ការចុះបញ្ជីគណបក្សអំណាចខ្មែរ នៅចំពោះពិរុទ្ធភាពនៃ សួន សេរីរដ្ឋា...
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១៧ មករា ២០១៤
- កែប្រែចុងក្រោយ: January 18, 2015
- ប្រធានបទ: ងាកមើល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា អាចទទួលបានភ្លើងខៀវ ដើម្បីបើកការិយល័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាដែរឬទេ បើពេលនេះលោកត្រូវបានតុលាការកម្ពុជាសម្រេចឲ្យមានទោសទៅហើយនោះ?
បើទោះជា ក្នុងពេលកន្លងមកថ្មីៗនេះ សេចក្ដីប្រកាសព័ត៌មានមួយ របស់អគ្គលលេខាធិការរបស់គណបក្សអំណាចខ្មែរ លោក សៀង សុភារក្ស បាននិយាយពីផ្លូវច្បាប់ និងក្ដីសង្ឃឹម ក្នុងការចុះបញ្ជីគណបក្សខ្លួន នៅក្រសួងមហាផ្ទៃកម្ពុជានោះក៏ដោយ តែដើម្បីទទួលបានភ្លើងខៀវទាំងស្រុង ឬយ៉ាងណានោះ គេត្រូវពិនិត្យទៅលើទិដ្ឋភាពពីរយ៉ាង។
ទីមួយ៖ ទិដ្ឋភាពនយោបាយចាស់
អនុលោមទៅតាមច្បាប់កម្ពុជា ជាពិសេសទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ គ្រប់ពលរដ្ឋកម្ពុជាសុទ្ធតែមានលទ្ធភាពប្រមូលគ្នាជាក្រុម ដើម្បីបើកគណបក្សនយោបាយ សំដៅចូលប្រឡូកក្នុងការបោះឆ្នោត បានដោយសេរី។ ហើយក៏ដោយសារតែបរិបទផ្លូវច្បាប់នេះដែរ ទើបគណបក្សនយោបាយថ្មី របស់លោក សួន សេរីរដ្ឋា ដែលគេបានស្គាល់ថា ជាខ្មែរមួយរូបទៅអង្គុយជាមួយក្រុមអាវលឿងថៃ ដើម្បីសរសើរថៃរិះគន់ខ្មែរនោះ បានប្ដូរឈ្មោះគណបក្សនេះ ពី«អំណាចពលរដ្ឋខ្មែរ» មកជា«អំណាចខ្មែរ»។ ប្ដូរឈ្មោះ ព្រោះ«អំណាចពលរដ្ឋខ្មែរ» ជាចលនាមួយ ដែលសម្រាប់អាជ្ញាធរខ្មែរ បានចាត់ទុកជា«អង្គការភេវរកម្ម» ចង់ផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។
ដូច្នេះចង់ឬមិនចង់ ដើម្បីអាចបង្កើតជាគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ចលនា«អំណាចខ្មែរ»និងលោក សួន សេរីរដ្ឋា ខ្លួនលោក ត្រូវតែប្រកាសជំហររបស់ខ្លួនដោយឥតងាករេ ក្នុងការគោរពការពាររដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសបាវចនាទាំងបី «ជាតិ សាសនា ព្រះមហាក្សត្រ»។ ប៉ុន្តែករណីនេះ អាច«ហាទៅវាស្លាក់ ខ្ជាក់មកវាស្លែង» ព្រោះចលនាដែលមានប្រភពនៅអាមេរិកមួយនេះ តែងតែប្រកាសខ្លួនជារឿយៗ ថាខ្លួនជាក្រុមសាធារណៈរដ្ឋនិយម និងបានធ្វើការវាយប្រហារយ៉ាងចាស់ដៃ ទៅលើរបបរាជានិយម និងព្រះមហាក្សត្រនៅកម្ពុជា ទៅតាមអ្វីដែលក្រុមនេះយល់ថា ជា«ការពិតនយោបាយ»។ ជាពិសេស ចលនាអំណាចពលរដ្ឋខ្មែរ ដែលប្រឆាំងវៀតណាមនីយកម្មនៅកម្ពុជា និងស្ថាបនិករបស់ចលនានេះផង បានចាត់ទុកលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ថាគ្រាន់តែជាមនុស្សកំសាក និងជា«អាយ៉ង»លោតក្រោមខ្សែញ៉ាក់ របស់ប្រទេសកុម្មុយនីសវៀតណាមប៉ុណ្ណោះ។
សកម្មភាពអស់ទាំងនេះហើយ ដែលជាជំហ៊ានធ្វើឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចសាលក្រមរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែមករានេះ ប្រឆាំងស្ថាបនិកចលនាដ៏មហិមា លោក សួន សេរីរដ្ឋា ដោយកាត់ក្ដីឲ្យប្រធានគណបក្សអំណាចខ្មែររូបនេះជាប់ពន្ធនាគារ៧ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន២៥លានរៀល ក្រោមបទចោទមានចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងរួមគំនិតក្បត់ជាតិអំឡុងពេលបោះឆ្នោតតំណាងរាស្ត្រកាលពី ខែកក្កដាឆ្នាំ២០១៣កន្លងមក។ នៅក្នុងសាលក្រមនៃសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលោកចៅក្រម តុប ឈុនហេង នោះ ក៏គេបានឃើញមានដីការ ឲ្យតាមចាប់ខ្លួនលោក សួន សេរីរដ្ឋា មកទទួលទោសតាមច្បាប់ដែរ។
ផ្ទុយទៅវិញ សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែមករា របស់អគ្គលលេខាធិការរបស់គណបក្សអំណាចខ្មែរ លោក សៀង សុភារក្ស បានបញ្ជាក់ថា សាលក្រមសាលាដំបូងរាជធានីភ្នំពេញ មិនប៉ះពាល់ដល់ការចុះបញ្ជីឈ្មោះ នៃគណបក្សអំណាចខ្មែរនេះ ទៅកាន់ក្រសួងមហាផ្ទៃនោះទេ ដោយសំអាងថា «ច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មិនបានហាមប្រាម ឬបិទសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋណាម្នាក់ ក្នុងការបង្កើតគណបក្សនយោបាយ» ហើយថា «លោក សួន សេរីរដ្ឋា មានសិទ្ធិប្ដឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមនេះ»។
ភ្លាមៗនេះ ក្រសួងមហាផ្ទៃកម្ពុជាមិនបានធ្វើប្រតិកម្មអ្វីទេ ជុំវិញការប្រកាសព័ត៌មានរបស់លោក សៀង សុភារក្ស។ ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងកាលពីអំឡុងខែមេសាឆ្នាំទៅម៉ិញ ថា«ចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ទំនងជាមិនអាចចុះឈ្មោះ ទៅជាគណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជាបានទេ»។ លោកខៀវ សុភ័គ បានបញ្ជាក់ថា លោក សួន សេរីរដ្ឋា នៅជំពាក់ច្បាប់ ត្រង់ដែលលោកនៅមិនទាន់ទទូលបានការចាប់ខ្លួន ពីដីការរបស់តុលាការកម្ពុជានៅឡើយ។ អ្វីដែលត្រូវអនុវត្តន៍មុនបំផុត នៃការចុះឈ្មោះបង្កើតគណបក្សនយោបាយនោះ គឺការចាប់ខ្លួនលោក សួន សេរីរដ្ឋា ។
ទីពីរ៖ ទិដ្ឋភាពនយោបាយថ្មី
ទោះបីមានការថ្លែងទាយទុកមុន របស់លោក ខៀវ សុភ័គ ខាងលើក៏ដោយ តែសម្រាប់ការអនុញ្ញាតចុះបញ្ជី នៅក្រសួងមហាផ្ទៃកម្ពុជា អាចនៅមានក្ដីសង្ឃឹមនៅឡើយ សម្រាប់គណបក្សអំណាចខ្មែរ។ នេះបើគេយោង ពីបរិបទនៃនយោបាយថ្មីៗចុងក្រោយ ដែលទើបនឹងកើតឡើង។ ព្រឹត្តិការណ៍នេះ មានរាប់បញ្ចូល ទាំងចលនាបណ្ដាញសង្គមថ្មីរបស់លោក កែម ឡី និងទាំងការយាងត្រឡប់ មកដឹកនាំគណបក្សហ្វ៊ុនស៊ីនប៉ិចវិញ របស់ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បន្ទាប់ពីអតីតព្រះប្រធានគណបក្សរាជានិយមអង្គនេះ បានដើរចេញពីគណបក្សជាង៨ឆ្នាំមកនោះ ដែលធ្វើឲ្យក្រុមអ្នកស្និតនឹងគណបក្សសង្គ្រោះជាតិសព្វថ្ងៃ គិតថាទាំងនេះជា«ល្បិចបំបែកសម្លេង»របស់គណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី ខ្លួនលោក ក៏ជឿជាក់ថា ការបង្កើតឲ្យមានបក្សតូចៗនៅប្រទេសកម្ពុជា ជាចេតនាក្នុងការបំបែកសម្លេងពីគណបក្សរបស់លោកដែរ និងទំនងជាមានការជ្រោមជ្រែងពីក្រោយ ដោយគណបក្សប្រជាជនកម្ពុជា។ ថ្លែងកាលពីថ្ងៃទី១៤ ខែមករា នៅឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានពន្យល់ថា៖ «បើគេដឹងថា អ្នកស្នេហាជាតិរួមគ្នា គណបក្សប្រជាជនកម្ពុជាចាញ់។ ដូច្នេះហើយ បានជាគេបង្កើតគណបក្សតូចៗ ដើម្បីបំបែកសន្លឹកឆ្នោត»។
តែការលើកឡើងដូច្នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា និងគណបក្ស«តូចៗ»ទាំងនោះបដិសេធ និងចាត់ទុកថា នោះជាវប្បធម៌លាបពណ៌ របស់លោក សម រង្ស៊ី។ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖ «ការប្រកាន់យកនូវវប្បធម៌ទាត់ចោលសម្លេងភាគតិច ជាគំរូអាក្រក់មួយ ដែលប្រជាពលរដ្ឋនឹងពិចារណាថា បើគណបក្ស(សង្គ្រោះជាតិ)មួយនេះជាប់ឆ្នោត អ្វីៗត្រូវស្ថិតនៅក្នុងសភាពផ្តាច់ការ»។
រីឯគណបក្សអំណាចខ្មែរវិញ តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល បានបរិហារការលើកឡើងរបស់លោក សម រង្ស៊ី ថាកំពុងចាត់ទុកពលរដ្ឋ និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ គឺជាសត្វ«ពាហនៈ» ដែលត្រូវតែនៅក្នុងក្រោល និងជាកម្មសិទ្ធិរបស់ខ្លួនអស់មួយជីវិត មិនមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំថ្មី ក្រៅពីមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះមិនពិបាកយល់ទេ សម្រាប់គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ដែលតែងតែគិតថា «សត្រូវរបស់សត្រូវខ្ញុំ ជាមិត្តរបស់ខ្ញុំ» ក្នុងជម្រើសដើម្បីផ្ដល់ការចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ទៅឲ្យគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា នោះ។
សូមរំលឹកឡើងវិញដែរថា លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ក៏បានដាក់ពាក្យសុំបង្កើតគណបក្សអំណាចពលរដ្ឋខ្មែរ ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤។ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ តំណាងគណបក្សអំណាចពលរដ្ឋខ្មែរ ធ្លាប់បានជួបជាមួយមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាលើការស្នើសុំបង្កើត ចុះឈ្មោះគណបក្សអំណាចពលរដ្ឋខ្មែរ និងបានប្ដូរឈ្មោះមកជាគណបក្សអំណាចខ្មែរ។ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណា ពីក្រសួងមហាផ្ទៃនៅឡើយ៕