ផ្ទុះ​​រឿង​«ពុក​​រលួយ» ក្នុង​ការ​ផ្ដល់​សិទ្ធិ បាល់​ទាត់​ពិភពលោក ឆ្នាំ២០១០

បើតាមរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក បានឲ្យដឹងថា មេដឹកនាំរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានប្រើប្រាស់ សំណូកក្រោមតុជាច្រើន ដើម្បីទាក់ទាញឲ្យមានការសម្រេចចិត្ត ក្នុងការប្រគល់ ការរៀបចំការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ២០១០ ទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូង។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 27, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ដល់សិទ្ធិ ទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូង ក្នុងការរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១០ បានធ្វើឡើង «ដោយ​ការស៊ីសំណូក»។ នេះជាការចោទប្រកាន់ របស់អ្នកស្រីរដ្ឋមន្ត្រី យុត្តិធម៌អាមេរិក ប្រចាំរដ្ឋញ៉ូយក នៅក្នុងសន្និសីទ​ការសែតមួយ ស្ដីពីអំពើ«ពុករលួយ» នៅក្នុងសហព័ន្ធបាល់ទាត់អន្តរជាតិ។

អ្នកស្រីរដ្ឋមន្ត្រី ឡូរ៉េតា លីនឆ៍ (Loretta Lynch) បានពន្យល់ថា៖ «ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១០ ត្រូវបាន​ប្រគល់ ទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូង ជាលើកទីមួយ សម្រាប់ទ្វីបអាហ្វ្រិក។ (...) ប៉ុន្តែក្នុងឱកាស ជាប្រវត្តិសាស្ត្រនេះ មេដឹកនាំរបស់ហ្វីហ្វា និងមនុស្សមួយចំនួនទៀត បានធ្វើអំពើពុករលួយ ទៅលើនិតិវិធី នៃការប្រគល់សិទ្ធិនេះ ដោយបាន​ប្រើប្រាស់ នូវសំណូកក្រោមតុ ដើម្បីធ្វើឲ្យលំអៀង ក្នុងការសម្រេចចិត្ត។»

ចំពោះអ្នកនាំពាក្យ នៃសហព័ន្ធបាល់ទាត់អាហ្វ្រិកខាងត្បូងវិញ លោក ដូមីនិក ឈីមហាវី (Dominic Chimhavi) បាន​ប្រតិកម្ម​វិញថា៖ «នេះ វាគ្រាន់តែជាការចោទប្រកាន់មួយប៉ុណ្ណោះ។ នៅទីនេះ (ប្រទេសអាហ្វ្រិកខាងត្បូង) គ្មាននរណាម្នាក់ ត្រូវដាក់ ឲ្យស្ថិតក្រោមការស៊ើបអង្កេត នោះឡើយ។»

មនុស្សសំខាន់៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រទេសស្វីស

ស្ថិតក្នុងពេលតែមួយ នៅក្នុងក្រុង ហ្សូរីឆ (Zurich) ប្រទេសស្វីសឯណេះវិញ បុគ្គលិកជាន់ខ្ពស់ របស់ហ្វីហ្វា ចំនួន៧នាក់ ត្រូវ​បានឃាត់ខ្លួន នៅព្រឹកថ្ងៃពុធនេះ ហើយអាចនឹងត្រូវធ្វើការបញ្ជូនខ្លួន ចេញទៅកាន់សហរដ្ឋអាមេរិក តាមការស្នើសុំ ធ្វើ​«បត្យាប័ន» របស់ប្រទេសមហាអំណាច មួយនេះ។ ប៉ុន្តែសម្រាប់ប្រព័ន្ធយុត្តិធម៌អាមេរិកាំងវិញ បានធ្វើការចោទប្រកាន់ មេ​ដឹកនាំជាន់ខ្ពស់របស់ហ្វីហ្វា ដល់ទៅ៩នាក់ និងដៃគូសហការ របស់ស្ថាប័នបាល់ទាត់ ពិភពលោកមួយនេះ ចំនួន៥ផ្សេង​ទៀត ថាបានពាក់ព័ន្ធ ក្នុងសំនុំរឿង«ពុករលួយ» ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ។

ជនសង្ស័យទាំងអស់ មិនមានការអះអាងថា មានលោក សេហ្វ ប្លាស្ទ័រ (Sepp Blatter) ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ នៅក្នុងនោះទេ។ ហេតុការណ៍ទទួលសំណូក របស់ក្រុមមេដឹកនាំហ្វីហ្វា ត្រូវបានក្រុមអ្នកស៊ើបអង្កេតអាមេរិក ទម្លាយឲ្យ​ដឹង​ថា អាចកើតឡើងតាំងពីឆ្នាំ១៩៩០ ដោយបានទទួលប្រាក់ជាច្រើន ជាថ្នូរទៅនឹងសិទ្ធិផ្សព្វផ្សាយ សិទ្ធិទីផ្សារ និងសិទ្ធិនៃការ​ឧបត្ថម្ភ ការប្រកួតបាល់ទាត់ ពិភពលោក នៅសហរដ្ឋអាមេរិក និងនៅប្រទេសអាហ្វ្រិកខាងត្បូង។

មនុស្សជាប់ចោទ ទាំង៧នាក់ ដែលស្ថិតក្រោម ការឃុំឃាំងរបស់អាជ្ញាធរស្វីស បានបដិសេធទោសកំហុស និងប្រកែកទៅ​នឹងការចាប់បញ្ជូនខ្លួន ទៅកាន់អាមេរិក។ ប៉ុន្តែអាជ្ញាធរស្វីស នឹងស្នើសុំទៅអាមេរិកវិញ ឲ្យបញ្ជូនឯកសារចោទប្រកាន់​សំខាន់ៗ មកឲ្យខ្លួន ក្នុងរយៈពេល៤០ថ្ងៃ ដើម្បីឲ្យនិតិវិធីនៃការចាប់បញ្ជូន អាចត្រូវបានយកមកពិនិត្យ។ ដំណឹងចុងក្រោយ ទើបនឹងធ្លាក់មកដល់ បានឲ្យដឹងថា ជនជាប់ចោទម្នាក់ បានឆ្លើយនៅចំពោះ អ្នកស៊ើបអង្កេតស្វីសថា ខ្លួនត្រៀមខ្លួន ស្ម័គ្រ​ចិត្ត​ចេញទៅសហរដ្ឋអាមេរិក ដើម្បីសហការក្នុងករណីនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...