ប្រធានាធិបតី​បារាំង​ជួប ហ៊ុន សែន ដើម្បី​ជំទាស់​ពី​ដំណើរការ​បោះឆ្នោត​ជាតិ ខែ​កក្កដា?

ទស្សនាវដ្ដី-សារព័ត៌មានដ៏ធំមួយ របស់ប្រទេសបារាំង បានអះអាងថា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នឹងមានឱកាស​ជួបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្រុងញ៉ូយក សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីជំហរបារាំង ក្នុងការជំទាស់ពីដំណើរការបោះឆ្នោតជាតិ ខែកក្កដាកន្លងមក។ តែបើតាមរបៀបវារៈផ្លូវការ ដែលទស្សនាវដ្ដីមនោរម្យ.​អាំងហ្វូ បានចូលទៅពិគ្រោះ មិនឃើញមានជំនួបណាមួយ រវាងរដ្ឋបុរសទាំងពីរទេ។
ប្រធានាធិបតី​បារាំង​ជួប ហ៊ុន សែន ដើម្បី​ជំទាស់​ពី​ដំណើរការ​បោះឆ្នោត​ជាតិ ខែ​កក្កដា?
ពីឆ្វេងទៅស្ដាំ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 28, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដី-សារព័ត៌មាន «Paris Match» ដ៏ធំរបស់ប្រទេសបារាំង បានចុះផ្សាយកាលពីសប្ដាហ៍មុនថា នៅក្នុងឱកាសនៃមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងក្រុងញ៉ូយក សហរដ្ឋអាមេរិក ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងមានឱកាសជួបលោក ហ៊ុន សេន ដើម្បីសំដែង ពីការជំទាស់របស់ប្រទេសបារាំង ចំពោះដំណើរការ នៃការបោះឆ្នោតជាតិ​ចុងក្រោយបំផុត ក្នុងប្រទេសកម្ពុជា ដែលបានប្រព្រឹត្តិទៅ កាលពីខែកក្កដាកន្លងទៅ។

សារព័ត៌មានបារាំង បានអះអាងដូច្នេះ នៅក្នុងអត្ថបទមួយរបស់ខ្លួន ដែលមានចំណងជើងថា «សេចក្ដីអំពាវនាវ របស់បណ្ដាជនខ្មែរ ទៅកាន់ អេម៉ានុយអែល ម៉ាក្រុង»។ អត្ថបទនោះ បានលើកមកនិយាយ ពីបាតុកម្មរបស់ពលរដ្ឋខ្មែរ និងពលរដ្ឋមានដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តិទៅ កណ្ដាលរដ្ឋធានីប៉ារីស (ប្រទេសបារាំង) កាលពីដើមខែកញ្ញា និង​ពីញត្តិមួយ របស់ក្រុមបាតុករទាំងនោះ ទៅកាន់លោក ម៉ាក្រុង ស្នើឲ្យបណ្ដាប្រទេសមហាអំណាច កុំទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតមួយ ដែលពួកគេទាំងនោះ អះអាងថា ជាការបោះឆ្នោតបោកបន្លំ ដើម្បីគ្រាន់តែបន្តអំណាចឲ្យលោក ហ៊ុន សែន ប៉ុណ្ណោះ។

«Paris Match» បានសរសេរថា៖ «ប្រទេសបារាំង មានតួនាទីការទូត សម្រាប់ស្វែងរកដំណោះស្រាយ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលស្ថិតនៅក្នុងអំណាច តាំងពី៣៣ឆ្នាំ ដោយគ្មានសម្លេងពហុបក្ស បានប្រកាសថា លោកនឹងឡើងថ្លែង ក្នុងពេលខាងមុខ នៅលើវេទិការ របស់អង្គការសហប្រជាជាតិ នាទីក្រុង​ញ៉ូយក។ ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងមានឱកាស ដើម្បីសំដែងការជំទាស់ របស់ប្រទេសបារាំង ទៅលើដំណើរការ នៃការបោះឆ្នោតជាតិចុងក្រោយបង្អស់ របស់ប្រទេសកម្ពុជា ដែលបានប្រព្រឹត្តិទៅ កាលពីខែកក្កដាកន្លងមក។»។ 

ផ្ទុយទៅវិញ នៅក្នុងរបៀបវារៈផ្លូវការ របស់វិមានអេលីហ្សេ (Elysee - វិមានប្រធានាធិបតីបារាំង) ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ មិនឃើញមានលំអិត ពីគម្រោងជំនួបណាមួយ រវាងប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកម្ពុជា នៅបូរីញ៉ូយកនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ដំណើររបស់រដ្ឋបុរសទាំងពីរ ទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក៏មានលក្ខណៈជ្រួសផ្លូវគ្នាដែរ។ លោក អេម៉ានុយអែល ម៉ាក្រុង មានវត្តមាននៅសហរដ្ឋអាមេរិក ពីរថ្ងៃ គឺថ្ងៃអង្គារ ទី២៥ និងថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ខណៈលោក ហ៊ុន សែន ទើបនឹងទៅដល់ក្រុង ញ៉ូយក នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានវត្តមាន នៅលើទឹកដី​សហរដ្ឋ​អាមេរិក រហូតដល់ព្រឹកថ្ងៃអាទិត្យ។

យ៉ាងណា រដ្ឋាភិបាលបារាំង តាមរយៈនាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារដ៍ ហ្វីលីព (Edouard Philippe) បានផ្ញើរលិខិតមួយច្បាប់រួចហើយ ទៅកាន់លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ដែលអះអាង ពីការត្រៀមរបស់ប្រទេសបារាំង ដើម្បី«គាំទ្រការកសាងប្រទេស​កម្ពុជា​មួយ ប្រជាធិបតេយ្យ សន្តិភាព និងប្រកបដោយការអភិវឌ្ឍរួមគ្នា»។

នៅក្នុងលិខិតនោះ នាយករដ្ឋមន្ត្រីបារាំងបានប្រើភាសាការទូត ថ្លែងស្វាគមន៍ការដោះលែងថ្មីៗ នៃក្រុមអ្នកជាប់ឃុំទាំងឡាយ ដែលត្រូវបានចាត់ទុកថា ជាការជាប់ឃុំ ក្រោមមូលហេតុនយោបាយ។ លោក អេឌូអារដ៍ បានសរសេរបន្ត ទៅលោក ហ៊ុន សែន ថា៖ «ប្រទេសបារាំងនឹងគាំទ្រ ការខិតខំប្រឹងប្រែងរបស់លោក (ហ៊ុន សែន) នៅក្នុងការបន្ត​កិច្ចសន្ទនា ​ដោយ​ចំហ និងដោយ​ស្ថាបនា ​ជាមួយ​តួអង្គ​នានា នៅក្នុងជីវិតនយោបាយ​ ក៏ដូចជាអង្គការ​សង្គម​ស៊ីវិល និង​សាព័ត៌មាន»។​

ញត្តិចុះថ្ងៃទី១​ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមបារតុករខ្មែរ នៅក្នុងប្រទេសបារាំង និងនៅទ្វីបអ៊ឺរ៉ុប បាន​សរសេរ​ថា៖ «ជាថ្មីម្ដងទៀត ប្រជាជន​​កម្ពុជា ត្រូវការជំនួយ​អន្តរជាតិ ជាបន្ទាន់ ដើម្បីអាច​ឲ្យប្រទេសកម្ពុជា វិលត្រឡប់​មករក មាគ៌ាប្រជាធិបតេយ្យ សេរី​ពហុបក្ស និងនីតិរដ្ឋ ដែលធានា​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១»។

ក្រុមបាតុករ បានសរសេរ​ទៅកាន់​ប្រធានាធិបតី​បារាំង ដោយ​ទាមទារ​ឡើង​ថា៖ «ក្នុងស្ថានភាពបែបនេះ យើងស្នើសុំ (១) ឲ្យប្រទេសមហាអំណាចប្រជាធិបតេយ្យទាំងអស់ កុំទទួលស្គាល់​រដ្ឋាភិបាលកម្ពុជាថ្មី ដែលកើតចេញ ពីការបោះឆ្នោតបោកបន្លំ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ (២) ឲ្យប្រទេសទាំងនោះ ដាក់ទណ្ឌកម្មរួមគ្នា ឲ្យបានខ្លាំងបំផុត ចំពោះទង្វើ​របស់រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីបង្ខំឲ្យ​លោក ហ៊ុន សែន (A) ត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ (B) ត្រូវដោះលែង ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត និង(C) ត្រូវរៀបចំការបោះឆ្នោត សារជាថ្មី ដែលមានលក្ខណៈសេរី យុត្តិធម៌ សម្រាប់គ្រប់ភាគី និងស្ថិតក្រោម​ការត្រួតពិនិត្យ របស់សហគមន៍អន្តរជាតិ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...