ឌុយតែតេ រងបណ្ដឹងពីបទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»
មេធាវីជាតិហ្វីលីពីនមួយរូប បានដាក់ពាក្យបណ្ដឹង ប្ដឹងចោទប្រធានាធិបតី នៃកោះហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ ចំនួន១១នាក់ទៀត ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស «ICC» និងភាសាបារាំង «CPI» កាលពីថ្ងៃចន្ទម្សិលម៉ិញ។ លោកមេធាវី «Jude Sabio» បានចោទមេដឹកនាំទាំងនេះ ពីបទ«ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ជុំវិញយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការជួញដូរ-សេពគ្រឿងញៀន តាំងពីពេលកន្លងមក រហូតមកដល់សព្វថ្ងៃ។
នៅក្នុងពាក្យបណ្ដឹង ដែលមានកម្រាស់៧៧ទំព័រ លោកមេធាវីបានអះអាងថា លោក រ៉ូឌ្រីចូ ឌុយតែតេ បានប្រព្រឹត្តិទង្វើឧក្រិដ្ឋជាច្រើន ប្រឆាំងនឹងមនុស្សជាតិ ដោយមានលក្ខណៈដដែលៗ និងជាបន្តរហូត។ ពាក្យបណ្ដឹងបានសរសេរថា ជាមួយនឹងបញ្ជារបស់លោក ឌុយតែតែ ការកាប់សម្លាប់មនុស្ស ដែលជាជនសង្ស័យ នៅក្នុងរឿងរ៉ាវទាក់ទងនឹងគ្រឿងញៀន [...]