អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!

អក្សរកាត់ដ៏ពេញនិយម ឡុល (LOL - laughing out loud) ដែលមានន័យជាភាសាខ្មែរថា «សើចចង់ងាប់» ឬ«ចំជា​មហាអស់សំណើច» មកដល់ផុតខែឧសភានេះ បានបង្គ្រប់អាយុ២៥ឆ្នាំហើយ។ វាត្រូវបានគេឃើញមានរូបរាងឡើង ក្នុងអំឡុងខែឧសភា ឆ្នាំ១៩៨៩ និងទំនងជាត្រូវបានបង្កើតឡើង ដោយជនជាតិកាណាដាមួយរូប។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់


សំណើចចុកពោះ ឬសើចចង់ងាប់។ (រូបថត MONOROOM.info/ Soben)

ពីនេះពីនោះ - ធ្មេចបើកៗ អក្សរដែលគេតែងតែយក មកប្រើប្រាស់ក្នុងវាចា យោបល់ ឬឆ្លើយឆ្លង​សារ​ដាក់​គ្នា ទៅ​វិញទៅមកនោះ វាមានអាយុ២៥ឆ្នាំហើយ។ តែអ្នកដែលប្រើប្រាស់វា មិនសូវជាដឹងពីប្រភព និងពេល​វេលានៃ​ការចាប់​កំណើតរបស់អក្សរកាត់នេះទេ។

តាមពិតទៅ​ ផុតខែឧសភាឆ្នាំនេះ អក្សរកាត់នេះចាប់ផ្ដើមឆ្នាំទី២៦របស់វាហើយ តែវានៅតែទទួលនូវ​ការ​ពេញនិយម ហើយមនុស្សនៅតែប្រើប្រាស់វា បើទោះជាមានពាក្យផ្សេងទៀត មកជំនួសក៏ដោយ។

គេហទំព័រសារព័ត៌មានមួយរបស់អាមេរិក Slate.com បានរំលឹកឡើងមកវិញពីប្រភពរបស់វា ថាយ៉ាងហោច​ណាស់​កាលពី២៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៨៩ គេបានឃើញអក្សរកាត់នេះ បាន​រំលេច​ខ្លួនមុនគេ នៅក្នុង​អត្ថបទព្រឹត្តិប័ត្របោះពុម្ភមួយឈ្មោះ FidoNews ដែលមានឯកទេសខាងបច្ចេកវិទ្យា ព័ត៌មានវិជ្ជា សម្រាប់សមាជិក​របស់ខ្លួនប្រមាណជាជាង ១សែននាក់។ នៅក្នុងអត្ថបទនោះ មានការ​បក​ស្រាយនូវអក្សរកាត់មួយចំនួន ដែល​ព្រឹត្តិប័ត្រ​បានប្រើប្រាស់តាំងពីប៉ុន្មានឆ្នាំមុនម្លេះ (រូបខាងក្រោម)។

តែផ្ទុយទៅវិញ នៅក្នុងការទាមទារដណ្ដើមធ្វើជាអ្នកបង្កើតពាក្យនេះ មានការអះអាងច្រើនប្រភព។  បុរសជា​ជន​ជាតិ​កាណដាមួយរូប និយាយថាលោកជាអ្នកបង្កើតវាឡើង តាំងពីជាង៣០ឆ្នាំមុនមកម្លេះ។ បុរស​នោះ​ឈ្មោះ ខលហ្គារី វេន ភៀសុន (Calgary Wayne Pearson) បានរៀបរាប់ថា ឃ្លា laughing out loud និងអក្សរ​កាត់របស់វា ត្រូវបាន​បង្កើតឡើងនៅដើមទស្សវត្តឆ្នាំ៨០ នៅពេលដែលលោកធ្វើការ ឲ្យព្រឹត្តិប័ត្រ​អេឡិចត្រូនិក ឈ្មោះ Viewline។ នៅក្នុង​វេទិកាជជែកពិភាក្សាគ្នា របស់ព្រឹត្តិប័ត្រ មិត្តភ័ក្ររបស់លោកម្នាក់ បានសរសេរ​រឿងកំប្លែងមួយមកឲ្យលោក ហើយ​បានធ្វើឲ្យលោកផ្ទុះសំណើចដ៏ខ្លាំង រហូតទប់ខ្លួនលោកទៅ​នឹង​ជញ្ជាំង​ផ្ទះ​បាយ។

ដោយមិនបានគិតអ្វីវែងឆ្ងាយ និងដោយសារលោក នៅក្នុងផ្ទះបាយផង លោក ភៀសុន បានវាយអក្សរ LOL យ៉ាងខ្លី​តបទៅមិត្តរបស់លោក នៅក្នុងការឆ្លើយ​ឆ្លង​គ្នា​នោះ។ បើតាមលោក ការសរសេរនោះ ជាការឲ្យ​កំណើត​លើក​ដំបូង​បំផុត ទៅឲ្យពាក្យកាត់មួយនេះ នៅក្នុងពិភព​ព័ត៌មានវិទ្យា។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្វី​ដែលលោកបានរៀបរាប់​ខាង​លើ នៅមិនទាន់មានការអះអាងណាផ្សេងទៀត មកបញ្ជាក់ថាពិតនោះនៅ​ឡើយ។

តែអ្វីដែលជាគេដឹងពិតប្រាកដ ហើយមានភស្ដុតាងនោះ គឺបន្ទាប់ពីព្រឹត្តិប័ត្របច្ចេកវិទ្យា FidoNews បាន​សរសេរវា​នៅក្នុងអត្ថបទរបស់ខ្លួនប៉ុណ្ណោះ។ ហើយមកដល់ពេលនេះ វាមានអាយុ២៥ឆ្នាំហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...