បារីស ជាប់ជាជើងឯកមុនចប់រដូវកាល បន្ទាប់ពីបំបាក់ ត្រ័រ ៩-០
បន្ទាប់ពីបង្ក្រាបក្រុម ឆែលស៊ី (Chelsea) ដើម្បីឡើងទៅប្រកួត នៅវគ្គ១/៤ នៃពានរង្វាន់ខ្នាតអ៊ឺរ៉ុប «Champions League» កាលពីដើមសប្ដាហ៍មុនរួច នៅរសៀលថ្ងៃអាទិត្យទី១៣ ខែមីនា ម្សិលម៉ិញនេះ ក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint Germain) ដែលជាក្រុម ប្រចាំឲ្យរដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ បានទទួលបាន«ជើងឯក» នៃរដូវកាល២០១៥-២០១៦ រួចជាស្រេច។ ការដណ្ដើមយកតំណែង ជាជើងឯកនេះ ស្ថិតក្នុងក្របខណ្ឌបាល់ទាត់អាជីព នៃការប្រកួតសន្សំពិន្ទុ សម្រាប់ពេញមួយរដូវកាល ដែលមានឈ្មោះថា «Ligue1» (ស្មើនឹង Premier Peague របស់អង់គ្លេស ឬ Liga របស់អេស្ប៉ាញ)។
ការប្រកួត នៅក្នុង «Ligue1» ទាំងមូលមាន៣៨ប្រកួត។ ប៉ុន្តែក្រុមប៉ារីស បានទទួលបានតំណែង ជាជើងឯក តាំងពីការប្រកួតទី៣០ រួចទៅហើយ។ ហេតុអ្វី? ព្រោះដោយសារក្រុមនេះ តែងទទួលបានជ័យជំនះ សឹងជារៀងរាល់ការប្រកួត (ចាញ់តែម្ដងគត់ គឺការប្រកួតជាមួយក្រុម លីយ៉ុង "Lyon" កាលពីថ្ងៃទី២៨ [...]