សម រង្ស៊ី ចោទ ហ៊ុន សែន ថា​មាន​«លក្ខខណ្ឌ​បី»​ជា​មួយ​វៀតណាម

ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានចោទប្រកាន់ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាយ៉ាងហោចណាស់ ក៏មានលក្ខខណ្ឌបីសំខាន់ៗ ជាមួយប្រទេសវៀតណាម។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានចោទប្រកាន់ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាយ៉ាងហោចណាស់ ក៏មានលក្ខខណ្ឌបីសំខាន់ៗ ជាមួយប្រទេសវៀតណាម។


លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)

អធិបតេយ្យជាតិ - លក្ខខណ្ឌយ៉ាងហោចណាស់បី ដែលប្រមុខគណបក្សជំទាស់កម្ពុជាលោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងតាមការបង្គាប់បញ្ជា របស់​ប្រទេស​វៀតណាម ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ និងអធិបតេយ្យភាព របស់ប្រទេសកម្ពុជា។ ថ្លែងក្នុងឱកាសចូលរួមពិធីរម្លឹកខួប លើទី៦៥ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ នៅវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ លោក សម រង្ស៊ី បានបញ្ជាក់លក្ខខណ្ឌទាំងបីនោះរួមមាន៖

ទី១. ត្រូវតែអនុញ្ញាតឲ្យប្រទេសវៀតណាម បង្ខិតព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា តាមតែអំពើចិត្តរបស់​ប្រទេសវៀតណាម។ ហើយនេះជាលក្ខខណ្ឌអត្ថិភាព របស់ប្រទេសវៀតណាម ដែលមិនអាចរំលងបាន ហើយ​រឿងផ្សេងទៀត មិនសូវសំខាន់លើកលែងករណីពីរផ្សេងទៀត។

ទី២. ប្រទេសវៀតណាមដាក់សម្ពាធលើរដ្ឋអំណាច ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អនុញ្ញាត ហើយ​សម្រួល​ឲ្យជនជាតិយួន ហូរចូលមកពីប្រទេសវៀតណាមមកនៅប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ រដ្ឋាភិបាលប្រទេស​វៀតណាម តម្រូវឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បើកផ្លូវឲ្យជនជាតិយួនចូលមករស់នៅប្រទេសកម្ពុជា ដើម្បីធ្វើអាណានិគម។

ទី៣. រដ្ឋាភិបាលប្រទេសវៀតណាមបញ្ជា រដ្ឋាភិបាលប្រទេសកម្ពុជាសព្វថ្ងៃ ថាកុំឲ្យជួយខ្មែរកម្ពុជាក្រោមឲ្យសោះ។ កុំជួយលើកទឹកចិត្ត និងកុំឲ្យមានការបំផុសបំផុលខ្មែរ ឬខ្មែរកម្ពុជាក្រោមនៅកម្ពុជាបច្ចុប្បន្ន បង្ការខ្លាចចលនាតស៊ូ​ទាមទាររាលដាល ទៅដល់ទឹកដីខ្មែរកម្ពុជាក្រោម។

លោក សម រង្ស៊ី បានថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលរដ្ឋាភិបាលលោកហ៊ុន សែន ធ្វើសព្វថ្ងៃតាមរយៈសម្បទាន ដីធ្លី ព្រៃឈើ និងអ្វីផ្សេងៗទៀត គឺជាការបើកផ្លូវ ឲ្យយួន ធ្វើការរៀបចំត្រៀមលក្ខណៈ សម្រួលឲ្យយួនលេបប្រទេស​កម្ពុជាសព្វថ្ងៃ ដូចគេលេបកម្ពុជាក្រោមញ្ចឹងដែរ។ ដូច្នេះយើងត្រូវតែរួបរួមគ្នា។»

ភ្លាមៗទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីគណបក្សប្រជាជនកម្ពុជា និងមន្រ្តីរដ្ឋាភិបាល ដើម្បីធ្វើ​ប្រតិកម្មតបចំពោះការចោទប្រកាន់របស់លោកសម រង្ស៊ី បាននៅឡើយទេ។

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ​កន្លងមកបានទទួលស្គាល់ថា ប្រទេសវៀតណាមពិតជាមានគុណចំពោះប្រទេសកម្ពុជា ប៉ុន្តែលោកបញ្ជាក់ថា ការ​តបស្នងគុណនោះ មិនអាចឲ្យប្រទេសកម្ពុជាកាត់ទឹកដី ឬក៏ធ្វើឲ្យបាត់បង់ទឹកដីទៅលើប្រទេសវៀតណាម​បាន​ទេ។

លោកជាម យៀប បានសង្កត់ធ្ងន់ថា៖ «វៀតណាមជួយយើងពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិន​អាច​ដឹង​គុណឲ្យដីទៅគេប៉ិនគ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹងខ្ញុំ​សូម​ជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំងស្រុង។ គាត់នៅតែស្រុកបារាំង មិនសូវដឹងបញ្ហា​ព្រំដែននោះទេ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...