រដ្ឋាភិបាលកម្ពុជាសោកស្តាយ ចំពោះការប៉ះទង្គិចរវាងពលរដ្ឋកម្ពុជា-វៀតណាម
បន្ទាប់ពីហេតុការណ៍ប៉ះទង្គិច បានកើតឡើង កាលពីថ្ងៃអាទិត្យថ្ងៃទី២៨ ខែមិថុនា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ ឬសេចក្ដីប្រតិកម្មអ្វីនៅឡើយ ដោយរង់ចាំការអង្កេត ពីហេតុការណ៍នេះជាមុនសិន។ ប៉ុន្តែយ៉ាងហោចណាស់ រដ្ឋាភិបាលកម្ពុជា បានសម្ដែងការសោកស្ដាយ ដោយសារហេតុការណ៍ នៃអំពើហិង្សានេះ បានកើតឡើង ដោយមិនបានយកច្បាប់ជាតិ និងអន្តរជាតិ មកដោះស្រាយ តែបែរជាមាន ការប្រើនូវកម្លាំងបាយ បង្ករបួសស្នាមដូច្នេះ។
អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកដើមហេតុចំបង ដែលនាំឲ្យមានការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា៖ «យើងកំពុងតែតាមតានមើល ហើយស្វែងរកថា តើហេតុដូចម្តេចបានកើតរឿងហ្នឹង? ។ [...]