ធ្លាក់យន្ដហោះ 4U9525 នៅបារាំង៖ ប្រអប់ខ្មៅរកឃើញ និងអ្វីដែលគេដឹង
តើយន្ដហោះ អ៊ែរប៊ូស (Airbus A320) ដែលល្បីថា មានសភាពនឹងនរ ជាងយន្ដហោះផ្សេងទៀត ក្នុងលោក អាចធ្លាក់បោកខ្លួន រហូតស្លាប់មនុស្សអស់ ១៥០នាក់ យ៉ាងដូចម្ដេច? នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ យន្ដហោះ របស់ក្រុមហ៊ុន ហ្សែរមេនវីន (Germanwings) ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បានភ្ជាប់ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយនឹងអ្នកដំណើរ ១៤៤នាក់ ព្រមទាំងបុគ្គលិកបម្រើលើយន្ដហោះ ៦នាក់។
យន្ដហោះ បានធ្លាក់បោកខ្លួន នៅក្នុងជ្រលងភ្នំ ដែលមានជញ្ជាំងខ្ពស់ៗ ហើយពិបាកនឹងអាចឲ្យគេ ចូលទៅសង្គ្រោះបាន ក្រៅតែពីប្រើឧទ្ធម្ភាគចក្រប៉ុណ្ណោះ។ ខាងក្រោមនេះ ជាអ្វីដែលក្រុមអ្នកស៊ើបអង្កេត បានបង្ហាញជាជំហានដំបូង៖
[...]