អតីតជំនិត នរោត្តម រណឫទ្ធិ ក្លាយជាជំនិត ហ៊ុន សែន
អតីតអ្នកនាំពាក្យ និងជាជំនិតរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ទើបនឹងទទួលបានតំណែងថ្មីមួយ ពីនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស កាន់អំណាច លោក ហ៊ុន សែន។ ការតែងតាំងនេះ បានធ្វើឡើង ប្រមាណជា១០ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានឡើងកាន់តំណែងថ្មី (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥) ជាប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសអតីតប្រធានគណបក្ស លោក ជា ស៊ីម ដែលបានធ្វើមរណភាព កាលពីដើមខែមិថុនា។
លិខិតសម្រេច ស្តីពីការតែងតាំងមន្រ្តីគណបក្ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដែលមានហត្ថលេខា (ជ) គណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ដោយប្រធាន គណបក្សប្រជាជនកម្ពុជាថ្មី លោក ហ៊ុន សែន និងជានាយករដ្ឋមន្រ្តីកម្ពុជា នៅត្រង់ប្រការមួយ បានសរសេរថា៖ «តែងតាំងឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា។»
[...]