ព្រហ្ម វិចិត្រ ជីវិតក្រាញននៀល លើវិថី«សិល្បៈគំនូរ-ចម្លាក់»
មនុស្សដែលស្រឡាញ់គំនូរ ច្បាស់ជាធ្លាប់លឺធ្លាប់ស្គាល់ វិចិត្រករមួយរូប ដែលលោកបានចំណាយពេលវេលា សឹងតែមួយជីវិតរបស់លោក សម្រាប់តែសិល្បៈគំនូរ។ វិចិត្រករនោះ មានឈ្មោះថា ព្រហ្ម វិចិត្រ។ ប៉ុន្តែមិនមែនតែសិល្បៈ គំនូរនិងចម្លាក់ប៉ុណ្ណោះនោះទេ តែវិចិត្រកររូបនេះនៅបានបូជាខ្សែជីវិត និងញើសឈាមរបស់លោក ដើម្បីកុមារក្នុងប្រទេសកម្ពុជានោះ តាមរយៈអង្គការមួយ ដែលលោកបានពុះពារបង្កើតឡើងថែមទៀតផង។
វិចិត្រករ ព្រហ្ម វិចិត្រ។ (រូបថត MONOROOM.info/ Sokkheang)
ជីវិតសិល្បៈករ - ទេពកោសល្យជាសិល្បៈករ មិនមែននរណាក៏មានទាំងអស់គ្នានោះទេ។ ប៉ុន្តែបើសិនជាមានទេពកោសល្យហើយ គ្មានការប្រឹងប្រែងនោះ ក៏មិនមានភាពជោគជ័យនោះដែរ។ នេះជាការចាប់ផ្ដើមនៃដំណើរជីវិតដំបូងរបស់យុវជន ព្រហ្ម វិចិត្រ នៅពេលដែលលោកបានធំដឹងក្ដី នៅក្នុងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នុល។ យុវជនដែលស្រលាញ់ចូលចិត្តសិល្បៈគំនូរ តាំងពីកំណើតផងនោះ លោកមិនដែលចោលការប្រឹងប្រែងរបស់ខ្លួន ទៅសិក្សាយកជំនាញនេះបន្ថែមនៅសាលាវិចិត្រសិល្បៈ នៅខណៈពេលដែលលោក កំពុងសិក្សាចំណេះទូទៅ នៅក្នុងវិទ្យាល័យឥន្ទ្រទេវីនោះឡើយ។
ស្ថិតក្នុងវ័យ៦០ឆ្នាំនាពេលនេះ លោក ព្រហ្ម វិចិត្រ បានផ្ដល់កិច្ចសម្ភាសឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដោយរំលឹកពីជីវិតរបស់លោក ក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះទៀតថា លោកធ្លាប់ជាបុគ្គលិក នៅអង្គការទស្សនៈពិភពលោក (World Vision) យ៉ាងចាស់វស្សាមួយរូប។ រយៈពេលជាង២៥ឆ្នាំ ដែលលោកនៅជាមួយអង្គការនេះ លោកមិនបានពេញចិត្តនឹងការងាររបស់ខ្លួន ជាអ្នកបោះពុម្ពផ្សាយលិខិតស្នាមផេ្សងៗ ប្រចាំអង្គការពិភពលោកមួយនេះឡើយ។
ម្យ៉ាងទៀត ដោយសារតែអង្គការនេះ មានទំនោរទៅរកសាសនាគ្រឹស្ត៍ ផ្ទុយពីរូបលោកដែលជាអ្នកកាន់សាសនាព្រះពុទ្ធនោះ ទើបធ្វើឲ្យលោក ព្រហ្ម វិចិត្រ សំរេចចិត្តលះបង់ការងារនេះ ហើយងាកមករកអាជីពដើម ដែលរូបលោកស្រឡាញ់ពីកំណើតនោះវិញ។ មិនត្រឹមតែប៉ុណ្ណោះ វិចិត្រកររូបនេះ នៅបន្តបង្ហូញើសឈាមផ្ទាល់ខ្លួនជាច្រើន ដើម្បីបង្កើតអង្គការវិចិត្រករខែ្មរដើម្បីកុមារ មួយឲ្យចេញជារូបរាង និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាំងពីថៃ្ងទី២០ ខែមិថុនា ឆ្នាំ២០១៣នោះថែមទៀត។
សម្បុរស្រអែម ពាក់វ៉ែនតាធំៗ លោក ព្រហ្ម វិចិត្រ និងជានាយកប្រតិបត្តិរបស់អង្គការលោក បានរំលឹកឡើងវិញថា ការបង្កើតអង្គការវិចិត្រករខែ្មរដើម្បីកុមារ ទទួលបានផលជាផ្លែផ្កានេះ ក៏ដោយសារតែលោក មានកិច្ចសហការជ្រោមជ្រែងពីវិចិត្រករជើងចាស់ ជើងថ្មីប្រមាណជា១០០នាក់ និងមានមួយចំនួនជាគ្រូបង្រៀនផ្នែកគំនូរផង បន្ទាប់ពីមានការតាំងពិពណ៌គំនូរ ប្រចាំប្រទេសកម្ពុជា មុនគេបង្អស់មួយនៅឆ្នាំ២០០០។ ហើយបុព្វហេតុធំបំផុតនៃអង្គការរបស់លោក គឺការចែករំលែកចំណេះដឹងផ្នែកសិល្បៈគំនូរ ទៅដល់មនុស្សជំនាន់ក្រោយ ជាពិសេសកុមារ។
លោក ព្រហ្ម វិចិត្រ បានថ្លែងដោយមោទនភាពថា មិនថាក្មេងឬចាស់អោយមានតែឆន្ទៈចង់ចេះគូររូបចម្លាក់ គឺលោកអាចបង្រៀនដូចគ្នាបានទាំងអស់។ ប៉ុន្តែសំរាប់ការពន្យល់វិញមានភាពខុសគ្នា ចំពោះកុមារអាចចាប់បច្ចេកទេសគូរបាន៥នាទី ឯមនុស្សចាស់ ចាប់បានរហូតដល់១៥នាទី។ រីឯមូលដ្ឋានគ្រឹះនៃការគូររូបវិញ លោកបញ្ជាក់ថា ត្រូវស្គាល់ពីប្រភេទខ្មៅដៃ ជ័រលុប ឬក្រដាស រប្រៀបគូរដូចដែលយើងរៀនគណិតវិទ្យា ត្រូវចេះបែងចែក វាស់ក្រលា ឬគុណចែកលេខអោយស្មើទំហំក្រដាស អោយសាកសមជាមួយគំនូរដែលយើងគូរ។
វិចិត្រករវ័យចំណាស់ បានណែនាំឲ្យស្គាល់ និងជួបសម្ភាសជាមួយកូនសិស្សរបស់លោកម្នាក់ ឈ្មោះ ទួន សុភ័ក្រ្ត ដែលបានរៀនចប់ថ្នាក់បរិញ្ញាប័ត្រអក្សរសាស្រ្តអង់គ្លេស តែនៅកំពុងបន្តសិក្សាជំនាញជាអ្នកគំនូរនេះបន្ថែមទៀត។ យុវសិស្សវ័យ២៧ឆ្នាំ បានថ្លែងថា «ខ្ញុំមានទំនោរចូលចិត្តសិល្បៈគំនូរចម្លាក់ ព្រោះតែយល់ថា គំនូរមួយយ៉ាងតែបង្កប់តំលៃ និង អត្ថន័យច្រើន»។
លោក ព្រហ្ម វិចិត្រ បានរៀបរាប់បន្តដោយក្ដីសង្ឃឹមថា សិល្បៈគំនូររបស់អង្គការរបស់លោក នឹងអាចរក្សាកេរមរតក នៃសិល្បៈគំនូរ និងចម្លាក់ខែ្មរ អោយគង់វង្សល្បីល្បាញជុំវិញពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ឧត្ដមគតិនិងបុព្វហេតុដែលវិចិត្រករវ័យចំណាស់ បានបង្កើតឡើង ហើយរក្សាទុកក្នុងបេះដូង និងធ្វើសម្រេចជាលទ្ធផលនេះ មិនបានធ្វើជីវភាពគ្រួសាររបស់លោក ផ្លាស់ប្ដូរទៅរកភាពមានបាននោះទេ។ ប្រភពហិរញ្ញាវត្ថុនៃអង្គការរបស់លោក ដែលបានមកពីម្ចាស់ជំនួយ សប្បុរសជន ឬក៍បានមកពីចំណូលមួយចំនួន នៃការបង្រៀនរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ ត្រូវចំណាយទៅវិញ នឹងការទិញសម្ភារៈគំនូរ និងជូនប្រាក់ខែទៅដល់គ្រូបង្រៀន។
ភរិយារបស់វិចិត្រករ អ្នកស្រី ភួង សូម៉ាលី ដែលអង្គុយនៅក្បែរនោះ បានសារភាពថា អ្នកស្រីធ្លាប់ខឹងស្វាមីអ្នកស្រី ដែលចេះតែប្រឹងរកលុយដើម្បីកុមារ។ តែទីបំផុតទៅ ស្ត្រីវ័យ ៤៩ឆ្នាំរូបនេះ បានយល់ និងទទួលស្គាល់ពីទឹកចិត្តរបស់ស្វាមីអ្នកស្រី ដែលលង់លុះតែនឹងអាជីពជាសិល្បៈករគំនូរ។ អ្នកស្រីបានបញ្ជាក់ថា «ខ្ញុំមានតែជួយជោមជ្រែង និងលើកទឹកចិត្ត ហើយបើស្លាប់ទៅ គួរមានកេរិ័្តឈ្មោះស្រលាញ់ជាតិ ស្រលាញ់ក្មេង»៕
កុមារនិងគ្រូបង្រៀន នៅអង្គការវិចិត្រករខែ្មរដើម្បីកុមារ។
ការបង្រៀនកុមារពីក្បាច់ចម្លាក់។
អ្នកស្រី ភួង សូម៉ាលី ភរិយារបស់វិចិត្រករ។
យុវនិស្សិត ទួន សុភ័ក្រ។
-------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤