អេស្ប៉ាញបង្ក្រាបតាហ៊ីទី ១០-០ ខណៈអ៊ុយរ៉ាហ្គាយឈ្នះនីហ្សេរីយ៉ា ២-១ (វីដេអូ)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) លើកទី២ ក្នុងពូលប៊ី (B ) កាលពីយប់មិញ ក្រុមគោជល់អេស្ប៉ាញ បានលត់ក្រុមសិស្សប្អូនតាហ៊ីទីដល់ទៅ ១០-០ ខណៈដែលក្រុមអ៊ុយរ៉ាហ្គាយ បានយកឈ្នះក្រុមនីហ្សេរីយ៉ា ទាំងបុកពោះដោយលទ្ធផល ២-១ នៅប្រទេសប្រេស៊ីល។
ខ្សែប្រយុទ្ធអេស្ប៉ាញ តូរេស ចាប់ដៃសុំទោសអ្នកចាំទីតាហ៊ីទី រ៉ូស្ស៍ នៅពាក់កណ្ដាលម៉ោងដំបូង។
ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ដែលធ្លាក់ទម្រង់លេងយូរហើយនោះ មិនសំចៃទៀតទេ ពោលគឺគាត់ទាត់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ហើយស្ទើរតែមានឱកាសរកគ្រាប់ទី៥ទៅហើយ ប៉ុន្តែបែរជាទាត់ប៉េណាល់ទីមិនចូលទៅវិញ។
ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមបាសេឡូណា (Barcelona) ដេវីដ វីឡា (David Villa) ក៏មិនឲ្យចាញ់តូរែសប៉ុន្មានដែរ ដោយគាត់អាចទាត់បំប៉ោងសំណាញ់ទីក្រុមតាហ៊ីទី បាន៣គ្រាប់តែម្នាក់ឯងដូចគ្នាដែរ។
មិនទាន់ឆ្អែតឆ្អន់ទេ សម្រាប់ក្រុមម្ចាស់ជើងឯកពិភពលោក និងម្ចាស់ជើងឯកអ៊ឺរ៉ុបមួយនេះ ដោយខ្សែបម្រើក្រុមមេឃខៀវម៉ែនស៊ីធី (Man City) ដេវីដ ស៊ីលវ៉ា ក៏រកបាន២គ្រាប់ដែរ ខណៈដែលកីឡាករមាឌល្អិត ចន ម៉ាតា (Juan Mata) បន្ថែមបាន១គ្រាប់ទៀត ធ្វើឲ្យអេស្ប៉ាញ មានកំណត់ដ៏អស្ចារ្យមួយ ដែលអាចឈ្នះគូប្រកួតដល់ទៅ ១០-០។
ចំណែកឯក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយវិញ បានឈ្នះក្រុមនីហ្សេរីយ៉ា ទាំងប្រផុតប្រផើយ បន្ទាប់ពីខ្សែប្រយុទ្ធ ឌីហ្គូ ហ្វឡែន (Diego Forlan) បានរកគ្រាប់បាល់ទី២ បានសម្រេចនៅនាទីទី៥១ ខណៈដែលការប្រកួតនោះ ជាការប្រកួតគម្រប់លើកទី ១០០របស់គាត់ផងនោះ។
កីឡាករប្រធានក្រុម ឌីហ្គូ លូហ្គាណូ (Diego Lugano) បានជួយឲ្យអ៊ុយរ៉ាហ្គាយធ្វើការនាំមុខមុនតាំងតែពីនាទីទី១៩ ខណៈដែលត្រូវក្រុមនីហ្សេរីយ៉ា តាមបានស្មើមកវិញនៅនាទីទី៣៧ ដោយកីឡាករ ចនអូប៊ី មីហ្គែល (John Obi Mikel)។
ដូច្នេះនៅក្នុងពូលប៊ីនេះ ក្រុមអេស្ប៉ាញបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ប្រកួតឈ្នះទាំង២លើក មាន៦ពិន្ទុឈរលេខ១លើកំពូលតារាង ខណៈដែលក្រុមកោះតាហ៊ីទី ត្រូវហាលអាវទៅផ្ទះវិញ បន្ទាប់ពី២ប្រកួតចាញ់គេ ១៥គ្រាប់រួចមក។
រីឯក្រុមនីហ្សេរីយ៉ា និងក្រុមអ៊ុយរ៉ាហ្គាយ នឹងរងចាំការប្រកួតលើកទី៣សិន ទើបដឹងថាក្រុមមួយណា នឹងអាចឡើងទៅកាន់វគ្គជាបន្ត បន្ទាប់ពី២ប្រកួតមកនេះ ក្រុមទាំង២ឈ្នះ១ចាញ់១ដូចគ្នា មានម្នាក់៣ពិន្ទុដូចគ្នា ខណៈដែលអ៊ុយរ៉ាហ្គាយ នឹងត្រូវជួបក្រុមតាហ៊ីទី ចំណែកឯនីហ្សេរីយ៉ា នឹងប៉ះក្រុមខ្លាំងអេស្ប៉ាញ នៅការប្រកួតលើកទី៣៕
សូមទស្សនាការសង្ខេប ការប្រកួតទាំងពីរនេះឡើងវិញ ក្នុងវីដេអូខាងក្រោម៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ