«ឲ្យកូនសុំទោស ម៉ាក់, កូនបានបាញ់កាំភ្លើង ចំប្អូនប្រុស»
ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងទៅលើគ្រួសារមួយ កាលពីដើមសប្ដាហ៍នេះ ក្នុងក្រុង អែលម៉ូ (Elmo) ទីក្រុងដ៏តូចមួយស្ថិតនៅខាងជើងរដ្ឋ មីស៊ូរី ដែលបានធ្វើឲ្យនាង អេឡិចស៊ីស វៀឌើហូលដ៍ (Alexis Wiederholt) ម្ដាយវ័យក្មេងរបស់គ្រួសារនេះ យំមិនចេញ។ ហេតុការណ៍នោះ បានចាប់ផ្ដើមដំបូង នៅពេលដែលម្ដាយវ័យ២៦ឆ្នាំរូបនេះ បានឮសូរសម្លេងផ្ទុះដ៏ចម្លែកមួយ បានលាន់ចេញពីបន្ទប់គេង ក្នុងផ្ទះរបស់ឪពុកនាង។ រំពេចនោះ កូនច្បងអាយុ៥ឆ្នាំរបស់នាង បានរត់សំដៅមករកម្ដាយខ្លួន ហើយបានបន្លឺពាក្យដ៏តក់ស្លុតថា៖ «ឲ្យកូនសុំទោស ម៉ាក់។ កូនបានបាញ់កាំភ្លើង ចំ គ័រប៊ិន»។
បន្ទាប់ពីឮប្រយោគដ៏ត្រជាក់ជាងទឹកកក របស់កូនច្បងខ្លួន នាង អេឡិចស៊ីស បានរត់ទាំងអស់ព្រលឹងទៅមើលក្នុងបន្ទប់... នាងបានប្រទះឃើញទារកអាយុ៩ខែរបស់នាង ដេកស្លាប់ស្ដូកស្ដឹងទៅហើយ។ [...]
