ករណីឃាតកម្ម ចេវ សុវឌ្ឍនា បញ្ចប់ត្រឹម ឡាយ វណ្ណៈ?
អតីតអភិបាលខេត្តតាកែវ និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តនេះ លោក ឡាយ វណ្ណៈ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្នុងខេត្តតាកែវ កាលពីរសៀលម្សិលម៉ិញ មុននឹងនាំខ្លួន មកដល់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ក្នុងយប់ថ្ងៃដដែល។ លោក ឡាយ វណ្ណៈ ទំនងជាជនសង្ស័យ ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងករណីអ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានរកឃើញស្លាប់ ដោយមានខ្សែចងក នៅក្នុងគេហដ្ឋានមួយ ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា។
លោក ឡាយ វណ្ណៈ ត្រូវបានលោក សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងពីអភិបាលខេត្តតាកែវ កាលពីថ្ងៃចន្ទសប្តាហ៍មុន។ លោកត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីលោក វណ្ណៈ បានចេញពីពិធីផ្ទេរតំណែងរបស់លោក ពីប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្ត ទៅឲ្យលោក អ៊ូច ភា ដែលជាអភិបាលខេត្តថ្មី។ [...]