ទុកទារកអាយុប្រាំខែចោល រហូតអត់ឃ្លានស្លាប់ ឯខ្លួនទៅដើរលេង
បណ្ដាញផ្សព្វផ្សាយ នៅប្រទេសរ៉ូស្សី បានហៅស្ត្រីវ័យក្មេងនោះ ថាជា«ម្ដាយបីសាច»។ នាង អាលីយ៉ូណា អ៊ីប៉ាតូវ៉ា (Alyona Ipatova) អាយុ១៩ឆ្នាំ ត្រូវបានតុលាការនៃទីក្រុង ស៊ាំង-ប៉េធើស្បួរ (Saint-Pétersbourg) ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និងបង្ខំឲ្យធ្វើការជាទម្ងន់ ពីបទបានទុក ទារិកាអាយុ៥ខែរបស់ខ្លួនចោល រហូតស្លាប់នឹងភាពអត់ឃ្លាន។
ស្ត្រីជាប់ចោទរូបនេះ បានទទួលស្គាល់ពីទង្វើរបស់ខ្លួន ដែលបានទុកកូនស្រីរបស់ខ្លួនចោល តែម្នាក់ឯងនៅក្នុងផ្ទះ អស់រយៈពេល... ១៤ថ្ងៃ។ រីឯខ្លួនបានចេញទៅដើរលេង នៅក្នុងពិធីបុណ្យសប្បាយមួយ។ ពីរសប្ដាហ៍ក្រោយ នាងបានវិលត្រឡប់មកផ្ទះវិញ ដើម្បីមកជួបកូនស្រីកំសត់របស់នាង។
តែវាហួសពេលទៅហើយ។ ១៤ថ្ងៃ ដោយអត់ឃ្លាន តើមនុស្សណាមួយអាចអត់ទ្រាំបាន កុំថាឡើយដល់ទៅទារិកា ដែលទើបនឹងមានអាយុ៥ខែនោះ? នេះគេនៅមិនទាន់គិតដល់ផងទេថា តើទារិកាដ៏តូចល្អិត បានស្រែកយំទារយកចំណីយ៉ាងណា មុននឹងគ្នាលែងដឹងខ្លួន [...]