ជាមួយបន្ទះ«WalkCar»របស់ជប៉ុន មនុស្សឈប់ដើរដោយជើង!
ការឆ្នៃប្រឌិតថ្មី នៃបន្ទះ«WalkCar» ត្រូវបានគេឲ្យឈ្មោះថា ជា«រថយន្ដដំបូងគេ ដែលដាក់ក្នុងកាបូបយួរដៃបាន» ហើយត្រូវបានក្រុមហ៊ុន «Cocoa Motors» របស់ជប៉ុន យកមកផលិតចេញជារូបរាង ហើយដាក់ឲ្យផ្សាយពាណិជ្ជកម្ម តាំងខែកក្កដាកន្លងទៅ។ ប៉ុន្តែការចេញដាក់លក់ ជាផ្លូវការ នឹងត្រូវធ្វើនៅខែកញ្ញា ឆ្នាំខាងមុខ ក្នុងតម្លៃប្រមាណជា ៨០០ដុល្លារ (៧៥០អ៊ឺរ៉ូ)។
មានទម្ងន់ខ្លួនឯង ត្រឹមតែ២គីឡូក្រាមប៉ុណ្ណោះ តែ«WalkCar» អាចមានសមត្ថភាពទ្រទ្រង់ទម្ងន់ រហូតដល់ទៅ ១២០គីឡូក្រាម។ នេះបើតាមទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ (Reuters)។ ដើម្បីឲ្យវាដំណើរការ គេគ្រាន់តែឡើងជិះពីលើ ហើយនៅពេលចង់ឲ្យវា ឈប់ដើរ គេគ្រាន់តែលោតចុះពីវាប៉ុណ្ណោះ។ លោក គូនីអាកូ សៃតូ វិស្វករវ័យ២៦ឆ្នាំ ដែលបានឆ្នៃប្រឌិត ឧបករណ៍នេះឡើង បាននិយាយ ប្រកបដោយមោទនភាពថា ដើម្បីផ្លាស់ប្ដូរទិសដៅ បត់ឆ្វេងឬស្ដាំនោះ អ្នកជិះគ្រាន់តែងាកខ្លួន ចុះឡើង គ្រប់គ្រាន់នឹងឲ្យ«WalkCar» [...]