អាឌីដាស (Adidas) រងការចោទ ថាកេងប្រវ័ញ្ចកម្មករខ្មែរ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: July 16, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាសែតប្រចាំថ្ងៃរបស់ប្រទេសអង់គ្លេស ឈ្មោះ ដេលី តេលេគ្រាហ្វ (Daily Telegraph) បានធ្វើរបាយការណ៍ កាលពីពេល ថ្មីៗនេះ ពីកម្មកររបស់រោងចក្រស៊ិន ហ្សូ (Shen Zhou) ស្ថិតនៅជាយក្រុងភ្នំពេញ ដែលផលិត ផលិតផល អាឌីដាស (Adidas) សំរាប់យកចេញទៅលក់នៅ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក ក្នុងពេលខាងមុខនេះ។ កម្មករទាំងនោះ ទទួលបានប្រាក់ កំរៃប្រមាណជា ៦៦ដុល្លាអាមេរិក (៥០អ៊ឺរ៉ូ) ក្នុងមួយខែ ក្នុងរយះពេលធម្មតា តែក្រុមកម្មករបាននិយាយ ប្រាប់កាសែតប្រចាំថ្ងៃ នេះថា ពួកគេបានទទួលប្រាក់កំរៃរហូតដល់ ១២០ដុល្លា បើពួកគេម្នាក់ៗធ្វើការបន្ថែមម៉ោងពីរម៉ោង ដែលត្រូវជា ១០ម៉ោងក្នុងមួយថ្ងៃ។
កាលពីឆ្នាំ២០១០ ចលនាបាតុកម្មដ៏ធំមួយ បានរៀបចំឡើងដោយសហព័ន្ធ នៃសហជីបពលករប្រជាធិបតេយ្យកម្ពុជា។
អ្នកនាំពាក្យរបស់ គណកម្មាធិការរៀបចំកីឡាអូឡាំពិក បានបញ្ជាក់ថាទើបនឹងបានដឹងពីបញ្ហានេះ ហើយការស៊ើបអង្កេត មួយ ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យ លើករណីនេះ។ អ្នកនាំពាក្យដដែលនេះ បានប្រាប់ ទីភ្នាក់ងារសារពត៌មាន បារាំង (AFP) ថា «រោងចក្រស៊ីន ហ្សូ ប្រហែលជាបានឆ្លងការត្រួតពិនិត្យ ដោយអង្គការពលកម្មអន្តរជាតិ ឬដោយគំរោង របស់ ធនាគារពិភពលោក។ យើងតែងតែរំលឹក ទៅគ្រប់អ្នកដែលទទួលបាន សាលកប័ត្រពីយើង ពីរសារសំខាន់ក្នុងការ គោរព វិធាននៃប្រភពដើមរបស់ផលិតផលពួកគេ ហើយពួកគេទាំងនោះ សុទ្ធតែបានចុះហត្ថលេខាទទួលយល់ព្រម។»
ឆ្លើយនឹងសំនួរបស់ ដេលី តេលេគ្រាហ្វ អ្នកនាំពាក្យ អាឌឺដាស បានអោយដឹងថា អ្នកធ្វើការក្នុងរោងចក្រ ស៊ិន ហ្សូ ទទួល បានប្រាក់កំរៃប្រចាំខែ ១៣០ដុល្លាអាមេរិក ដែលជាកំរិតមួយខ្ពស់ជាង ប្រាក់កំរៃអប្បបរិមានោះ។ ប្រាក់កំរៃអប្បបរិមាជា ផ្លូវការ ក្នុងប្រទេសកម្ពុជា ផ្នែកវិស័យតម្បាញ មានកំរិត ៦៦ដុល្លាក្នុងមួយខែ ជាមួយនឹង ការកើនឡើង ៥ដុល្លា កាលពី ចុងឆ្នាំទៅម៉ិញ ក្រោយពីកម្មករជាច្រើនបានសន្លប់ នៅក្នុងរោងចក្រ ដែលផលិត អោយម៉ាកធំៗ ដូចជា ពីម៉ា (Puma) និង អាឆ៍ អេ អ៊ីម (H&M) ជាដើម។ តែកម្មករភាគច្រើន ត្រូវបង្ខំចិត្តធ្វើការបន្ថែមម៉ោង យ៉ាងច្រើន ដើម្បីទទួលបានប្រាក់កំរៃ ច្រើនជាង ១០០ដុល្លា សំរាប់យកទៅដោះស្រាយបញ្ហាជីវិត។
តាមបណ្ដាញ អង្គការដើម្បីការពារសិទ្ធពលករអន្តរជាតិ (Labour Behind the Label) បាននិយាយអោយដឹងថា ប្រាក់កំរៃ ប្រចាំខែ អប្បបរិមា របស់អ្នកធ្វើការម្នាក់ ជាមួយនឹងកូនពីរនាក់ក្នុងបន្ទុក ក្នុងប្រទេសកម្ពុជា ត្រូវមានយ៉ាងហោចណាស់ ២៥០ដុល្លា៕
-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ