បាល់ទាត់ស្ត្រី៖ វែមបាច់ កីឡាការិនីទាត់ចូលទី បានច្រើនជាងគេលើពិភពលោក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធអន្តរជាតិសហរដ្ឋអាមេរិក អាបី វែមបាច់ (Abby Wambach) បានក្លាយជាកីឡាការិនី ដែលមានគ្រាប់បាល់ទាត់បញ្ចូលទីច្រើនជាងគេបំផុត ក្នុងការប្រកួតបាល់ទាត់អន្តរជាតិស្រ្តី ខណៈដែលនាង បានទាត់ចូលទី៤គ្រាប់តែម្នាក់ឯង ក្នុងការប្រកួតមិត្តភាព ជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បត៏ម្សិលមិញ។
រូបនេះ បង្ហាញពីភាពតស៊ូអត់ធ្មត់របស់កីឡាការិនី អាបី វែមបាច់ ដែលសូម្បីតែរបួសហើយក៏ដោយ។ (រូបថត Ronald Martinez/Getty Images Sport)
គ្រាប់បាល់ទាំង៤គ្រាប់របស់កីឡាការិនីរូបនេះ កើតឡើងត្រឹមតែវគ្គទី១តែប៉ុណ្ណោះ ខណៈដែលអាមេរិក បំបាក់កូរ៉េដោយលទ្ធផលសរុប ៥-០ ហើយធ្វើឲ្យគ្រាប់បាល់របស់នាងសរុប មានចំនួនរហូតដល់ ១៦០គ្រាប់។
កំណត់ត្រាពីអតីតកាល ជាកីឡាការិនីអាមេរិកដែរ ប៉ុន្តែឈ្មោះ មៃ ហាំ (Mia Hamm) ដែលនាងបានរកគ្រាប់សរុបបានចំនួន ១៥៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៧៥ប្រកួត មុនពេលដែលនាងប្រកាសចូលនិវត្តន៏នៅឆ្នាំ២០០៤។
វែមបាច់ បានចូលលេងលើកទី ២០៧របស់នាង ក្នុងការប្រកួតអន្តរជាតិ ក្នុងកីឡាដ្ឋានរ៉ែដប៊ុល (Red Bull Arena) នៃរដ្ឋញូជឺស៊ី (New Jersey) ដែលគ្រាប់បាល់ពីមុននាងមាន ១៥៦គ្រាប់ ប៉ុន្តែនាងបានបំបែកកំណត់ថ្មីត្រឹមតែរយះពេល ៣១នាទីតែប៉ុណ្ណោះ ក្នុងការប្រកួត បន្ទាប់ពីនាងរកគ្រាប់បាន ៣គ្រាប់។
ការរកបាន ៣គ្រាប់ក៏សមល្មមនឹងឲ្យនាងក្លាយជាម្ចាស់កំណត់ត្រាថ្មីហើយ ប៉ុន្តែវាមិនទាន់ស្កប់ស្កល់ទេសម្រាប់នាង ដែលជិតនឹងបញ្ចប់ការប្រកួតវគ្គទី១ហើយនោះ នាងបានបន្ថែមមួយគ្រាប់ទៀត ធ្វើឲ្យនាងមានគ្រាប់បាល់សរុបលើសអ្នកកំណត់ត្រាចាស់២គ្រាប់។
នៅមុខទស្សនិកជន ប្រមាណ១៨៦៩៥នាក់ ក្រុមជម្រើសជាតិស្រ្តីរបស់អាមេរិក មិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ័យព្រួយ ឬក៏បារម្មណ៏អ្វីទេ ព្រោះតាំងតែពីចាប់ផ្តើមផ្លុំកញ្ចែបើកការប្រកួត អាមេរិកគ្របគ្រងបាល់យ៉ាងលើសលុបទៅលើក្រុមកូរ៉េខាងត្បូង ហើយទីបំផុតក៏ទទួលបានលទ្ធផលដ៏ល្អឥតខ្ចោះពិតមែន។
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ