អេង ឆៃអ៊ាង បំភ្លឺពី«ការមិនចេះអក្សរ»របស់មេឃុំថ្មី នៅស្រុក អូរយ៉ាដាវ
លោក ក្លាន ហ្វេស មេឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលទើបនឹងជាប់ឆ្នោតថ្មី មកពីគណបក្សសង្គ្រោះជាតិ កំពុងក្លាយជា«មុខសញ្ញាថ្មី» របស់ក្រុមអ្នករិះគន់ និងក្រុមអ្នកបន្ទរ នៅលើបណ្ដាញសង្គម តាមអ្វីមួយដែលពួកគេទាំងនេះ ហៅមេឃុំជាប់ឆ្នោតថ្មីរូបនោះ ថា«មិនចេះអាន» និងឡើងមកកាន់តំណែងជាមេឃុំ «ធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ»។
ក្រុមអ្នករិះគន់ ដែលភាគច្រើនលើសលប់ មាននិន្នាការមកពីគណបក្សប្រជាជនកម្ពុជា (CPP) ដែលកាន់អំណាចចាស់វស្សា នៅកម្ពុជា និងមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលគ្មានទទួលបាន តំណែងមេឃុំ-សង្កាត់ មួយសោះនោះ បានលើកយកវីដេអូឃ្លីបចំនួនពីរ ដែលបានថតជាប់ពីសម្លេងនិយាយ របស់លោក ក្លាន ហ្វេស មកបង្ហោះនៅលើបណ្ដាញសង្គម ហើយសរសេរចំអកបែប «ស្តាប់មេឃុំសោមធំ (ថ្មី) របស់គណបក្សសង្គ្រោះជាតិ (CNRP) ហើយ បើមិនដាច់ផ្ងារ ក៏ផ្កាប់មុខដែរ» និងរបៀបរើសអើងដូច្នេះ «ពុទ្ធោ! ហេតុអ្វីក៏មិនយកអ្នកចេះ [...]