រដ្ឋអំណាច​យោធា​«ផ្ដាច់​ការ» ចាប់​ផ្ដើម​សណ្ឋិត​រូប នៅ​ថៃ!

របបយោធាផ្ដាច់ការ កំពុងចាប់ផ្ដើមសណ្ឋិតរូប បន្តិចម្ដងៗ និងកាន់តែច្បាស់ឡើងនៅថៃ។ ក្រុមមេដឹកនាំយោធា នៅ​តែបន្តឃុំខ្លួនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីជាប់ឆ្នោតដោយស្របច្បាប់ និងបានរំលាយ​ចោល​​នូវ​ស្ថាប័នព្រឹទ្ធសភា កាលពីម្សិលម៉ិញ។ ប៉ុន្តែនៅថ្ងៃអាទិត្យទី២៥ ខែឧសភានេះទៀត ក្រុមកងទ័ពកំពុងត្រៀម​នឹង​ឃាត់​ខ្លួនបញ្ញាជន យ៉ាងហោច៣៥នាក់ទៀត ក្នុងនោះមានអ្នកសារព័ត៌មានដ៏ល្បីឈ្មោះ បណ្ឌិតសភា អតីត​មេ​ដឹកនាំ​នយោបាយ និងសូម្បីតែមនុស្សនៅក្នុងជួរនគរបាល។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៤ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របបយោធាផ្ដាច់ការ កំពុងចាប់ផ្ដើមសណ្ឋិតរូប បន្តិចម្ដងៗ និងកាន់តែច្បាស់ឡើងនៅថៃ។ ក្រុមមេដឹកនាំយោធា នៅ​តែបន្តឃុំខ្លួនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីជាប់ឆ្នោតដោយស្របច្បាប់ និងបានរំលាយ​ចោល​​នូវ​ស្ថាប័នព្រឹទ្ធសភា កាលពីម្សិលម៉ិញ។ ប៉ុន្តែនៅថ្ងៃអាទិត្យទី២៥ ខែឧសភានេះទៀត ក្រុមកងទ័ពកំពុងត្រៀម​នឹង​ឃាត់​ខ្លួនបញ្ញាជន យ៉ាងហោច៣៥នាក់ទៀត ក្នុងនោះមានអ្នកសារព័ត៌មានដ៏ល្បីឈ្មោះ បណ្ឌិតសភា អតីត​មេ​ដឹកនាំ​នយោបាយ និងសូម្បីតែមនុស្សនៅក្នុងជួរនគរបាល។


ពលរដ្ឋប្រឆាំងតវ៉ានឹងរដ្ឋប្រហារមួយរូប បិតស្កុតនៅលើមាត់។ (រូបថត REUTERS)

នយោបាយថៃ - ប៉ុន្តែនៅម្ខាងទៀត ក្រុមមេដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី២២ ខែឧសភា​កន្លង​មកនេះ បានដោះលែងឲ្យមានសេរីភាពឡើងវិញ លោក អាភីសីទ វៀចាជីវ៉ា មេដឹកនាំក្រុមប្រឆាំង (ស្និតនឹង​រាជា​និយមថៃ ឬក្រុមអាវលឿង) និងជាប្រធានគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃសោរ៍។ លោក អាភីសីទ ដែលធ្លាប់ជា​នាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ជាជនសង្ស័យម្នាក់ដែលតុលាការបានចេញដីកាតាមឃាត់ខ្លួន ពី​បទ​បានប្រើប្រាស់តួនាទីរបស់លោក នៅក្នុងការបង្ក្រាបយ៉ាងរង្គាល ក្រុមបាតុកម្មនៅឆ្នាំ២០១០ ដែលបានធ្វើឲ្យមនុស្ស​ស្លាប់៩១នាក់។

លោកប្រាយុទ ចាន់អ៊ូចារ អគ្គមេបញ្ជាការកងទ័ពថៃ និងជាមេដឹកនាំរបបយោធា ដែលបានធ្វើរដ្ឋប្រហារ​លើក​ទី​១៩នេះ បានប្រកាសខ្លួន ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ហើយបានសន្យាពីកំណែទម្រង់ស៊ីជម្រៅមួយ។ ប៉ុន្តែ​ស្ថានការណ៍នៅពេលនេះ ពិបាកនឹងឲ្យលោក ប្រាយុទ នៅប្រកាន់ជំហរនៅកណ្ដាល ក្នុងជម្លោះមួយរវាង​រដ្ឋាភិបាល​ជាប់ឆ្នោត និងក្រុមប្រឆាំងដែលជាសម្លេងភាគតិចនោះណាស់។

ម្យ៉ាងទៀតភូមិសាស្ត្រនយោបាយថៃ ក៏មិនជាអំណោយផល សម្រាប់ឲ្យលោក ប្រាយុទ អាចដោះស្រាយបញ្ហាបាន​ដោយងាយស្រួលនោះដែរ។ រដ្ឋាភិបាលស្របច្បាប់ ដែលក្រុមយោធារបស់លោកបានធ្វើរដ្ឋប្រហាទម្លាក់ មាន​សម្លេង​គាំទ្រច្រើនភ្លូកទឹកភ្លូកដី នៅផ្នែកខាងជើងនិងខាងកើតប្រទេស ព្រមទាំងមួយភាគធំទៀត នៅខាងកើត​នៃ​រាជធានី​បាងកកសព្វថ្ងៃ។ រីក្រុមប្រឆាំងវិញ មានសម្លេងច្រើន នៅផ្នែកខាងត្បូងនៃប្រទេស និងនៅភាគខាង​លិច​នៃ​រាជធានី​បាងកក។ អ្នកវិភាគជាច្រើន បានរំពឹងរួចជាស្រេចហើយ ពីការបែកបាក់ប្រទេសថៃជាពីរ។ ហើយនេះ គេ​នៅ​មិន​ទាន់​និយាយពីតំបន់ភាគខាងត្បូង ជាប់នឹងប្រទេសម៉ាឡេស៊ី ដែលកំពុងតែទាមទារផ្ដាច់ទឹកដីនោះស្រាប់ផង។

សូម្បីតែកងទ័ពខ្លួនឯង ក៏ភាពមន្ទិលពីការមិនឯកភាពគ្នា បានកើតឡើងដូចគ្នា។ ទោះជាកងទ័ពថៃមាន​កម្លាំង​ខ្លាំង និងរហ័សក៏ដោយ តែក្នុងចំណោមទាហានជាច្រើន ដែលមានឪពុកម្ដាយ ឬបងប្អូន នៅផ្នែកខាង​ជើងនិងខាង​កើត​ប្រទេសនោះ សុទ្ធសឹងតែមានទំនោរផ្អៀង ទៅរករដ្ឋាភិបាលស្របច្បាប់ ចេញពីការបោះឆ្នោត។

ព្យួររដ្ឋធម្មនុញ្ញ និងរលាយព្រឹទ្ធសភា ...

ក្រុមមេដឹកនាំយោធា ដែលហៅខ្លួនឯងថា ជា«ក្រុមប្រឹក្សា ដើម្បីសណ្ដាប់ធ្នាប់និងសន្តិភាព»នេះ បានព្យួរចោល​នូវ​រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស ហើយទើបនឹងរំលាយព្រឹទ្ធសភា ដែលជាស្ថាប័នប្រជាធិបតេយ្យ​ចុង​ក្រោយចោលទៀត។ ដូច្នេះ ក្នុងពេលនេះ មិនមានអ្វីដែលមានលក្ខណៈស្របច្បាប់ និងប្រជាធិបតេយ្យសម្រាប់​ប្រទេស​ថៃ ក្រៅតែពីរបប«ផ្ដាច់ការ»មួយតែប៉ុណ្ណោះនោះទេ។

នៅវេលាម៉ោង២រសៀល ថ្ងៃអាទិត្យនេះទៀតសោធ ចាងហ្វាងសារព័ត៌មានចំនួន១៨នាក់ ត្រូវបានកោះហៅឲ្យទៅជួប មេដឹកនាំយោធា។ បើទោះជាពីក្នុងចំណោមនោះ មិនមានឈ្មោះចាងហ្វាងកាសែត ឌឺណេសិន (The Nation) នោះ​ក៏​ដោយ តែអ្នកសារព័ត៌មានមួយរូប របស់ការសែតនេះ លោក ប្រាវិត រ៉ូចាណាហ្វរួក (Pravit Rojanaphruk) ដែល​ល្បី​ខាង​មានគំនិត មិនស្របនឹងច្បាប់ «លិតព្រះបាតទា» (ច្បាប់ការពារព្រះមហាក្សត្រ និងរាជវង្ស)នោះ ក៏ត្រូវបាន​កោះ​ហៅ​ដាច់​ដោយឡែកមួយ ទៅបង្ហាញវត្តមាន នៅយប់វេលាម៉ោង១០ ថ្ងៃអាទិត្យនេះដែរ។

ថាក់ស៊ីន ត្រៀមបង្កើតរដ្ឋាភិបាលភៀសខ្លួនមួយ ...

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនៅតែជាមនុស្សដ៏សំខាន់ និងសម្បូរទៅដោយប្រជាប្រិយភាព នៅក្នុងប្រទេស​នោះ នៅថ្ងៃអាទិត្យនេះ ក៏បានប្រកាសគម្រាមថា នឹងបង្កើតរដ្ឋាភិបាលមួយ នៅក្រៅប្រទេស។ រីឯរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជាតិ លោក ចាតុរ៉ុង ចៃសង (Chaturon Chaisang) និងប្រធានគណបក្សកាន់អំណាច ភឿថៃ លោក ចារុពង្ស រ៉ាងស៊ូវណ្ណ (Charupong Ruangsuwan) បាន​បដិសេធមិនព្រមចុះចូល នឹងរដ្ឋអំណាចយោធានេះឡើយ។

ផ្ទុយពីការហាមឃាត់ការជួបជុំមនុស្សលើសពី៥នាក់ បណ្ដាជនច្រើនរយនាក់ បានព្យាយាមប្រមូលផ្ដុំ​គ្នា​ នៅកណ្ដាល​រាជធានីបាងកក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ។ នៅខេត្តឈៀងម៉ៃ ក៏មានបាតុកម្មនេះដែរ តែបាតុករបីនាក់ ត្រូវបានចាប់ខ្លួន។ ពួកអ្នក«ក្បាលរឹង»ទាំងនេះ អាចនឹងរង​នូវការ​ចាប់ដាក់ពន្ធនាគារ ចំនួន ២ឆ្នាំ ដោយសារ​តែបាន​ល្មើស នឹងការហាមឃាត់បែបអាជ្ញាសិក របស់ក្រុមយោធា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...