ពលរដ្ឋភូមិប៉ោយប៉ែត ថាមេភូមិប្តឹងពួកខ្លួន ពីបទបរិហារកេរ្តិ៍ ខុសទំនង
ជាថ្មីម្ដងទៀត អ្នកភូមិប៉ោយប៉ែត ប្រមាណជាង៤០នាក់ បាននាំគ្នាធ្វើការតវ៉ា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ សុំអន្តរាគមន៍ ពីចៅសង្កាត់ប៉ោយប៉ែត ជុំវិញពាក្យបណ្ដឹង របស់មេភូមិរបស់ពួកគេ ដែលបានប្តឹងអ្នកភូមិ ពីបទបរិហារកេរ្តិ៍។ អ្នកភូមិទាំងនោះបានសម្ដែងការខឹងសម្បារថា ក្នុងនាមជាមេភូមិ មិនបានធ្វើតាមតួនាទី ជួយអ្នកភូមិរងគ្រោះទេ តែបែរជាដាក់ពាក្យ ប្តឹងអ្នកភូមិទៅវិញ។
ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បានរៀបរាប់ ពីដំណើររឿង ដែលឈានទៅដល់ ការប្ដឹងផ្ដល់បរិហារកេរ្តិ៍នេះថា នៅពេលដែលអ្នកភូមិមានរឿង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ មានមន្ត្រីរាជអាវុធហត្ថម្នាក់ បានជិះម៉ូតូទាំងស្រវឹង ទៅទាត់ធាក់យុវជនម្នាក់ឈ្នោះ ដូច អាយុប្រមាណជា១៩ឆ្នាំ ឲ្យមានរបួស ដោយគ្មានមូលហេតុ។ ភ្លាមៗ នៅពេលមានហេតុការណ៍នេះ ប្រធានក្រុមនៅក្នុងភូមិ លោក ជិន ខ្លី បានប្រាប់ឲ្យដឹងថា លោកបានទូរស័ព្ទ ទៅសុំការអន្តរាគមន៍ជាបន្ទាន់ ពីមេភូមិប៉ោយប៉ែត [...]