
ខឹម វាសនា៖ របាយការណ៍ដែលសមត្ថកិច្ចបញ្ចេញមក មិនគួរឲ្យទុកចិត្ត
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា តែងចោទសួរជារឿយៗ នៅក្នុងការថ្លែងនានារបស់លោក តាមរយៈបណ្ដាញសង្គម វិទ្យុ ឬតាមរយៈវេទិកាសាធារណៈ យ៉ាងដូច្នេះថា តើយើងជាអ្នកណា នៅក្នុងប្រទេសមួយនេះ? ហើយលោក ក៏តែងបានឆ្លើយដោយខ្លួនឯងដែរថា៖ «យើងជាម្ចាស់ប្រទេស»។
«ចុះបើយើង ជាម្ចាស់ប្រទេសមួយនេះ ហើយរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ ដែលយើងជួលពួកគេ មកឲ្យធ្វើការឲ្យយើង មានលក្ខណៈបែបនេះ តើយើងនឹងទៅបន្ទោសអ្នកណា? ហើយបើយើងមិនទទួលកំហុស ក្នុងរឿងនេះ យើងជាម្ចាស់ប្រទេស គិតតែបន្ទោសមនុស្ស ដែលយើងជួលយកមកប្រើ ថាអ្នកទាំងនោះមិនកើត តើរឿងនេះអាចដោះស្រាយបាន(ឬ)ទេ?»
ខាងលើនេះ ជាសំនួរចោទឡើង ដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) ទៅនឹងប្រធានបទមួយ ដែលមិនផ្ដល់ភាពរីករាយ ឬសុភមង្គល ទៅដល់ពលរដ្ឋខ្មែរទូទៅ [...]