជនបង្កមានគំនិតខូច ដោះយកស្លាកលេខនេះទុក បន្ទាប់ពីគ្រោះថ្នាក់ក៏ដោយ ក៏សមត្ថកិច្ចនៅតែអាចស្វែង រកឃើញជនបង្កនោះ មកវិញបានដែរ។ ជនបង្កនោះ អាចនឹងមានទោស ពីការបន្លំអត្តសញ្ញាណ ស្លាកលេខយានយន្ដនោះថែមទៀត។
យកខ្លួនមកប្រឡាក់ ដោយខ្លួនឯង?
ភ្លាមៗ នៅក្រោយការចុះផ្សាយ របស់សារព័ត៌មាននានា នៅថ្ងៃទី៣ ខែសីហា កញ្ញា សាសា បានប្រតិកម្មតប នៅលើគណនីហ្វេសប៊ុក របស់នាងថា៖ «ឡាននោះ ជាឡានមិត្តខ្ញុំ នៅបាត់ដំបង់ទេ»។ នៅត្រង់ចំណុចនេះ គឺហាក់បីដូចកញ្ញា សាសា បានយកខ្លួនមកភ្ជាប់នឹងករណីនេះ ដោយខ្លួនឯង។ ព្រោះបើនាងមិនមានវត្តមាននៅបាត់ដំបងទេ ដូចជាមិនចាំបាច់អីត្រូវបកស្រាយ ថារថយន្ដបង្កនោះ ជារថយន្ដរបស់មិត្តភ័ក្ររបស់នាងឡើយ។
ចំពោះភាពលំអិត នៃការផ្សាយព័ត៌មានខាងលើ ប្រសិនបើកញ្ញា សាសា យល់ឃើញថា វាបានប៉ះពាល់ខ្លាំង ទៅនឹងកិត្តិយសរបស់នាង ហើយនាងមានសាក្សី ក្នុងការអះអាងថា នាងមិនមានវត្តមាន នៅក្រុងបាត់ដំបងនាយប់នោះទេ អតីតតារាទូរទស្សន៍ អាចធ្វើការបកស្រាយបាន ជាពិសេសត្រូវនាំទាំងសាក្សីនោះមកផង។ សង្ឃឹមថា នឹងមានការបកស្រាយ ហើយក្រុមអ្នកសារព័ត៌មាន នឹងត្រៀមបង្ហូទឹកខ្មៅ ដើម្បីចុះផ្សាយការបំភ្លឺនេះ៕