កម្ពុជា៖ អាមេរិក​អាច​​បន្ថយ​ជំនួយ​៧០​លាន​ដុល្លារ ក្រោយ​ការ​បោះ​ឆ្នោត

សហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយជំនួយ មកកម្ពុជាចំនួន៧០លានដុល្លារអាមេរិក ក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ នេះបើយោងទៅតាម ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិ ដែលគ្រោងនឹងជម្រុញរដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា តាមរយៈកិច្ចប្រជុំសភាអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៩ ខែកក្កដា សប្តាហ៍ក្រោយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយជំនួយ មកកម្ពុជាចំនួន៧០លានដុល្លារអាមេរិក ក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ នេះបើយោងទៅតាម ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិ ដែល​គ្រោងនឹងជម្រុញរដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា តាមរយៈកិច្ចប្រជុំសភាអាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃអង្គារ ទី០៩ ខែកក្កដា សប្តាហ៍ក្រោយ។


រូបសញ្ញារបស់ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិសហរដ្ឋអាមេរិក។

លោក ចន ស៊ីហ្វថុន (John Sifton) នាយកតស៊ូមតិប្រចាំអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថ្លែងបា្រប់អ្នក​សារពត៌មាន​ថា លោកនឹងចូលបកស្រាយ ក្នុងកិច្ចប្រជុំសភាអាមេរិក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបញ្ជាក់ទំនុក​ចិត្តថា អាមេរិកនឹងកាត់បន្ថយជំនួយ នៅក្រោយការបោះឆ្នោតនៅកម្ពុជា។

តួលេខរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិសហរដ្ឋអាមេរិច (USAID) បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១១ កម្ពុជា​បានទទួលជំនួយពីសហរដ្ឋអាមេរិក ចំនួន១២៤៧លានដុល្លារអាមេរិច លើផ្នែកសេដ្ឋកិច្ច និងយោធា។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគឯករាជ្យបានថ្លែង នៅក្នុងកិច្ចសម្ភាស ជាមួយវិទ្យុមួយកាលពីម្សិលមិញនេះថា សហរដ្នអាមេរិក ជាប្រទេសមហាអំណាចធំជៀងគេនៅលើពិភពលោក។ លោក បន្តថា កាលពី ខែវិច្ឆិកា ឆ្នាំ២០១៣ ប្រធានាធិបតី សហរដ្ឋអាមេរិច លោក បារ៉ាក់ អូបាម៉ា ក្នុងដំណើរទស្សនកិច្ច មកកម្ពុជា បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ ការបោះឆ្នោត ករណីលោក ម៉ម សូណង់ដូ និងលោក សម រង្សី ជាមួយលោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ដូចច្នេះ គេមិននិយាយអ្វីមួយហើយ ទុកឲ្យវាចោលទទេៗ នោះទេ។ លោក បញ្ជាក់ថា៖ «គេមាន​វិធានការ (លើក)ទីមួយ ទីពីរ ទីបី និងបន្តបន្ទាប់»។

ចំពោះការកាត់បន្ថយជំនួយនេះ លោក ខៀវ កាញារិទ្ធ ជារដ្ឋមន្ត្រីក្រសួងពត៌មាន កន្លងមកបានថ្លែងការពាររដ្ឋាភិបាលថា៖ «កម្ពុជាមិនខ្វល់ពីការលើកឡើងនេះទេ ព្រោះនេះជាការលើកឡើងដោយបុគ្គល ហើយកម្ពុជា និងអាមេរិកនៅតែមាន​ទំនាក់ទំនងល្អ»។

លោកបន្ថែមថា ការបោះឆ្នោតនៅកម្ពុជា គឺដើម្បីពលរដ្ឋកម្ពុជា មិនមែនដើម្បីឲ្យអាមេរិកសប្បាយចិត្តនោះទេ ៖ «អញ្ចឹង​អាមេរិកគាត់ថា គាត់ប្រជាធិបតេយ្យ ប៉ុន្ដែចាំទេពេលប្រជាជនប៉ាឡេស្ទីនបោះឆ្នោត បើបោះឲ្យលោក យ៉ាសាអារ៉ាហ្វាត គាត់មិនឲ្យជំនួយទេ មិនដឹងជាអញ្ចឹង ប្រជាធិបតេយ្យរបស់គាត់ មានមួយម៉ាគីឡូ មួយម៉ាខាំ។ ចំពោះយើងអត់សំខាន់ទេ អាមេរិកឲ្យឫមិនឲ្យ អត់សំខាន់ទេ សំខាន់គឺយើងទាំងអស់គ្នា ដែលប្រទេសទាំងអស់ គេមើលឃើញ តើយើងបោះឆ្នោត​ដោយប្រជាធិបតេយ្យឬអត់ យើងបោះឆ្នោតឲ្យអាមេរិក សប្បាយឬអត់នោះគឺមិនជាបញ្ហា កម្ពុជាមិនមែនជា​(ប្រទេស)​រណបរបស់អាមេរិកទេ»។

ការជម្រុញឲ្យមានការកាត់បន្ថយជំនួយមកកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកពីររូប គឺលោក លីនសី ក្រាហាម (Lindsey Graham) និងលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) កាលពីខែមិថុនា បានផ្ញើជាសេចក្តីសម្រេច​មួយក្នុង​កំណត់ត្រាសភារបស់អាមេរិក ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា ដោយសារ​ស្ថានភាព​មិនល្អជាច្រើន ដែលកំពុងកើតឡើងនៅកម្ពុជា។ ការកាត់បន្ថយជំនួយមកកម្ពុជា អាចនឹងត្រូវធ្វើឡើង ប្រសិនបើការ​បោះ​ឆ្នោត​នៅកម្ពុជា ប្រព្រឹត្តទៅដោយមិនសេរី និងយុត្តិធម៌។ ព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏មានគម្រោងជំរុញ ស្ថាប័ន​ហិញ្ញវត្ថុ​អន្តរជាតិ ដូចជាធនាគារអភិវឌ្ឍន៍អភិឌ្ឍន៍អាស៊ី ឲ្យចាត់វិធានការដូចខ្លួនដែរ។

លោក ទិត សុធា មន្រ្តីអ្នកនាំពាក្យ អង្គភាពពត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី មិនអាចសុំការ​អត្ថាធិប្បាយ​បានទេ ដោយទូរស័ព្ទរបស់លោក ហៅចូលហើយ តែគ្នានអ្នកទទួល។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រតិកម្មចំពោះរដ្ឋសភាកម្ពុជា ដែលបានបណ្តេញចេញ អ្នកតំណាងរាស្រ្តរបស់គណបក្សប្រឆាំងចំនួន២៩រូបពីរដ្ឋសភា។ តែប្រតិកម្មនេះ ត្រូវបាន​ច្រាន​ចោល ដោយលោក ជាម យៀប តំណាងរាស្រ្ត និងជាមន្ត្រីជានខ្ពស់របស់គណៈបក្សប្រជាជន ដែលជាគណបក្ស​កាន់​អំណាច ដោយលើកហេតុផលថាការសម្រេចនេះ គឺអនុលោមទៅតាម«ច្បាប់» របស់កម្ពុជា ហើយមិនអាចត្រូវបានរិះគន់ ដោយសហគមន៍អន្តរជាតិ ដែលមិនចេះច្បាប់ខ្មែរនោះឡើយ។

កន្លងមក គេតែងសង្កេតឃើញថា ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែកោតសរសើរអំពី​ជំនួយរបស់ប្រទេសចិន។ លោក អះអាងថាជំនួយរបស់ចិនមានចំនួនច្រើន ផ្តល់ឲ្យរហ័ស និងគ្នានភ្ជាប់លក្ខខ័ណ្ឌ ទន្ទឹម​នឹងនេះ លោកតែងតែងសម្តែងការមិនសប្បាយចិត្ត ចំពោះជំនួយរបស់ប្រទេសលោកខាងលិច ដូចជា សហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុប ថាជាជំនួយភ្ជាប់ដោយលក្ខខណ្ឌ មានភាពស្មុកស្មាញ និងអាចប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា។

អ្នកវិភាគស្ថានការណ៍សង្គម និងនយោបាយនៅប្រទេស បានលើកបញ្ជាក់ប្រាប់មនោរម្យព័ងអាំងហ្វូថា ជំនួយរបស់​លោក​ខាងលិច ពិតជាភ្ជាប់ជាមួយលក្ខខណ្ឌ តែលក្ខខណ្ឌទាំងនោះ គឺស្មើរឲ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។ ផ្ទុយទៅវិញ ជំនួយរបស់ចិនដែលគ្មានលក្ខខ័ណ្ឌទាំងនោះ អាចនាំឲ្យមាន​អំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ ខ្វះតម្លាភាព និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ជំនួយ និងកម្ចីទាំងនោះ៕

-----------------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...