ព្រះ​សង្ឃ​ចូល​រួម​បោះ​ឆ្នោត ជា​ការ​«ខុស​ច្បាប់»​ បើ​តាម​រដ្ឋ​មន្ត្រី​សាសនា

ជុំវិញបញ្ហាសិទ្ធិរបស់ព្រះសង្ឃ ចូលរួមក្នុងការបោះឆ្នោត នៅតែជាបញ្ហាយ៉ាងចម្រូងចម្រាស់។ ប៉ុន្តែ​សម្រាប់​រដ្ឋ​មន្រ្តី​ក្រសួង​ធម្មការ និងកិច្ចការសាសនា លោក មិន ឃិនវិញ ព្រះសង្ឃគ្មានសិទ្ធិឈរឈ្មោះ និងចូលរួមការបោះឆ្នោតបានឡើយ ព្រោះ​ព្រះ​សង្ឃ​ត្រូវគង់ជាទីគោរពសក្ការៈ របស់ប្រជាពលពុទ្ធបរិស័ទគោរពទៅតាមព្រះពុទ្ធឱវាទ និង​ព្រះ​ធម៌​វិន័យ​។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វិទ្ធី - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៤
  • កែប្រែចុងក្រោយ: January 17, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​ចំពោះ​មុខ​ពុទ្ធ​បរិស័ទ ព្រះ​សង្ឃ​រាប់​រយ​អង្គ ក្នុង​វត្ត​សំរោង​អណ្តែត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ លោក​រដ្ឋមន្រ្តី​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា បាន​លើក​ឡើង​ថា តាម​ច្បាប់​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា ក្នុង​ករណី​ព្រះ​សង្ឃ​ដែល​មាន​បំណង​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត ឬ​ទៅ​បោះ​ឆ្នោត​នោះ ត្រូវ​ធ្វើ​ការ​«លា​ចាក​សិក្ខាបទ»​ជា​ចាំ​បាច់។ លោក​​បាន​ពន្យល់​ថា ព្រះ​សង្ឃ​អាច​ធ្វើ​សកម្ម​ភាព​នានា​ជួយ​សង្គម​បាន។ តែ​ព្រះ​សង្ឃ​មិន​អាច​ចូលរួម ក្នុង​សកម្មភា​ព​នយោបាយ ពិសេស​គាំទ្រ​គណបក្ស​នយោបាយ​បាន​ឡើយ។ បើ​តាម​លោក​រដ្ឋ​មន្ត្រី ព្រះ​សង្ឃ​ត្រូវ​តែ​នៅ​ឲ្យ​ឆ្ងាយ ពី​ការ​គាំទ្រ​បក្ស​នយោបាយ​ណា​មួយ ហើយ​ព្រះ​សង្ឃ ជា​ស្រែ​បុណ្យ និង​ជា​ទី​សក្ការៈ​នៃ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ទូទាំង​ប្រទេស។

រដ្ឋមន្រ្តីក្រសួងធម្មការ និងកិច្ចការសាសនា បានបញ្ជាក់ថា៖ «ព្រះសង្ឃគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត និង​មិនអាចចូលរួមបោះឆ្នោតបានទេ។ (…) ប៉ុន្តែកន្លងមក ព្រះសង្ឃឈរឈ្មោះបោះឆ្នោត ហើយបានចូលរួមក្នុង​សកម្មភាពឃោសនាបោះឆ្នោតទៀត។»

គាំទ្រទៅនឹងការលើកឡើងខាងលើនេះដែរ គណៈកម្មការវត្តនិរោធរង្សីមួយរូប លោកតា កេត យ៉ា បាន​លើក​ឡើងថា ព្រះសង្ឃត្រូវគង់ជាអាជ្ញាកណ្តាលរបស់ប្រជាពលរដ្ឋ និងមិនអាចធ្វើការចូលរួមបោះឆ្នោត ឬឈរ​ឈ្មោះ ឲ្យគេបោះឆ្នោតជាសមាជិកគណបក្សនយោបាយណាមួយឡើយ។ លោកតាបាននិយាយទៀតថា៖ «គ្មានប្រកាន់បក្សពួក ឈរជាអាជ្ញាកណ្តាលរបស់ប្រជាពលរដ្ឋ។ (…) ព្រះសង្ឃត្រូវអនុវត្ត ទៅតាម"គោល​នយោបាយ"របស់ព្រះសង្ឃ។»

សូមរំលឹកថា ថ្មីៗនេះ សម្រេចព្រះសង្ឃរាជទាំងពីរគណៈនៃប្រទេសកម្ពុជា ក៏ធ្លាប់បានចេញព្រះសារលិខិត ហាមឃាត់ព្រះសង្ឃ ក្នុងការចូលរួមសកម្មភាពនយោបាយ ពិសេសការចូលរួមក្នុងគណបក្សនយោបាយ​ទាំងអស់។

យ៉ាងណាក៏ដោយ រាល់អាណត្តិនៃការបោះឆ្នោតនៅកម្ពុជា គេសង្កេតឃើញមានវត្តមាននៃព្រះសង្ឃទាំងអស់ ចូលរួមក្នុងការបោះឆ្នោតគាំទ្រគនបក្សនយោបាយ មិនដែលលោះឡើយ។ ដូចជាករណីចូលរួមក្នុងការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាពេលកន្លងមក របស់ព្រះសង្ឃតែងមានការគាំទ្រពីអាជ្ញាធររដ្ឋាភិបាល និង​អាជ្ញាធរសង្ឃ និងគណបក្សនយោបាយមយយចំនួន ឲ្យចូលរួមបោះឆ្នោត បើទោះបីពុទ្ធិបរិស័ទ អង្គការ​សង្គម​ស៊ីវិល និងគណបក្សប្រឆាំងមយយចំនួន ស្នើហាមឃាត់ និងជំទាស់មិនឲ្យមានវត្តមាន​ព្រះសង្ឃចូលរួម​បោះ​ឆ្នោតក៏ដោយ។

«ព្រះសង្ឃ ក៏ជាប្រជាពលរដ្ឋមួយរួបដែរ។ ដូច្នេះព្រះសង្ឃត្រូវមានសិទ្ធិ ក្នុងការចូលរួមការបោះឆ្នោត។ សិទ្ធ​បោះឆ្នោត និងឈរឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ។ ច្បាប់កំពូលនេះ មិនបានហាមឃាត់ព្រះសង្ឃ មិនឲ្យចូលរួមក្នុងការបោះឆ្នោតឡើយ។» នេះជាអ្វីដែលអ្នកនាំពាក្យរដ្ឋាភិបាល ក៏ដូចជាសម្តេចសង្ឃទាំងពីរអង្គបានលើកឡើង មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...