បទយកការណ៍៖ «លារហូត លែងត្រឡប់» នៃវីរបុរសមួយរូប
អ្នកមកទទួលព្រះបរមសព សម្តេចព្រះបាទនរោត្ដម សីហនុ ស្ទើរគ្រប់គ្នា មានអាការៈក្តុកក្តួល ឆួលក្នុងចិត្ត លាយឡំ នឹង ភាពក្រៀមក្រំខ្លោចផ្សារ និយាយសឹងមិនចេញ។ ទឹកភ្នែកដែលរមៀលធ្លាក់ចុះ បញ្ជាក់ពីភាពសោកស្តាយ និងស្រណោះ អង្គសម្តេចឪ ហើយវាបានកើតមានកាន់តែខ្លាំងទៅៗ នៅពេលដែលយន្តហោះពិសេសរបស់ប្រទេសចិន យាងព្រះបរមសពរបស់ព្រះអង្គ បានទំលាក់ខ្លួនចុះដល់ដី នៅថ្ងៃទី១៧តុលា វេលាម៉ោង ២ម៉៤៥នាទី រសៀល និងជាពិសេស នៅពេលដែលព្រះបរមសព ត្រូវបានរំកិលចេញពីព្រលានយន្តហោះ ហើយដង្ហែក្បួនឆ្លងកាត់មុខពួកគាត់។
នៅតាមដងផ្លូវចាប់តាំងពីព្រលានយន្តហោះ រហូតដល់ព្រះបរមរាជវាំង អ្នកចូលរូមដង្ហែព្រះបរមសព មានមនុស្ស ក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកកកុញឈរបណ្តាក់គ្នាតាមដងផ្លូវ [...]