មតិ៖ ការបង្ក្រាបនៅបុរីកីឡា ជា«អំណោយពិសេស»ផ្ដល់នៅថ្ងៃបុណ្យ
«សូម្បីតែថ្ងៃបុណ្យទានក៏មិនលើកលែងដែរ នេះឬជាថ្ងៃនៃក្តីស្រលាញ់ តើរដ្ឋាភិបាលមានថ្ងៃនេះទេ?» ការជាលើកឡើងរបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈពួកគាត់កំពុងនាំគ្នាជជែកដេញដោល ពី«អំណោយ»ថ្ងៃបុណ្យមាឃបូជា និងបុណ្យនៃសេចក្តីស្រលាញ់ ដែលអាជ្ញាធរអោយពលរដ្ឋរងគ្រោះពីការរំលោភដីធ្លី ក្នុងការបង្រ្កាបយ៉ាងចាស់ដៃ។
ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
អំណោយគាប់ចិត្ត - នៅថ្ងៃទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ដែលវាមានដើមកំណើត និងសាច់រឿងរបស់បរទេស ត្រូវបានប្រជាជនខ្មែរ ជាពិសេសយុវជននាំគ្នាប្រារព្ធធីធីបុណ្យ។ នៅថ្ងៃនេះកូនជូនអំណាយទៅកាន់ឪពុកម្តាយ ដើម្បីបញ្ជាក់ភាពស្រលាញ់ទៅកាន់ពួកគាត់។ រីឯយុវវ័យដែលមានគូរភាគច្រើន គេជូនផ្កាកុលាបដែលបញ្ជាក់ក្តីស្រលាញ់ របស់ពួកគេទៅកាន់នរណាមួយ ដែលពួកគេគិតថាពិសេស។ ថ្ងៃនេះដែរ ក៏ជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជា ខណៈពេលប្រជាជនដែលកាន់ពុទ្ធសាសនា បាននាំគ្នាធ្វើចង្ហាន់ទៅវត្ត បំបាត់កេលេស មិនធ្វើអំពើបាប និងមិនសំលាប់សត្វ ដើម្បីទទួលមគ្គផល។
តែអ្វីដែលចម្លែក និងពិសេសនោះ នៅព្រឹកព្រលឹមថ្ងៃដដែលនេះដែរ កងកម្លាំងរបស់អាជ្ញាធរ បានបង្កើតភាពភ្ញាក់ផ្អើលមួយ ដែលមតិរិះគន់នានានិយាយរិះគន់ទាំងហួសចិត្តថា «ជា"កាដូ"ថ្ងៃមាឃបូជា និងថ្ងៃនៃសេចក្តីស្រលាញ់» ពីសមត្ថកិច្ចខ័ណ្ឌ៧មករា ជូនទៅកាន់ប្រជាពលរដ្ឋនៅតំបន់បូរីកីឡា។ «កាដូ ឬអំណោយពិសេស» នៃយុទ្ធនាការបង្រ្កាប បានធ្វើអោយ ធ្វើអោយមនុស្ស៤នាក់រងរបួស ក្នុងនោះមានស្រ្តីមានផ្ទៃពោះ៨ខែផងដែរ។ អ្វីដែលមិនគួឲ្យជឿទៀតនោះ តង់ដែលប្រជាពលរដ្ឋ បោះនៅបណ្តោះអាសន្នលើគំនរសំរាម ក៏ត្រូវបានសមត្ថកិច្ចដុតកំទេចចោល។
អំណោយថ្ងៃបុណ្យទាន ដែលសមត្ថកិច្ចផ្តល់អោយប្រជាពលរដ្ឋនៅបូរីកីឡានេះ ធ្វើអោយប្រជាជននៅទីនោះស្រក់ទឹកភ្នែក ដែលការស្រក់ទឹកភ្នែកនេះ ដែលមិនមែនដោយសារការរំភើបត្រេកអរនោះទេ តែជាការស្រក់ដោយក្តីឈឺចាប់ ហើយបង្កឲ្យក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ធ្វើប្រតិកម្មកក្រើកពិភពអាំងធើណែត។
អមជាមួយរូបថត នៃការបង្រ្កាបរបស់កម្លាំងសមត្ថកិច្ចទៅលើប្រជាសហគមន៍បូរីកីឡានៅថ្ងៃសីល ១៥កើត ខែមាឃ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ មានអ្នកបញ្ចេញយោបល់ជាច្រើនដែលបានអះអាងថា កាដូនេះវាសហាវពេកហើយ ដែលមិនត្រូវជូននៅថ្ងៃគេធ្វើបុណ្យទាន និងប្រារព្ធទិវាក្តីស្រលាញ់នោះទេ។
អ្នកប្រើប្រាស់ហ្វេស៊ុកមួយរូប ដាក់ឈ្មោះគណនីរបស់ខ្លួនថា Chanthorn Roeun បានបញ្ចេញយោបល់ថា «ថ្ងៃនេះគឺជាថ្ងៃទិវានៃក្តីស្រលាញ់ ដែលពិភពលោកទទួលស្គាល់គ្រប់គ្នា ព្រមទាំងជូនកាដូ វត្ថុអនុស្សាវរីយ៍ ដល់មិត្តភ័ក្តបងប្អូន ក្រុមគ្រួសារ ដើម្បីបញ្ជាក់ពីសក្ខីភាពនៃកាស្រលាញ់របស់ពួកគេ។ តែសម្រាប់រដ្ឋាភិបាលខ្មែរ ថ្ងៃនេះបានជូនកាដូដល់បងប្អូនប្រជាពលរដ្ឋនៅបុរីកីឡា ខុសពីគេដែលមិនធ្លាប់មាន គឺគាត់ជូនកាដូជាឈាម ដល់ប្រជាជនដ៏កំសត់របស់គាត់ អស្ចារ្យណាស់ប្រទេសមហាអច្ឆរិយ:របស់ខ្ញុំ។»
Chet Tra ដែលចូលរួមបញ្ចេញមតិនៅលើរូបភាពនោះដែរ បានរិះគន់ថា «ថ្ងៃនេះជាថ្ងៃដែលបងប្អូនជនជាតិខ្មែរយើងធ្វើបុណ្យ កាន់សីល ចំណែករដ្ឋាភិបាលខ្មែរនាំគ្នាសាងតែអំពើបាបអំពើដែលសង្គមខ្មែរស្អប់ខ្ពើម»។ រីឯ Sophea Anusa បានលើឡើងផងដែរថា «ចំណងដៃឈាម ដែលសម្តេច ជូនជាអនុស្សាវរីយ៍ នៅថ្ងៃនៃក្តីស្រលាញ់សម្តេចនឹងបន្តជូនកាដូនេះបន្តទៀតគ្រប់ៗ អាណត្តិ អោយតែសម្តេចនៅតែឈ្នះឆ្នោត។» មិនខុសគ្នាដែរ ម្ចាស់ទំព័រឈ្មោះថា ចិត្ត ខ្ញុំ បានបន្តថា «ថ្ងៃក្តីស្រលាញ់សំរាប់មនុស្សលោកទូទៅនៅលើលោក តែបែរមកប្រទេសខ្មែរ មានការបង្រាបប្រជាពលរដ្ឋទៅវិញ»។
ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Sinath Soem ដែលមានជំហរគាំទ្រកងកម្លាំងវិញ បានចោទជាសំនួរនៅលើវីដេអូមួយ ផ្សាយលើទំព័រហ្វេសប៊ុក របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា «បើគេជេម្ដាយអ្នក បើគេយកសារ៉ុងវាយក្បាលអ្នក បើគេយកដុំថ្មគប់អ្នក តើអ្នកធ្វើយ៉ាងណាចំពោះគេ?»
តែការលើកឡើងរបស់អ្នកគាំទ្រកងកម្លាំងអាជ្ញាធរ ជារឿយៗ តែងទទួលការតបតរវិញយ៉ាងជូរចត់ ទាក់ទងនឹងបរិបទច្បាប់ និងការអនុវត្តច្បាប់របស់អាជ្ញាធរខ្លួនឯង។ ដូចជាគណនីមួយដាក់ឈ្មោះ សាន់ សឿង បានលើកឡើងដូច្នេះថា «សម្រាប់អាជ្ញាធរ ដែលខ្លួនតំណាងឲ្យច្បាប់ជាធរមាន ត្រូវមាននីតិវិធី និងការតបតរការពារខ្លួន ដោយច្បាប់។ មិនមែនគេយកសារ៉ុងគ្របក្បាលត្រឹមនេះ ទៅវាយគេបែកក្បាលវិញនោះទេ។ ហើយទៅវាយនោះទៀតសោត ត្រូវនិយាយពីតួនាទី។ ពួកជនបិទមុខប៉ុន្មាននាក់នេះ មានសិទ្ធិបែបនេះឬ? ម៉េចទៅយល់ទេ ជនល្ងង់? តាំងខ្លួនជាអាជ្ញាធរ ត្រូវនិយាយពីច្បាប់ មិនមែនម៉ាំងទៅ ម៉ាំងមក ប្រើអំពើរពាលតបវិញនោះទេ៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៤