ក្រុងព្យុងយ៉ាង កំពុងត្រៀមបាញ់កាំជ្រួចរយៈឆ្ងាយមួយទៀត?
ដំណឹងចេញពីប្រទេសកូរ៉េខាងជើង កាន់តែធ្វើឲ្យពិភពលោក «ញ៉ាក់សាច់» ខ្លាំងឡើង។ ទីក្រុងព្យុងយ៉ាង ទំនងជាកំពុងរៀបចំការបាញ់សាកល្បង នូវកាំជ្រួចរយៈឆ្ងាយមួយទៀត។ នេះបើតាមសេចក្ដីរាយការណ៍នានា របស់សារព័ត៌មានជប៉ុន ចេញផ្សាយក្នុងចុងសប្ដាហ៍នេះ។ ប្រសិនជាគម្រោងសាកល្បង ពិតជាមានមែននោះ បានន័យថា នេះសកម្មភាពថ្មីមួយទៀត នៅក្នុងរយៈពេល តែ៣សប្ដាហ៍ក្រោយ ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទី៤ កាលពីដើមខែមករាកន្លងមក របស់ប្រទេសកុម្មុយនីស។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដូចយ៉ាងទីភ្នាក់ងារព័ត៌មាន «Kyodo» ជាដើម បានយោងប្រភពពីរដ្ឋាភិបាលជប៉ុន ទាក់ទងនឹងការវិភាគ ទៅលើរូបភាព ដែលចាប់បានដោយប្រព័ន្ធផ្កាយរណប បង្ហាញពីការរៀបចំ នូវការបាញ់កាំជ្រួចមួយ ពីមជ្ឈមណ្ឌល «Dongchang-ri» ភាគខាងលិចនៃប្រទេសកូរ៉េខាងជើង។ ការរៀបចំការបាញ់នេះ អាចនឹងរួចរាល់ នៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខ។ ទូរទស្សន៍ «NHK» របស់ជប៉ុន [...]
