តម្លៃស្ត្រី ខ្មែរ និងស្រ្តី នៅលើពិភពលោក
- ដោយ: គល់រាំង ([email protected]) - ភ្នំពេញ ថ្ងៃ២៧ កុម្ភៈ ២០១២
- កែប្រែចុងក្រោយ: July 03, 2013
- ប្រធានបទ: ស្ត្រី-តួនាទី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបំពេញឲ្យគ្នា គឺជារឿងដែលមិនអាចខ្វះបាន។ សូម្បីតែសត្វ ក៏មានសភាវៈប្រហាក់ប្រហែលគ្នាដែរ គឺតែងបំពេញឲ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង តាមរយៈរឿង សព្វប្រសិទ្ធ អ្នកនិពន្ធបានបង្ហាញថា សត្វចាបចៀបកប្បាសដែលជាមេ មានភារៈជាអ្នកនៅចាំថែទាំសំបុក ជាអ្នកនៅមើលថែកូនចៅតូចៗ នៅក្នុងសំបុករបស់វា ឯសត្វចាបចៀបកប្បាសឈ្មោល មានភារៈជាអ្នកចាកឆ្ងាយ ហោះហើរ ដើររកចំណីមកផ្គត់ផ្គង់សំបុករបស់ខ្លួន។
យ៉ាងណាម៉ិញសភាពរបស់មនុស្ស ក៏មិនខុសពីសត្វប៉ុន្មានដែរ។ ជាឧទាហរណ៍ ពីបុរាណកាលមកម្លេះ ស្ត្រីខ្មែរភាគច្រើនតែងមានភារៈ រ៉ាប់រងមើលថែកូនចៅ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះឲ្យបានល្អ។ សម្រាប់បុរសខ្មែរតែងមានភារៈ ជាអ្នកចេញទៅខាងក្រៅ ធ្វើការរកស៊ីមកទុកចិញ្ចឹមគ្រួសារ (ប្រពន្ធ កូន ឳពុកម្តាយ និងជីដូនជីតា )។ សម្រាប់ស្ត្រីនៅប្រទេសខ្លះ គឺមានសេចក្តីក្លាហានទទួលភារៈ ចេញទៅរកស៊ី នៅខាងក្រៅមិនចាញ់បុរសឡើយ។
បើទោះជាតាមសភាពជាក់ស្តែង បុរសនិងស្ត្រីមានភារៈ និងគុណសម្បត្តិដូចគ្នា ឬអាចបំពេញឲ្យគ្នាយ៉ាងនេះក្តី ក៏សង្គមមនុស្សនៅសម័យមុន មិនសូវជាចាប់អារម្មណ៍ក្នុងការឲ្យតម្លៃ ដល់ស្ត្រីដូចជាបុរសឡើយ។ ទើបតែក្រោយពីមានការទាមទារ ពីសំណាក់ស្ត្រីក្លាហាន យ៉ាងផុសផុលកន្លងមកប៉ុណ្ណោះ ទើបពិភពលោក ព្រមទទួលស្គាល់ និងលើកតម្លៃស្រ្តីឲ្យមានតម្លៃ ស្មើនឹងបុរសនៅលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។
តើស្ត្រីពិតជាមានតម្លៃ គួរឲ្យពិភពលោកយកចិត្តទុកដាក់អ្វីខ្លះ?
ឆ្លងតាមប្រវត្តិសាស្ត្រ (សង្គម វប្បធម៌ នយោបាយ ប្រពៃណី ទំនៀម) ខ្មែរបានបញ្ជាក់ថា ស្ត្រីខ្មែរ មានគុណសម្បត្តិធំធេង ដែលគួរឲ្យស្ញប់ស្ញែង ជាច្រើនដូចជា៖
ក. ស្ត្រីខ្មែរ គឺជាអ្នកជំនួញដ៏ឆ្លាតវៃ៖ ស្ត្រីខ្មែរភាគមិនថា ចាស់ក្មេងនោះទេ មិនសូវទុកពេលទំនេរ ឥតប្រយោជន៍ឡើយ។ ក្រៅពីភារៈថែរក្សា ទ្រព្យសម្បត្តិ និងអប់រំកូនចៅ បើទោះណាជាមាន ការមមាញឹកយ៉ាងណាក៏ដោយ ក៏ស្ត្រីនៅឆ្លៀតពេលរកស៊ីលក់ដូរ នៅផ្ទះជួយបន្ថែម ប្រាក់ចំណូលស្វាមីផងដែរ។ ស្ត្រីខ្លះលក់គ្រឿងទេស ខ្លះលក់នំចំណី ខ្លះធ្វើការងារសិប្បកម្ម។ល។
ខ. ស្ត្រីខ្មែរ គឺជាភរិយាដ៏ល្អរបស់ស្វាមី៖ ក្រៅពីការថែទាំទ្រព្យសម្បត្តិនិងកូនចៅ ស្រ្តីខ្មែរនៅមានភារៈយកចិត្តទុកដាក់ចំពោះប្តីថែមទៀតផង។ ស្ត្រីខ្មែរ តែងតែដើរតួនាទីជាអ្នកប្រឹក្សាយោបល់របស់ប្តី ជាអ្នកលើកទឹកចិត្តប្តីនៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសពេលដែលប្តី មានជួបឧបសគ្គក្នុងមុខរបរ។ ពេលខ្លះ ស្ត្រីហ៊ានទាំងចូលរួមអារកាត់ ក្នុងមុខរបរប្តីថែមទៀតផង។
គ. ស្រ្តីខ្មែរ គឺជាមាតាដ៏ល្អរបស់កូន៖ ពេលឳពុកទៅធ្វើការ នៅឯក្រៅបាត់ មានតែម្តាយប៉ុណ្ណោះដែលនៅជិតកូន ដឹងចិត្តកូន និងចេះជួយអប់រំ ឧបត្ថម្ភ និងលើកទឹកចិត្តកូនគ្រប់បែបយ៉ាង ដើម្បីឲ្យកូនបានក្លាយជា មនុស្សល្អ និងទទួលបានជោគជ័យនៅ ក្នុងសង្គម។
ង. ស្ត្រីខ្មែរ គឺជាអ្នកប្រកាន់ខ្ជាប់ នូវគោលការណ៍សីលធម៌ របស់ព្រះពុទ្ធសាសនា៖ ស្ត្រីខ្មែរភាគច្រើនតែមានចិត្តជ្រះថ្លានៅក្នុងការដាក់ទាន ការជួយសង្គ្រោះអ្នកដទៃឲ្យបានសុខ។ ស្ត្រីខ្មែរច្រើនតែមានព្រហ្មវិហាធម៌ ចំពោះកូន ស្វាមី ក៏ដូចជាអ្នកដទៃ។ ស្ត្រីខ្មែរតែងរាប់បាត រក្សាសីលបាន យ៉ាងខ្ជាប់ខ្ជួន។
ច. ស្ត្រីខ្មែរ គឺជាកងជីវពលដ៏ក្លាហាន របស់ជាតិ៖ ស្ថិតក្នុងស្ថានភាប្រទេសកើតសង្គ្រាម ស្ត្រីខ្មែរតែងស្ម័គ្រចិត្តជួយ រាប់រងឧបត្ថម្ភស្បៀងអារហារ នានាជូនដល់សមរភូមិមុខ ស្ត្រីខ្លះចូលខ្លួន ក្នុងការធ្វើជាទាហាន ដើម្បីវាយខ្មាំងសត្រូវឈ្លានពាន ឲ្យខ្ចាត់ខ្ចាយ។ ដូចជាសម័យលង្វែកនិងឧត្តុង្គជាដើម ស្ត្រីសម័យនោះ សុខចិត្តកាត់សក់ខ្លី ធ្វើជាបុរសបន្លំសត្រូវ វាយទ័ពសៀម ឲ្យខ្ចាត់ខ្ចាយទៅ។ បើទោះណាជាបុរស ត្រូវបានពួកសត្រូវ សម្លាប់ចោលច្រើនយ៉ាងណា ក៏ដោយក៏ស្ត្រីខ្មែរមិនមានការរួញរា ក្នុងការការពារជាតិឡើយ។
ឆ. ស្ត្រីខ្មែរ គឺជាអ្នកទាមទារសេរីភាព ដ៏សកម្មរបស់ជាតិ៖ ស្ថិតក្នុងស្ថានភាព ជួបនូវវិបត្តិសង្គម ឬរឿងអយុត្តិធម៌ក្នុងសង្គមស្ត្រី ខ្មែរតែងចេញមុខតវាជានិច្ច ដើម្បីទាមទារឲ្យបាននូវ យុត្តិធម៌សង្គម។
ជ. ស្ត្រីខ្មែរ គឺជាក្តីសង្ឃឹមរបស់បុរស៖ ទីណាដែលមានស្ត្រី គឺទីនោះតែងតែមានក្តីសង្ឃឹម មានក្តីញញឹម និងការជឿជាក់សម្រាប់បុរស ព្រោះថា ស្ត្រីខ្មែរគឺជាអ្នកដែលមានសិល្បៈខ្ពស់ ក្នុងការចរចាក៏ដូចជាការលើកទឹកចិត្ត។ ក្រុមហ៊ុនដែលឈាន មុខនៅលើទីផ្សារគេច្រើនយកស្ត្រីសម្រាប់ធ្វើជាអ្នក ទំនាក់ទំនងដូចការងារ ទទួលភ្ញៀវ ការងារលេខាធិការ និងការងារលក់ដូរជាដើម ព្រោះថា ស្ត្រីខ្មែរមានសិល្បៈខាងការរៀបចំតុបតែង មានដំណើរទន់ភ្លន់ និងចេះប្រើពាក្យពេចន៍ សុភាពរាបសារ ព្រមទាំងមានភាពឈ្លាសវៃ នៅក្នុងទំនាក់ទំនងជាដើម។
ឈ. ស្ត្រីខ្មែរ គឺជាកម្លាំងដ៏ មុតស្រួចរបស់ សហគមន៍ក៏ដូចជាប្រទេសជាតិ៖ ស្ត្រីខ្មែរមានចំនួនច្រើនជាងបុរស ជាមនុស្សឧស្សាហ៍ព្យាយាមនៅក្នុងការងារ។ ការងារដែលស្ត្រីខ្មែរធ្វើ មានដូចជាការងារសិល្បៈ កសិកម្ម ឧស្សាហកម្ម សេវាកម្មទេសចរណ៍ ពាណិជ្ជកម្មខ្នាតតូច សេវាអប់រំ សិប្បកម្មជាដើម។ល។ ដែលការងារទាំងអស់នេះ សុទ្ធតែអាចផ្តល់កំណើនខ្ពស់ ដល់សេដ្ឋកិច្ចជាតិ។
ញ. ស្ត្រីខ្មែរ គឺជាគ្រូបង្រៀនរបស់ជាតិ៖ ស្ត្រីខ្មែរ គឺជាមនុស្សសក្តិសម ទីមួយនៅក្នុងវិស័យអប់រំនៅបឋមសិក្សា។ ការអប់រំមនុស្ស គឺជាកិច្ចការសំខាន់ដែលមិនអាចខ្វះបាន។ ការអប់រំកុមារ រឹតតែសំខាន់ណាស់ទៅទៀត វាមិនខុសពីការដាំដើមរុក្ខជាតិ ឡើយ គឺដើម្បីបានឈើល្អ យកទៅប្រើប្រាស់ គេត្រូវតែមានបច្ចេកទេស ដាំដើមឈើឲ្យបានល្អតាំងតែពីតូចទៅ។ ការអប់រំកុមារ គឺមានការពឹងពាក់ច្រើន ទៅលើស្ត្រី ព្រោះថា ស្ត្រីមានភាពទន់ភ្លន់ជាងបុរស មានភាពអត់ធន់ ក្នុងការងារផងទាំងពួង ជាពិសេសជាមួយនឹងក្មេង។
ដ. ស្ត្រីខ្មែរ ជាអ្នកឈានមុខគេ នៅក្នុងកិច្ចថែរក្សាវប្បធម៌៖ មិនថា ការងារសិប្បកម្ម ការងារសិល្បៈ ចរិយាមារយាទ សំដីសំដៅ ការស្លៀកពាក់។ល។ គឺស្ត្រីមានភាពសកម្ម នៅក្នុងការថែរក្សាក្នុងសភាព ជាអត្តសញ្ញាណរបស់ជាតិ។ ការហូរចូល នូវវប្បធម៌ពាលានាៗ មិនអាចមកពង្វក់ឲ្យស្ត្រីខ្មែរភ្លេចអត្តសញ្ញាណជាតិកំណើត ដ៏ល្អផូរផង់របស់ខ្លួនបានឡើយ។ របាំអប្សរា គឺបានក្លាយជាសម្បត្តិបេតិកអរូបិយភណ្ឌ របស់ពិភពលោកក៏ព្រោះ តែមានស្ត្រីជាអ្នកចូលរួមការពារ។
តាំងតែពីបុរាណកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្មែរមានស្ត្រីឆ្នើម ច្រើនរូបរាប់មិនអស់ ដែលបានធ្វើពលីកម្មធំធេង ដើម្បីជាតិមាតុភូមិ ប្រកបដោយមោទនភាព។ ស្ត្រីទាំងអស់នោះមានដូចជា៖ ព្រះនាងសោមា (លីវយី) ព្រះនាងឥន្ទ្រទេវី ព្រះនាង កុសមៈ - អ្នកស្រី សិទ្ធ អ្នកស្រីកែវ ច័ន្ទបូរណ៍ - អ្នកស្រី ប៉ាល់ វណ្ណារក្ស - អ្នកស្រី ពេជ្រ សង្វាវ៉ាន - អ្នកស្រី មូ សុខហួ - អ្នកស្រី ពួង ឈីវហ្កេច - អ្នកស្រី ជា ស៊ុនដាណែត - អ្នកស្រី អ៊ុំ សុផានី - អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ជិន យ៉ាហន។ល។
បើក្រឡេកមកមើលស្ត្រី នៅក្នុងពិភពលោក យើងវិញយើងក៏ឃើញមានស្ត្រីជាច្រើន ដែលប្រកបទៅដោយគុណតម្លៃ ឲរាប់មិនអស់ ដែលយើងម្នាក់ៗ តែងតែស្គាល់គ្រប់ៗគ្នាដូចជា៖ លោកស្រី អ៊ុងសាន ស៊ូជី លោកស្រីអារីយ៉ូ លោកស្រីហ៊ីឡារី គ្លីន តុន អ្នកម្តាយ តេរីសា លោកស្រី អ៊ែនជីណា ជូលា លោកស្រី ម៉ាហ្ការែត ថាច់ឆ័រ។ល។ ដែលលោកទាំងអស់នេះ មានបេសកកម្មផ្សេងៗគ្នា ក្នុងបុព្វហេតុសង្គម មនុស្សធម៌ និងនយោបាយ និង សិល្បៈ។
សរុបមកវិញស្ត្រី គឺពិតជាមានតម្លៃដ៏ធំធេង សម្រាប់សង្គម ប្រទេសជាតិក៏ដូចជា ពិភពលោកទាំងមូល។ យើងទាំងអស់គ្នាគួរតែនាំគ្នា លើកស្ទួយតម្លៃស្ត្រី ឲ្យបានខ្ពស់ស្មើនឹងបុរស។ យើងគួរតែយល់ដឹងឲ្យច្បាស់ ពីសុខទុក្ខរបស់ស្ត្រី និងចេះផ្តល់ឱកាសឲ្យស្ត្រីមានលទ្ធភាព នៅក្នុងការកសាងពិភពលោក៕