ផ្ទុះអាវុធនៅព្រលានយន្ដហោះប៉ារីស «អ័រលី» សម្លាប់ជនសង្ស័យម្នាក់
នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ក្នុងប្រទេសបារាំង មានហេតុការណ៍ពីរ ដែលបានកើតឡើងរវាងគ្នា តែជាងមួយម៉ោងប៉ុណ្ណោះ និងស្ថិតនៅចំងាយពីគ្នា ជាង៤០គីឡូម៉ែត្រ។ ប្រភពពីនគរបាលបារាំង បានជឿជាក់ថា ជាហេតុការណ៍ពីរ ដែលបានជាប់ទាក់ទងគ្នា។
ហេតុការណ៍ទីមួយ កើតឡើងនៅវេលាម៉ោង ៦ និង៥៥នាទីព្រឹក បង្កឡើងដោយជនម្នាក់ នៅក្នុងក្រុង ស្ដាំង (Stains) ស្ថិតនៅភាគខាងជើង នៃរដ្ឋធានីប៉ារីស។ ជននោះបានផ្ទុះអាវុធឡើង នៅពេលដែលក្រុមនគរបាល កំពុងធ្វើយុទ្ធនាការ ត្រួតពិនិត្យអត្តសញ្ញាណជាធម្មតាមួយ នៅតាមដងផ្លូវ នៃទីក្រុងនោះ បណ្ដាលឲ្យភ្នាក់ងារនគរបាលម្នាក់ រងរបួសស្រាល នៅត្រង់ក្បាល។
ប្រមាណជាង១ម៉ោងកន្លះក្រោយមក នៅវេលាម៉ោង៨ និង៣០នាទី ហេតុការណ៍មួយទៀត បានកើតឡើង នៅក្នុងព្រលានយន្ដហោះ អ័រលី ខាងត្បូង (Orly-Sud) ដែលស្ថិតនៅភាគខាងត្បូង នៃរដ្ឋធានីប៉ារីស។ បុរសម្នាក់ បានព្យាយាមទៅឆក់យកអាវុធ [...]