កម្ពុជាមានពិន្ទុល្អ ខាងសេរីភាពជំនឿសាសនា ក្នុងរបាយការណ៍អាមេរិក
«គ្មានការរាយការណ៍ ស្តីពីការបំពានលើ សេរីភាពសាសនាទេ» នេះជាសេចក្ដីអត្ថាធិប្បាយមួយឃ្លា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១២ របស់ក្រសួងការបរទេសអាមរិក ស្ដីពីសេរីភាពជំនឿសាសនានៅកម្ពុជា ដែលទំនងជាបានបង្ហាញពីពិន្ទុដ៏ល្អមួយ ទៅឲ្យប្រទេសនេះ។
វត្តវិហារសួគ៌ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
របាយការណ៍ខ្លីមួយ ដែលនិយាយសង្ខេបពីសិទ្ធិសេរីភាពខាងជំនឿសាសនាខាងសាសនា ត្រូវបានក្រសួងការបរទេសអាមេរិក ចេញផ្សាយនៅថ្ងៃច័ន្ទទី២០ខែឧសភាកន្លងទៅ និងត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បកប្រែជាខេមរភាសា ដាក់នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃសៅរ៍នេះ។ របាយការណ៍បានបង្ហាញតួលេខថា អ្នកកាន់សាសនាឥស្លាមមានប្រមាណ ២,៤% នៃប្រជាជនទាំងអស់ ដែលភាគច្រើនលើសលុបគឺជាជនជាតិចាម។ ប្រជាជនចំនួន ១,៦% ទៀតគឺជាក្រុម Baha'i Faith ជ្វីហ្វ និងវៀតណាមអ្នកកាន់សាសនា Cao Dai ឬក្រុមអ្នកកាន់សាសនាគ្រឹះនិកាយផ្សេងៗ។
របាយការណ៍មានសរសេរជាអាថ៌ថា «រដ្ឋធម្មនុញ្ញ ច្បាប់ដទៃទៀត និងគោលនយោបាយនានាការពារសេរីភាពសាសនា» និងបានបញ្ជាក់ថា «រដ្ឋាភិបាលលើកកំពស់ថ្ងៃបុណ្យតាមព្រះពុទ្ធសាសនា ផ្តល់ការបណ្តុះបណ្តាល និងការអប់រំតាមព្រះពុទ្ធសាសនាដល់ព្រះសង្ឃ និងអ្នកដទៃទៀត»។
បើតាមរបាយការណ៍នេះ ប្រទេសកម្ពុជាមិនមានបញ្ហាសេរីភាព ខាងជំនឿសាសនាទេ ហើយថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ នឹងជ្រើសរើសសាសនាដែលខ្លួនចង់ប្រតិបត្តិ បើទោះជាពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែមួយគត់ក៏ដោយ។ រាល់បំណងចង់សាងសង់កន្លែងគោរពបូជា ឬធ្វើសកម្មភាពផ្សេងៗផ្នែកសាសនា គេគ្រាន់តែដាក់ពាក្យសុំ ទៅក្រសួងធម្មការនិងសាសនា ទៅតាមច្បាប់កំណត់ប៉ុណ្ណោះ។
ចំពោះសាសនាដទៃ រដ្ឋាភិបាលបានកំណត់បទបញ្ជា អោយក្រុមសាសនានានាកុំធ្វើការរិះគន់គ្នាដោយបើកចំហ ហើយបទបញ្ញាតិនេះ កំរត្រូវបានគេបំពានណាស់។ របាយការណ៍បានអះអាងថា អ្នកកាន់សាសនាឥស្លាមខ្លះ (ចាម) មានសមាហរណកម្មល្អក្នុងសង្គម ដោយមានមុខតំណែងធំៗក្នុងមុខជំនួញ និងរដ្ឋាភិបាល បើទោះជាការសិក្សាអង្កេតមួយបានបង្ហាញអោយឃើញថា ពួកគេនៅតែយល់ថាមានឧបសគ្គផ្នែកស្ថាប័ន និងវប្បធម៌ដល់សមាហរណកម្មពេញលេញ ក្នុងសង្គមនោះក៏ដោយ។
អ្នកវិភាគតាមដានស្ថានការណ៍ក្នុងប្រទេសកម្ពុជា បានធ្វើការវាយតម្លៃថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិក មិនបានស៊ីជម្រៅ ទៅលើទិដ្ឋភាពសង្គមនិងនយោបាយ នៅកម្ពុជានោះឡើយ។ ក្នុងបទសម្ភាសខ្លីមួយ ជាមួយមនោរម្យព័ងអាំងហ្វូ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត បានយល់ស្របតាមរបាយការណ៍នេះ ទាក់ទងនឹងជំនឿ ដោយយោងទៅតាមគោលការណ៍ច្បាប់។ ប៉ុន្តែការអនុវត្តន៍ពិតប្រាកដ មិនដូចទៅនឹងរបាយការណ៍នោះទាំងស្រុងទេ ដោយសារមានការរិតត្បិត ខាងសិទ្ធិសេរីភាពទៅលើព្រះសង្ឃកម្ពុជា ដែលបាននិមន្តទៅចូលរួមក្នុងសកម្មភាពសង្គម គាំទ្រសហគមន៍ ឬចូលរួមជាមួយគណបក្សនយោបាយនោះជាដើម។
ព្រះភិក្ខុ លួន សាវ៉ាត ដែលល្បីថាជាសង្ឃនាំមុខគេ ក្នុងការចូលរួមធ្វើកិច្ចការសង្គមនោះ បានមានសង្ឃដីការថា គេត្រូវបែងចែកដោយឡែកពីគ្នា រវាងសេរីភាពនៃជំនឿ និងសេរីភាពនៃកិច្ចការសាសនា។ ព្រះតេជគុណយល់ស្របថា សេរីភាពនៃជំនឿ មិនត្រូវបានគេរឹតត្បិត ឬរងការគម្រាមកំហែងអ្វីទេ និងថែមទាំងមានយ៉ាងទូលំទូលាយនោះទៀតផង បើទោះជាមានមន្ត្រីមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តិអំពើពុករលួយ តាមរយៈការដាក់ពាក្សស្នើសុំ ដើម្បីរត់ការអ្វីមួយ ពីក្រុមអ្នកមានជំនឿសាសនានោះក៏ដោយ។ តែផ្ទុយទៅវិញ សេរីភាពនៃកិច្ចការសាសនា ដែលព្រះសង្ឃត្រូវមានតួនាទីយ៉ាងសកម្មនៅក្នុងសង្គម បែជាត្រូវរងនូវការរឹតត្បិត និងមានការលូកដៃកកូកកាយ ពីសំណាក់សម្ដេចសង្ឃ ក្រសួងធម្មការ ជាពិសេសពីសំណាក់រដ្ឋាភិបាលនេះតែម្ដង៕
----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ