ញឹក ប៊ុនឆៃ ប្រកាសមើលភ័ក្រទ្រង់ រណឫទ្ធិ មិនចំ
ភាសា«បង្រួបបង្រួម អ្នករាជានិយម» របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ទំនងជាមិនដូច ទៅនឹងភាសាបង្រួបបង្រួម ដែលចេញពីបបូរមាត់របស់លោក ញឹក ប៊ុនឆៃ នោះទេ។ ប្រសិនបើសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានស្នើឲ្យមានការផ្លាស់ប្ដូរ ឡូហ្គោ ឬស្លាកគណបក្សទាំងអស់ និងស្នើរសុំឲ្យកាត់បន្ថយចំនួនសមាជិក គណកម្មការនាយកគណបក្ស ពី ២៥៣នាក់ មកត្រឹមតែ ២៧នាក់ ដើម្បីអ្វីមួយ ដែលព្រះអង្គម្ចាស់មានបន្ទូលថា នឹងជួយឲ្យមានប្រសិទ្ធិភាព ក្នុងការងារនោះ តែសម្រាប់លោក ញឹក ប៊ុនឆៃ វិញ មិនគិតដូច្នេះទេ។
បំណងរបស់ព្រះប្រធានជាថ្មី នៃគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលធ្លាប់បានដើរចេញពីគណបក្ស អស់រយៈពេល៨ឆ្នាំនោះ ទំនងជានៅមានភាពប្រទាំងប្រទើស ជាមួយនឹងអតីតអគ្គលេខា និងត្រូវជាអនុប្រធានទីពីរ របស់ព្រះអង្គយ៉ាងខ្លាំងក្លានៅឡើយ។ ហើយនេះ ជាអ្វីដែលលោក ញឹក ប៊ុនឆៃ ខ្លួនលោកបានអះអាងដោយផ្ទាល់ នៅក្នុងសន្និសីទការសែតមួយ នៅគេហដ្ឋានរបស់លោក នាខណ្ឌជ្រោយចង្វារ [...]