មតិពលរដ្ឋប៉ែកពាយព្យប្រទេស ជុំវិញការស្លាប់របស់ អៀង សារី
ប្រជាពលរដ្ឋខ្មែរជាទូទៅ នៅតំបន់ប៉ែកពាយព្យនៃប្រទេសកម្ពុជា ពុំបានដឹងពីការស្លាប់ របស់លោក អៀង សារី នោះទេ។ ប៉ុន្តែពលរដ្ឋមួយចំនួន ដែលដឹង បានបញ្ចេញមតិទាក់ទងនឹងភាពយុត្តិធម៌ ថា«មិនទាន់មាន» សម្រាប់ជនរងគ្រោះស្លាប់ជិតពីរលាននាក់ នៅក្នុងរបប ដែលលោកគ្រប់គ្រងនោះនៅឡើយ។ ពួកគាត់បានគិតថាការស្លាប់នេះ ជាផ្នែកមួយធ្វើឲ្យបាត់ នូវ«ភស្តុតាង»ដ៏សំខាន់ ក្នុងការស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះក្នុងរបបអាវខ្មៅមួយនេះ។
លោកអៀង សារី។
ក្នុងដំណើរទៅធ្វើបទយកការណ៍ នៅក្នុងតំបន់នេះ អ្នកសារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានធ្វើសម្ភាសតាមផ្លូវ ជាហូរហែរ ដើម្បីចង់ដឹងពីប្រតិកម្មរបស់ពលរដ្ឋខ្មែរ ជុំវិញមរណភាពរបស់អតីត លោកអៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
[...]