ក្រុមរដ្ឋមន្ត្រីការបរទេសនឹងសម្រេចឲ្យអ៊ឺរ៉ុប ដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា
ប្រភពច្បាស់ការមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅល្ងាចថ្ងៃសៅរ៍ ទី ២៤ ខែកុម្ភៈនេះ បានអះអាងថា ក្រុមរដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសក្នុងសហភាពអ៊ឺរ៉ុប នឹងធ្វើការជួបប្រជុំគ្នា នៅថ្ងៃចន្ទទី២៦ ខែកុម្ភៈខាងមុខនេះ នារាជធានី ប្រ៊ុយស៊ែល ប្រទេសប៊ែលហ្សិក ដើម្បីសម្រេចជាឯកច្ឆន្ទ ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចអ៊ឺរ៉ុប អនុវត្តទណ្ឌកម្មទាំងឡាយ ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ។
កាលពីម្សិលម៉ិញ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងថា កិច្ចប្រជុំកំពូលនោះ ដែលនឹងធ្វើឡើង ក្នុងក្របខណ្ឌក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេស នៃសហភាពអ៊ឺរ៉ុប (Conseil Affaires Etrangères) ក៏មានវត្តមានចូលរួម របស់លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រុមរដ្ឋមន្ត្រី នៃបណ្ដាប្រទេសនៅអ៊ឺរ៉ុប [...]