«វើទូទីខល័រ» ទូរស័ព្ទដៃតម្លៃជាងមួយម៉ឺនដុល្លា ចេញលក់ហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសអង់គ្លេស វើទូ (Vertu) បានប្រកាសចេញលក់នូវផលិតផលថ្មីរបស់ខ្លួន ប្រភេទទូរស័ព្ទដៃពិសេស មានឈ្មោះថា «វើទូទីខល័រ» (Vertu Ti Color) ដែលមាន២ពណ៌ឲ្យជ្រើសរើស ក្នុងនោះមានពណ៌ខៀវ និងពណ៌ក្រហម។ ក្រុមហ៊ុនផលិតចំនួនតែ១០០០គ្រឿងប៉ុណ្ណោះ ហើយក្នុងមួយគ្រឿងតម្លៃ ១១៦០០ដុល្លាសហរដ្ឋអាមេរិក។
ពណ៌ក្រហមមានរហ័សនាមថា «ព្រះអាទិត្យរៀបលិចពណ៌ក្រហម» (Sunset Red) រីឯពណ៌ខៀវមានរហ័សនាមថា «កណ្តាលរាត្រីពណ៌ខៀវ» (Midnight Blue)។
អ្វីដែលធ្វើឲ្យទូរស័ព្ទដៃរបស់ក្រុមហ៊ុនវើទូ មានតម្លៃខ្ពស់ដាច់គេនេះ ដោយសារតែការរចនារបស់វាមានភាពស្រស់ស្អាត យ៉ាងប្រណិត និងទាន់សម័យ។ តួររបស់វើទូទីខល័រនេះ ត្រូវបានផលិតឡើងពីធាតុទីតាញ៉ូមថ្នាក់ទី៥ ដែលធ្វើឲ្យវាមានភាពរឹងម៉ាំជាងទូរស័ព្ទដៃវ៉ៃឆ្លាតធម្មតាដល់ទៅ៥ដង។
ចំណែកឯលក្ខណៈសម្បត្តិរបស់វាសំខាន់ផ្សេងៗទៀត មានដូចជា៖
• អេក្រង់៖ ៣.៧អ៊ីញ
• គម្រប៖ ផលិតពីគ្រីស្តាល Sapphire រឹងបំផុត បន្ទាប់ពីពេជ្រ
• ម៉ាស៊ីន៖ ១.៧ជីហ្គាអែក
• កាមេរ៉ាក្រោយ៖ ៨ម៉េហ្គាភិចស្ស៊ែល, មានភ្លើង២គ្រាប់ (dual LED flash)
• កាមេរ៉ាមុខ៖ ១.៣ម៉េហ្គាភិចស្ស៊ែល
• អាចផ្ទុកបាន៖ ៦៤ជីហ្គាបៃ
• ប្រព័ន្ធដំណើរការ៖ អេនដ្រយ៤.០ អាយស្គ្រីម ស៊ាំងវិច (Android 4.0 Ice Cream Sandwich)
រូបភាព នៅពេលវាមានដំណើរការ។
ទូរស័ព្ទដៃស៊េរីទំនើប វើទូទីខល័រទាំង២ពណ៌នេះ ត្រូវបានចេញលក់ហើយ នៅប្រទេសអង់គ្លេស ដែល១គ្រឿងតម្លៃជាង១ម៉ឺនដុល្លា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ