ខៀវ កាញារីទ្ធ ប្រតិកម្មលើការបណ្តេញអ្នកសារព័ត៌មាន នៅទីសាធារណៈ
នេះជាលើកដំបូងហើយ ដែលរដ្ឋមន្ត្រីមួយរូប ចេញពីគណបក្សកាន់អំណាច បានសម្ដែងប្រតិកម្ម ទៅនឹងសកម្មភាព ទង្វើ ឬពាក្យសំដីរបស់មន្ត្រីណាម្នាក់ ដែលបានបណ្ដេញអ្នកសារព័ត៌មាន មិនឲ្យធ្វើការងាររបស់ខ្លួន នៅទីសាធារណៈ។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា គ្មានបុគ្គលណាម្នាក់ មានសិទ្ធិអំណាច ក្នុងការហាមឃាត់អ្នកសារព័ត៌មាន នៅទីសាធារណៈឡើយ។ ការលើកឡើងនេះ ជាការបាញ់ឆ្ពោះ ដោយមិនចំពោះ សំដៅមន្រ្តីសាធារណៈណា ដែលហាមឃាត់អ្នកសារព័ត៌មាន នៅទីសាធារណៈ ដែលអ្នកសារព័ត៌មានមានសិទ្ធិ ក្នុងការធ្វើការងាររបស់ខ្លួន ដូចមានចែង នៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន។
លោកបានបញ្ជាក់ថា សូម្បីបរិវេណ ឬទីកន្លែងរដ្ឋសភា ក៏ជាកន្លែងសាធារណៈដែរ ដូច្នេះអ្នកសារព័ត៌មាន មានសិទ្ធិក្នុងការសួរ និងយកព័ត៌មានបាន។ ចំណុចត្រង់នេះ ទំនងជាលោករដ្ឋមន្ត្រី ចង់សំដៅទៅលោក [...]