រៀមច្បងគ្រួសារអាយុ១០ឆ្នាំ តែទម្ងន់តែ៣គ.ក និងដើរមិនទាន់រួច
បើប្រៀបធៀប ទៅនឹងប្អូនស្រីបង្កើត អាយុប្រាំឆ្នាំ ដែលមានទម្ងន់ ជាង១០គីឡូក្រាម ទៅហើយនោះ កុមារា យឿន សំណាង ជាកូនច្បងអាយុ១០ ពីគ្រួសារដែលមានបងប្អូន២នាក់ មានទំងន់តែ ២គីឡូក្រាមប៉ុណ្ណោះ។ កុមារា ដែលមានកាយសម្បទារមិនប្រក្រតីនេះ រស់នៅក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ហើយរហូតមកដល់ពេលនេះ កុមារាដ៏កំសត់ មិនទាន់អាចដើរបាន ឬមានសកម្មភាពអ្វី ដោយខ្លួនឯង បាននៅឡើយ ដោយអ្វីៗគ្រប់យ៉ាង ត្រូវបានអ្នកម្តាយ និងប្អូនស្រី ជាអ្នកមើលថែ និងធ្វើជំនួសទាំងអស់។
អ្នកស្រី កេង ចាន់គា ជាម្តាយក្នុងវ័យ៤៧ឆ្នាំ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ក្នុងជីវិតអាពាហ៍ពិពាហ៍គាត់ មានកូនពីរនាក់ កូនប្រុសច្បងឈ្មោះ យឿន សំណាង ខាងលើ ជាក្មេងចម្លែក មានរូបរាងតូចខុសធម្មតា ឯកូនទីពីរជាកូនស្រីឈ្មោះ យឿន ចាន់គីម អាយុ៥ឆ្នាំ មានកាយសម្បទា ដូចក្មេងស្រីទូទៅធម្មតា។ អ្នកស្រីបញ្ជាក់ថា [...]