អ៊ឺរ៉ូ២០១២៖​ ម៉ារីយូបំបាក់អាឡឺម៉ង់ នាំអ៊ីតាលី ឡើងផ្ដាច់ព្រ័ត្រ

ជាពិសេសទៅទៀត គឺកីឡាកររូបនេះតែម្នាក់ឯង ដែលបានបានក្បាលស៊ុត និងទាត់ចូលដល់ទៅពីរគ្រាប់ ទៅក្នុងសំណាញ់ទីរបស់អាឡឺម៉ង់ ហើយមិនត្រឹមតែបាននាំក្រុមបាល់ទាត់ជំរើសជាតិអ៊ីតាលីទាំងមូល អោយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងអេស្ប៉ាញប៉ុណ្ណោះទេ តែបានបង្កអោយមាន ការផ្ទុះឡើង នូវភាពនឹកស្មានមិនដល់ យ៉ាងសម្បើមអស្ចារ្យមួយ នៅក្នុងប្រទេសអ៊ីតាលីទាំងមូល ក៏ដូចជាសំរាប់ពិភពបាល់ទាត់ផងដែរ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 29, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាអ្នកស៊ុតបញ្ចូលទី បានដល់ទីពីរគ្រាប់តែម្នាក់ឯង ម៉ារីយ៉ូ បាឡូតើលី បាននាំក្រុមបាល់ទាត់ ជំរើសជាតិអ៊ីតាលីទាំងមូល អោយឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យខាងមុខ ជាមួយនឹងអេស្ប៉ាញ។


ម៉ារីយ៉ូ បាឡូតើលី រិគរាយនឹងគ្រាប់បាល់ស៊ុតបញ្ចូលដំបូង។ Photo: uefa.com

ជាលើកដំបូងរបស់កីឡាករ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ហើយ ដែលមិនបានលោតសើចសប្បាយខ្លួនឯង ហើយ បែរជា ទុកអោយមិត្តកីឡាកររួមក្រុមរបស់ខ្លួន ជាអ្នកសើចសប្បាយជំនួសទៅវិញ។ ហេតុការណ៍នេះវា​សក្ដិសមទៅនឹងអ្វី ដែល កីឡាករខ្លួនឯងធ្លាប់បាននិយាយ ពីពេលថ្មីៗនេះថា នឹងមិនរីករាយជាមួយបាល់ដែលខ្លួនបានទាត់ចូលនោះទេ ព្រោះជា «ភារកិច្ចរបស់កីឡាករ»។ ហើយជាពិសេសទៅទៀត គឺកីឡាកររូបនេះតែម្នាក់ឯង ដែលបានប្រើក្បាលស៊ុត និងទាត់ចូល ដល់ទៅពីរគ្រាប់ ទៅក្នុងសំណាញ់ទីរបស់អាឡឺម៉ង់ ហើយមិនត្រឹមតែបាននាំ ក្រុមបាល់ទាត់ជំរើសជាតិ អ៊ីតាលីទាំងមូល អោយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងអេស្ប៉ាញប៉ុណ្ណោះទេ តែបានបង្កអោយមាន ការផ្ទុះឡើង នូវភាព នឹកស្មានមិនដល់ យ៉ាងសម្បើមអស្ចារ្យមួយ នៅក្នុងប្រទេសអ៊ីតាលីទាំងមូល ក៏ដូចជាសំរាប់ពិភពបាល់ទាត់ផងដែរ។

គួរបញ្ជាក់ឡើងវិញថា ក្រុមជំរើសជាតិអ៊ីតាលី ទើបតែរីកលូតលាស់មានរូបរាងពិតប្រាកដ ក្នុងពេលឡើងមកដណ្ដើមពាន រង្វាន់អ៊ឺរ៉ូ ឆ្នាំ២០១២នេះប៉ុណ្ណោះ ដោយយោងទៅលើការរអាក់រអួល បណ្ដាលមកពីមានការចាប់ខ្លួនកីឡាករម្នាក់ កាលពីចុង ខែឧសភា ដោយនគរបាលអ៊ីតាលី ក្នុងការជាប់ទាក់ទងនឹងការប្រកួតបន្លំជាច្រើនមួយ។​ ជាងនេះទៅទៀត នៅក្នុងការប្រកួត តាមបែបមិត្តភាពមួយ មុនចូលមកដល់អ៊ឺរ៉ូ២០១២នេះ ក្រុមជំរើសជាតិអ៊ីតាលី ថែមទាំងត្រូវបាន ក្រុមជំរើសជាតិរ៉ូស្សី កាច់ បំបាក់យ៉ាងជូរចត់ ក្នុងពិន្ទុ៣-០។ តែនៅក្រោយពេលប្រកួត ជាមួយនឹងអាឡឺម៉ងកាលពីថ្ងៃទី២៨មិថុនានេះ ក្រុមជំរើសជាតិ អ៊ីតាលី បែរជាបានធ្វើអោយគេនឹកឃើញមកវិញ ពីសម័យកាលមួយ ដែលក្រុមនេះដណ្ដើមបានពានរង្វាន់ពិភពលោក កាល ពីឆ្នាំ២០០៦នោះ។


ម៉ារីយ៉ូ បាឡូតើលី ជាមួយនឹងគ្រាប់បាល់លើកទី២ ដែលហៀបនឹងទាត់ចូល។ Photo: uefa.com

កំហុសរបស់កីឡាករអាឡឺម៉ង់ ហ្វីឡីប ឡាម

គ្រាប់ទីមួយរបស់ កីឡាករអ៊ីតាលី ម៉ារីយ៉ូ បាឡូតើលី គឺយើងត្រូវសសើរ ពីទេពកោសល្យ របស់កីឡាកររួមក្រុមឈ្មោះ អង់តូនីញ៉ូ កាសាណូ (Antonio Cassano) ដែលបានបង្វិលបាល់ គេចពីការរំខាន របស់ខ្សែរការពារអាឡឺម៉ង់ មុននឹង បញ្ជូនទៅអោយ ម៉ារីយ៉ូ ប្រើក្បាលស៊ុតបញ្ចូលទីរបស់អាឡឺម៉ង់។ រីឯគ្រាប់ទីពីរ  វាពិតជាទេពកោសល្យដ៏ល្អ របស់កីឡាករ ម៉ារីយ៉ូ បាឡូតើលី រូបនេះ ដែលបានស៊ុតបាល់ពីចំងាយជាង១០មែត្រ ក្នុងខណះ ដែលប្រធានក្រុមកីឡាករ និងជា កីឡាករខ្សែរការពារអាឡឺម៉ង់ ហ្វីឡីប ឡាម (Philipp Lahm) គិតស្មានតែជា «បាល់ចងមុង» នោះ។


ឱកាសដំបូងរបស់អាឡឺម៉ង់ ដែលអាចធ្វើអោយអាឡឺម៉ង់នាំមុខ តែប៊ូហ្វុងសង្គ្រោះបាល់នេះបាន។ Photo: uefa.com

កីឡាករ ហ្វីឡីប ឡាម បាននិយាយប្រាប់អ្នកកាសែត នៅក្រោយពេលប្រកួតថា «យើងបានសាងកំហុសដ៏ល្ងង់ខ្លៅមួយ។ វាមានការពិបាកខ្លាំងណាស់ នៅពេលដែលអ៊ីតាលីបាននាំមុខបែបនេះ។ ហើយធ្ងន់ជាងហ្នឹងទៅទៀត ក្រុមអ៊ីតាលីជា ក្រុមដ៏ខ្លាំងមួយ ដែលអាចបង្កើតគ្រោះថ្នាក់ មកលើយើង បានច្រើនជាងអ្វី ដែលយើងគិតទៅទៀត។»

នៅពាក់កណ្ដាលម៉ោងទីពីរ គ្រូបង្វឹករបស់អាឡឺម៉ង់ ជ័អាឆីម ឡ័វ  (Joachim Löw) បានផ្លាស់ប្ដូរយុទ្ធសាស្រ្ត ដោយបាន បញ្ចូលកីឡាករថ្មីពីររូប មកជំនួស។ តែអ៊ីតាលីបានរក្សារជំហរ បាល់បានយ៉ាងល្អ ដែលជាហេតុធ្វើអោយ អាឡឺម៉ង់មិន អាចធ្វើអ្វីបាន បើទោះជាបានសំរុកយ៉ាងខ្លាំង នៅពេល១០នាទីចុងក្រោយ និងបានទាត់បាល់ពិន័យ៩មែត្រ បានមួយ គ្រាប់ក៏ដោយ។


គ្រាប់បាល់ពិន័យ៩មែត្រ​ មួយគ្រាប់ដែលអាឡឺម៉ង់រកបានពីការជួបនេះ។ Photo: uefa.com

នៅចំពោះមុខ ការស្រក់ទឹកភ្នែករបស់ ក្រុមអ្នកគាំទ្រ និងក្រុមកីឡាករអាឡឺម៉ង់នេះ ក្រុមជំរើសជាតិអ៊ីតាលី បានស្រែក អបអរយ៉ាងខ្លាំង និងច្បាស់ក្នុងចិត្តថា ខ្លួនអាចនឹងដណ្ដើមបាន ហើយក្លាយខ្លួនជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប ជំនួសអេស្ប៉ាញ ក្នុងលើកនេះ។ សូមរំលឹកជូនថា អ៊ីតាលីបានជួបជាមួយអេស្ប៉ាញរួចហើយ កាលពីក្នុងការជួបប្រកួត នៃជុំជំរុះមុននេះ។ ទាំងអ្នកគាំទ្រ ទាំងអ្នកស្នេហាកីឡាបាល់ទាត់ទាំងឡាយ ក្នុងពិភពលោក កំពុងតែចាំមើលការប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃ អាទិត្យ ទី០១កក្កដានេះ ជាថ្មីម្ដងទៀតថា តើការប្រកួតនេះនឹងធ្វើអោយមានសន្ទុះ និងសន្ធឹកខ្លាំងបែបណា៕

------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...