ព្យុះហយាត្រា«មាន បញ្ហា» នៅក្នុងបុណ្យជាតិបារាំង ១៤កក្កដា

យន្ដហោះដែលហោះ នៅលើក្បួនព្យុះហយាត្រា ត្រូវបញ្ចេញផ្សែងដើម្បីឲ្យត្រូវតាមពណ៌ របស់ទង់ជាតិបារាំង ខៀវ-ស-ក្រហម។ តែបញ្ហាបច្ចេកទេស នៃផ្សែងបង្ហុយពីក្រោយយន្ដហោះ បែរជាបង្ហាញឲ្យអ្នកផង មើលឃើញថា ទង់ជាតិបារាំងមានពណ៌ ក្រហម-ខៀវ-ស-ក្រហម ដូចបានបង្ហាញ ក្នុងរូបថតខាងក្រោម។ បញ្ហា មិនមែនមានតែមួយ នេះទេ!
ព្យុះហយាត្រា«មាន បញ្ហា» នៅក្នុងបុណ្យជាតិបារាំង ១៤កក្កដា
យន្ដហោះខាងឆ្វេងដៃបំផុតនេះ ត្រូវបង្ហុយផ្សែងពណ៌ខៀវ តែ... ជាកំហុសដោយអចេតនា បើតាមកងទ័ពជើងអាកាសបារាំង។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 15, 2018
  • ប្រធានបទ: ១៤កក្កដា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃសៅរ៍នេះ បុណ្យជាតិបារាំង ១៤កក្កដា ដែលមានក្បួនព្យុះហយាត្រា នៃកងកម្លាំងយោធា-នគរបាល-អាវុធហត្ថ​ដ៏ហំហាន មាន​ពោរពេញ​ដោយបញ្ហាជាច្រើន។ ហើយវាមិនមែនជាបញ្ហាតូចតាចទេ ឬអាចលាក់បាំងបានទេ តែវាជាបញ្ហាដែលអ្នកផងបានឃើញ ដោយផ្ទាល់ភ្នែក និងនៅនឹងមុខប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នោះតែម្ដង។

បញ្ហាទីមួយ ដែលសំខាន់ជាងគេ គឺការបង្ហុយផ្សែងដែលជាតំណាងឲ្យពណ៌បីឆ្នូត របស់ទង់ជាតិបារាំង ខៀវ-ស-ក្រហម។ ជាការខកចិត្តសម្រាប់អ្នកផង ដែលចង់ឃើញយន្ដហោះទាំង៩ បង្ហុយផ្សែងពីខាងក្រោយ ដោយ ៣-៣ ស្មើគ្នា៖ គឺយន្ដហោះបីគ្រឿង បង្ហុយមួយពណ៌។ តែនេះ យន្ដហោះនៅខាងឆ្វេងដៃបង្អស់ ដែលត្រូវបង្ហុយផ្សែងពណ៌ខៀវ ដើម្បីបង្គ្រប់យន្ដហោះបី សម្រាប់ផ្សែងមួយពណ៌នោះ បែរជាបង្ហុយផ្សែងពណ៌ក្រហមទៅវិញ ធ្វើឲ្យទង់ជាតិបារាំង មានពណ៌ដល់ទៅ​បួនឆ្នូត ក្រហម-ខៀវ-ស-ក្រហម។

ក្រោយបញ្ហាខាងលើ ត្រូវបានបញ្ចាំងផ្ទាល់ តាមកញ្ចក់ទូរទស្សន៍រួច ពាក្យចចាមអារាមខ្លះ បានអះអាងថា យន្ដហោះបង្ហុយពណ៌ក្រហមតែឯងនោះ ចង់ឧទ្ទិសពណ៌ឈាម ជូនទៅឲ្យយុទ្ធជនបារាំង ដែលទើបនឹងពលីជីវិត កាលពីពេលថ្មីៗ។ តែកងទ័ពជើងអាកាសបារាំង បានចេញមុខមកច្រានចោល ពាក្យចចាមអារាមនោះ និងបានទទួលស្គាល់ថា វាពិតជាកំហុសដោយអចេតនា របស់អ្នកចាប់ឧបករណ៍បង្ហុយផ្សែង នៅនឹងកន្ទុយយន្ដហោះ ដែលច្រឡំពណ៌។

រីឯបញ្ហាមួយទៀត គឺម៉ូតូនគរបាលចំនួនពីរគ្រឿង ដែលត្រូវបានបើកបរ​ធ្វើព្យុះហយាត្រា នៅខាងមុខវេទិការប្រធានាធិបតី បានបុកគ្នាដួលច្រងាប់ច្រងិល នៅកណ្ដាលវាល។ សំណាងហើយ ដែលវាមិនមែនជាគ្រោះថ្នាក់ធំដុំ ហើយយានយន្ដទាំងពីរ សុទ្ធសឹងជាសម្ភារៈរបស់នគរបាល... គេស្រមៃថា ប្រសិនជាបញ្ហានេះ ជាគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពលរដ្ឋធម្មតាវិញ...

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...