នៅប្រទេសក្រិច ទះតប់តំណាងរាស្ត្រ នៅក្នុងកញ្ចក់ទូរទស្សន៍ ANT1
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 08, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសក្រិច ដូចជាមិនសូវខ្វះរឿង វាយតប់គ្នា តាមស្ថានីយ៍ទូរទស្សន៍សោះ។ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៧ ខែមិថុនានេះ សមាជិករបស់គណបក្សស្ដាំនិយម (Aube Dorée) មួយ លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស (Ilias Kasidiaris) បានទះតប់ចំ កណ្ដាលមុខលោកស្រី លីយ៉ាណា កាណេលី (Liana Kanelli) ជាតំណាងរាស្រ្តម្នាក់ មកពីគណបក្សឆ្វេងនិយម ខណៈកំពុង ធ្វើការជជែកនយោបាយ តាមកញ្ចក់ទូរទស្សន៍ ANT1។
លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស កំពុងទះតប់ចំកណ្ដាលមុខលោកស្រី លីយ៉ាណា កាណេលី
នៅពេលដែលការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ត នៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ឈានជិតមកដល់ លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស បានបញ្ចេញអោយគេឃើញពីភាព ច្រឡោមកោងកាចរបស់គាត់ ដោយបានជះទឹកក្នុងកែវ ទៅលើ មុខអ្នកតំណាងរាស្រ្តម្នាក់ទៀត អង្គុយនៅទល់មុខ ដែលនិយាយចង់ប្ដឹងគាត់ឡើងតុលាការ ក្នុងសំនុំរឿងចោរកម្ម ប្រដាប់ដោយអាវុធមួយ កាលពីឆ្នាំ២០០៧។ បន្ទាប់ពីជះទឹកនោះរូចមក គាត់បានងាកមកនៅខាងឆ្វេងដៃ រកលោកស្រី តំណាងរាស្រ្ត លីយ៉ាណា កាណេលី នៃបក្សឆ្វេងនិយមរបស់ប្រទេសក្រិចម្នាក់ទៀត ហើយបានទះតប់នៅចំកណ្ដាលមុខ របស់គាត់ បើទោះជាពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ សាកល្បងនឹងហាមឃាត់ យ៉ាងដូចម្ដេចក៏ដោយ។
ថ្នាក់ដឹកនាំនយោបាយក្រិច នាំគ្នាប្រតិកម្ម
លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស បានគេចខ្លួនផុតភ្លាមពីស្ថានីយ៍ទូរទស្សន៍ នៅពេលនោះ។ តាម hbnews.gr បានអោយ ដឹងថា ការិយាល័យរដ្ឋអាជ្ញា ក៏បានចេញបញ្ជាអោយតាមចាប់ខ្លួនគាត់ភ្លាមៗដែរ ពីបទធ្វើអោយគ្រោះថ្នាក់ និងរបួសស្នាម។
ក្នុងសេចក្ដីប្រកាសមួយរបស់ រដ្ឋាភិបាលចាំផ្ទះ បាននិយាយពីការថ្កោលទោស ការវាយប្រហារ ដែលមានប្រភេទជ្រុល និយមនេះ ហើយបានអំពាវនាវ អោយគណបក្ស ស្ដាំនិយម (Aube Dorée) ប្រកាន់ជំហរដូចគ្នា។ គណបក្សស្ដាំនិយម មួយទៀត បាននិយាយពី ការវាយតប់នេះថា ជាការខ្មាសអៀនមួយ សំរាប់សង្គមជាតិ និងប្រព័ន្ធនយោបាយក្រិច។ ហើយ ខាងគណបក្សឆ្វេងនិយម បានជាន់បន្ថែមថា លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស បានបើកអោយឃើញ ពីប្រព័ន្ធឧក្រិដ្ឋកម្ម របស់គណបក្សស្ដាំនិយម (Aube Dorée) ហើយអំពាវនាវអោយ ប្រជាអ្នកទៅបោះឆ្នោត ធ្វើការសំរេចសាជាថ្មីឡើងវិញ៕
សូមទស្សនាខ្សែរវីដែអូដូចខាងក្រោម៖
---------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Source d'info : AFP