យន្ដហោះ AirAsia ទំនងជាចុះចតលើសមុទ្រសន្សឹមៗ មុនពន្លិចដោយរលកធំ
មិនមានការប៉ះទង្គិច ដូចជាការធ្លាក់បោកខ្លួនទៅលើផ្ទៃទឹកទេ។ តែយន្ដហោះបានលិចដោយសន្សឹមៗ ទៅក្នុងទឹក។ អ្នកបើកបរយន្ដហោះ បានសម្រេចបន្ទាបយន្ដហោះសន្សឹមៗ មកចុះចតនៅលើផ្ទៃសមុទ្រ មុននឹងតួយន្ដហោះចាប់ផ្ដើមលិចចូលទៅក្នុងទឹកយ៉ាងឆាប់រហ័ស ដែលទំនងជាមកពីរលកធំៗ នៃអាកាសធាតុដ៏អាក្រក់។ នេះជាការលើកឡើងរបស់អ្នកជំនាញជាច្រើននាក់ ដែលចូលរួមវិភាគ ក្នុងការរុករកយន្ដហោះ អ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុន អ៊ែអេសៀ ដែលជួបគ្រោះថ្នាក់ធ្លាក់ កាលពីថ្ងៃអាទិត្យទី ២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះ។
យន្ដហោះ អ៊ែរប៊ូស (Airbus A320-200) បានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) ហោះឆ្ពោះទៅកាន់ប្រទេសសាំងហ្គាពួរ។ បន្ទាប់ពីហោះបានរយៈពេល៤២នាទី មកដល់កណ្ដាលសមុទ្រហ្សាវ់ា (Java) [...]