ទេសចរណ៍៖ «ចំណាយ»របស់រដ្ឋ ហេតុអ្វីចំណូលចូល«ឯកជន»?
«ក្រសួងទេសចរណ៍ធ្វើដំណើរជាប្រតិភូ ការផ្សព្វផ្សាយគ្រប់បែបយ៉ាង ដើម្បីទាក់ទាញទេសចរណ៍។ ដូច្នេះចំណាយរបស់រដ្ឋ ហេតុអ្វីបណ្តោយឲ្យចំណូលហ្នឹង ឲ្យក្រុមហ៊ុនជាអ្នកយកទៅវិញ ថ្វីត្បិតតែបានភាគរយខ្លះមករដ្ឋមែន?» នេះជាការលើកឡើងរបស់លោក យ៉ែម ប៉ុញ្ញរិទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ។
ប្រធានគណកម្មការទី៧នៃរដ្ឋសភា ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែវិច្ឆិកាម្សិលម៉ិញនេះ បានធ្វើចំណាប់អារម្មណ៍ ទៅលើបញ្ហានៃការលក់សំបុត្រ សម្រាប់ភ្ញៀវទេសចរណ៍ ចូលទស្សនាតំបន់អង្គរ។ លោកលើកឡើងថា ក្នុងតំណាក់កាលនេះ ត្រូវតែដកហូតការគ្រប់គ្រង ការលក់សំបុត្រនោះពីឯកជន មកគ្រប់គ្រងដោយរដ្ឋវិញ ទើបចំណូលទាំងអស់បានចូលជាថវិការរបស់ជាតិ។
[...]